ភ្នំពេញ: លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យមេដឹកនាំអាស៊ានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាការវិនិយោគលើកំណែទម្រង់ជំរុញកំណើនដ៏រឹងមាំ ដើម្បីការស្ទុះងើបឡើងវិញយ៉ាងពេញលេញ និងបន្តនៅលើផ្លូវកំណើនដូចមុនការរីករាលដាលជំងឺកូវីដ ១៩ ឆ្ពោះទៅរកភាពរីកចម្រើន ចំពេលមានការធ្លាក់ចុះចក្ខុវិស័យសកល។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៥ ខែកញ្ញា លោកស្រី Kristalina បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់វិបត្ដិអវិជ្ជមានជាបន្តបន្ទាប់ដូចជា ការរីករាលដាលជំងឺ សង្គ្រាម ព្រឹត្តិការណ៍អាកាសធាតុ និងវិបត្តិតម្លៃនៃការរស់នៅ ហើយការស្ទុះងើប ឡើងវិញពីវិបត្តិទាំងនេះនៅតែបន្ត។ ប៉ុន្តែវាមានល្បឿនយឺតនិងមិនស្មើគ្នានោះទេ។ ទិន្នផលសកលរាប់ពាន់ពាន់លានដុល្លារត្រូវបានបាត់បង់ បើធៀបនឹងនិន្នាការមុនការរីករាលដាលជំងឺជាសកល។
លោកស្រីបន្តថា ប្រទេសសំខាន់ៗមួយចំនួនមានតែអាមេរិកប៉ុណ្ណោះដែលបានស្ទុះងើបឡើងវិញយ៉ាងពេញលេញ។ តំបន់អឺរ៉ូនៅតែមានកំណើនប្រហែល ២ ភាគរយ ខណៈពេលប្រទេសចិន និងបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនផ្សេងទៀត និងប្រទេសកំពុងអភិវឌ្ឍន៍មានប្រហែល ៥ ភាគរយទាបជាងការរំពឹងទុក និងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបបានជួបការលំបាកកាន់តែខ្លាំង។
ទន្ទឹមនឹងនេះ អាស៊ាននៅតែមានភាពធន់នឹងកត្តាខាងក្រៅ ខណៈដែល IMF បានព្យាករថា តំបន់នេះមានកំណើនប្រហែល ៤,៥ ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ។ បណ្តាប្រទេសអាស៊ានកំពុងរួមចំណែក ១០ ភាគរយដល់កំណើនសេដ្ឋកិច្ចពិភពលោក ដែលច្រើនជាង ២ ដងក្នុងសេដ្ឋកិច្ចពិភពលោក។
លោកស្រីបានលើកឡើងថា៖ «អាស៊ានត្រូវការកំណើនកាន់តែរឹងមាំជាងមុន ដើម្បីការស្ទុះងើបឡើងវិញយ៉ាងពេញលេញ និងបន្តនៅលើផ្លូវដូចមុនការរីករាលដាលជំងឺ ឆ្ពោះទៅរកការរីកចម្រើន។ នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ប្រសិនបើពិភពលោកត្រូវបំបែកទៅជាប្លុកសេដ្ឋកិច្ចគ្នា ការណ៍នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ល្បឿនសេដ្ឋកិច្ច ដូចអាស៊ាន។ ដូច្នេះវាចាំបាច់ណាស់ដែលយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ»។
លោកស្រីបានផ្តល់អនុសសន៍ថា អ្នកបង្កើតគោលនយោបាយគួរតែផ្តោតលើអាទិភាពសំខាន់ ២ ទី១ វិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិ «ដែលនេះមានន័យថា ការជំរុញទប់ទល់នឹងកម្លាំងនៃការបែងចែក។ អាស៊ានអាចជាឧទាហរណ៍មួយ និងជាការតស៊ូមតិមួយ សម្រាប់ផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ហើយអ្នកអាចពឹងផ្អែកលើ IMF ជាដៃគូរបស់អ្នកក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះជាមួយនឹងសមាជិករបស់យើង»។
ទី២ វិនិយោគលើកំណែទម្រង់កំណើន។ នៅក្នុងបរិយាកាសដែលមានចក្ខុវិស័យកំណើនមធ្យមខ្សោយ កំណែទម្រង់ក្នុងស្រុកមានសារៈសំខាន់ណាស់ មានន័យថា វិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដូច្នេះមានសារៈសំខាន់ណាស់ក្នុងការធានាថា បច្ចេកវិទ្យាថ្មីដំណើរការសម្រាប់ប្រជាជនរបស់អ្នក។
ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវ ដើម្បីបង្កើតការទប់ទល់នឹងវិបត្តិ និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងធ្វើឱ្យមានវឌ្ឍនភាពបន្ថែមទៀតលើអាកាសធាតុ និងការផ្លាស់ប្តូរថាមពល រួមទាំងតាមរយៈការជំរុញហិរញ្ញវត្ថុបៃតង និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីអនុវត្តការងាររបស់ខ្លួន។ នេះបើយោងតាម លោកស្រី Kristalina។
លោក ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ានឆ្នាំ ២០២៣ នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ៤ ខែកញ្ញាបានថ្លែងថា ក្នុងបរិបទតំបន់ និងពិភពលោកបច្ចុប្បន្ន ដើម្បីសម្រេចបាននូវវិបុលភាពរួមជាការចាំបាច់ដែលការពង្រឹង និងការធ្វើឱ្យស៊ីជម្រៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមចំណែកបន្ថែមទៀតដល់ការភ្ជិតគម្លាតនៃការអភិវឌ្ឍនៅក្នុងអាស៊ានខ្លួនឯង។
លោកបន្តថា៖ «ដើម្បីសម្រេច បាននូវចក្ខុវិស័យនេះ អាស៊ានត្រូវតែខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវការបញ្ចប់ទាន់ពេលវេលានៃការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានដែលកាន់តែប្រសើរ សម្លឹងឆ្ពោះទៅមុខបន្ថែមទៀត»។
លោកថា អាស៊ានគួរតែប្រើប្រាស់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ឲ្យបានយ៉ាងពេញលេញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូសន្ទនាអាស៊ានទាំងអស់។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានចង្អុលបង្ហាញថា អាស៊ានគួរតែទាញយកអត្ថប្រយោជន៍ពេញលេញពីការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់ តាមរយៈការពន្លឿនបរិវត្តកម្មឌីជីថលអាស៊ានប្រកបដោយបរិយាប័ន្ន លើកកម្ពស់ការចូលរួមរបស់ MSMEs នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
រដ្ឋាភិបាលកម្ពុជាបានព្យាករជាមូលដ្ឋានរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះក្នុងកម្រិត ៥,៦ ភាគរយ៕