ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ សូកេន បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រសួងទេសចរណ៍​ ត្រូវខិតខំ​សហការ​ជាមួយ​ក្រសួង​/​ស្ថាប័ន​ ពាក់ព័ន្ធ ក៏ដូចជា​ផ្នែក​ឯកជន​ ក្នុង​វិស័យ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​នានា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ ក្លាយជា​គោលដៅ​ទេសចរណ៍​ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​ កាន់តែច្រើន ​នាពេលខាងមុខ​។​

​ការលើកឡើង​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​លោក សុខ សូកេន បាន​លើកឡើងថា ក្នុងនាម​ជា​មន្ត្រីរាជការ​ក្រសួងទេសចរណ៍ គឺ​គ្រប់គ្នា​ត្រូវតែ​ខិតខំ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជាពិសេស​ត្រូវខិតខំ​ពង្រឹងសមត្ថភាព ជំនាញ និង​ទេពកោសល្យ​របស់ខ្លួន​ឱ្យបាន​សមស្រប ដើម្បី​ចូលរួម​ជំរុញ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើបៗ ក្នុងការ​ប្រតិបត្តិការ​ការងារ​។​

​លោក​បន្តថា​៖«​ជាមួយគ្នានេះ​ក៏ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​ការពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាពរស់រវើក និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការវិវឌ្ឍ​របស់​វិស័យ​ទេសចរណ៍​ឱ្យបាន​ទាន់ពេលវេលា​ផងដែរ​»​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​អង្គរ​លោក ​ខៀវ ​ធី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​៦ ខែកញ្ញា​ថា ផ្នែក​ឯកជន​ពិតជា​រីករាយ ​ក្នុងការ​សហការ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​នានា និង​អភិវឌ្ឍ​រមណីយដ្ឋាន​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ ឱ្យមក​កម្សាន្ត​កម្ពុជា​ បាន​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ ទោះបី​គ្រប់​ប្រទេស​លើ​ពិភពលោក ​បាន​ដកចេញ​វិធានការ​កូ​វីដ​១៩ ហើយក៏​ដោយ ក៏​ចំនួន​ភ្ញៀវទេសចរ​បរទេស ​ដែល​មក​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា ​គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​មុន​ឆ្នាំ​២០១៩ ពិសេស​ភ្ញៀវ​មកពី​ប្រទេស​ឆា្ង​យៗ​។ លោក​បន្ថែមទៀតថា ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​ខ្លាំង​លើ​ពិភពលោក កម្ពុជា​ក៏បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មន្ទីរពេទ្យ និង​តំបន់​កម្សាន្ត​ជាច្រើន​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖«​ផ្នែក​ឯកជន​ពិតជា​ចង់ឃើញ​មាន​ភ្ញៀវ​បរទេស​ច្រើន​ ធ្វើដំណើរ​មក​កម្ពុជា ដោយ​យើង​បាន​ត្រៀម​ផ្តល់​សេវាកម្ម​ដ៏​ល្អ​ សម្រាប់​ពួកគេ​»​។ លោក​ប្រាប់ទៀតថា​៖«​ទោះយ៉ាងណា​ចំនួន​ភ្ញៀវទេសចរ​បរទេស​ ដែល​ធ្វើដំណើរ​មក​កម្ពុ​ជា នារ​យៈ​ពេល​ប៉ុន្មាន​ខែ​មកនេះ គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ធៀប​នឹង​មុន​មាន​វិបត្តិ​កូ​វីដ​១៩»​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២២, ឆមាស​ទី​១ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២៣-២០២៤ កាលពី​ខែមិថុនា ឆ្នាំ​២០២៣ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ នេះ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៤,៥​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក​ប្រមាណ ១៦ លាន​នាក់​។​

​របាយការណ៍​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ ឆ្នាំ​២០២៣ នេះ កម្ពុជា ​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣,០៣​លាន​នាក់ កើនឡើង ៣០៨,៥​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ចំនួន ៧៤៣ ៤៥៩​នាក់​។ ក្នុងចំណោម​ភ្ញៀវ​ខាងលើ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម បាន​គ្របដណ្តប់ ៥១,៩​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប ដោយ​ភ្ញៀវ​ថៃ មាន​ចំនួន ១ ០២៨ ០២០​ នាក់ (​ស្មើ ៣៣,៨​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ៣៣១,២​ ភាគរយ និង​វៀតណាម មាន​ចំនួន ៥៥១ ១៥៦​ នាក់​(១៨,១​ ភាគរយ​) កើនឡើង ១៩០,៤​ ភាគរយ​៕