ភ្នំពេញៈ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) លោក ក្លូស ស្វប់ (Klaus Schwab) កត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងប្រសើរ។
ការវាយតម្លៃរបស់ស្ថាបនិក WEF បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក និងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមលទ្ធផលនៃជំនួបនេះ លោកក្លូស ស្វប់ បានថ្លែងថា តាមរយៈការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីឆ្នាំមុន លោកបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងមានសក្តានុពល និងរីកលូតលាស់ទៅមុខយ៉ាងប្រសើរ។
លោកក៏បានប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ ពីគោលបំណងដែលស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោកចង់បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការកោតសរសើរ និងគោលដៅដែលវេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវនឹងរបៀបវារៈរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលរដ្ឋាភិបាលបានដាក់ចេញ។
តាមរយៈលទ្ធផលជំនួបដដែលនេះ បានបញ្ជាក់ថា ៖ «សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះតួនាទីដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈនិងវិស័យឯកជន ក៏ដូចជាពាំនាំសមិទ្ធផលរបស់រដ្ឋាភិបាល និងសក្តានុពលកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ»។
ជាមួយគ្នានោះដែរ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានអញ្ជើញលោកហ៊ុន ម៉ាណែត ទៅចូលរួមក្នុងវេទិការបស់ខ្លួនដែលនឹងធ្វើឡើងនៅទីក្រុងដាវ៉ូស(Davos) ប្រទេសស្វ៊ីស ក្នុងពេលឆាប់ៗខាងមុខ ខណៈភាគីកម្ពុជាថា នឹងពិនិត្យលទ្ធភាពក្នុងការចូលរួម។
ពាក់ព័ន្ធបញ្ហានេះ លោកហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រសើរឡើង ពីប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ទំនងយកតួលេខពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារពិភពលោក(World Bank) និងស្ថាប័នហិរញ្ញវត្ថុនានាបូករួមស្ថាប័នជាតិកម្ពុជា ដែលជាស្ថាប័នអាចជឿទុកចិត្តបាន។
លោកថា ខណៈកម្ពុជាបានវិវឌ្ឍជាសហវិជ្ជមានលើការអភិវឌ្ឍវិស័យនានា ដូចជាពាណិជ្ជកម្ម កំណើនវិនិយោគបរទេស ទេសចរណ៍ ជាពិសេសកម្ពុជាមានយន្តការពង្រឹងសេដ្ឋកិច្ចដូចជាអាស៊ាន អាសិប(RCEP) ជាដើម។
លោកហុង វណ្ណៈ និយាយថា៖ «ទាំងការរៀបចំផ្ទៃក្នុង ទាំងកំណែទម្រង់ ភាពទាក់ទាញការវិនិយោគ ការពង្រឹងធនធានមនុស្ស ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីផ្សារថ្មីៗ ទាំងអស់នេះ ដែលធ្វើឱ្យដំណើរវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាមានសម្ទុះកំណើន នឹងនរ មិនថមថយ»៕