ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លោក គិត ម៉េង បានលើកឡើងថា អាស៊ានត្រូវជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់រវាងប្រទេសជាសមាជិកអាស៊ាន និងសមាជិកកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យមានប្រសិទ្ធភាព ខណៈ RCEP បានគ្រប់គ្រងប្រមាណ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ក្នុងកិច្ចពិភាក្សាតុមូល កាលពីថ្ងៃទី ៦ ខែកញ្ញា ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្រោមប្រធានបទ ជំរុញសក្តានុពលអាស៊ានតាមរយៈ RCEP ដែលមានការចូលរួមពីលោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី និងតំណាងវិស័យឯកជន ព្រមទាំងប្រធានក្រុមហ៊ុនបណ្តាប្រទេសសមាជិក RCEP នៅក្នុងឱកាសអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោក គិត ម៉េង បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្ម គឺជារឿងសំខាន់សម្រាប់គ្រប់ប្រទេសលើពិភពលោក ហេតុនេះក្នុងនាមប្រទេសសមាជិកអាស៊ាន និងសមាជិក RCEP ប្រទេសសមាជិកទាំងអស់ត្រូវតែស្វែងរកនូវគន្លឹះសំខាន់ៗដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ព្រមទាំងត្រូវខិតខំប្រើប្រាស់ធនធានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោកនិយាយថា៖ «ការបន្ស៊ីគោលនយោបាយរបស់ប្រទេសសមាជិកអាស៊ានឱ្យស៊ីសង្វាក់គ្នា និងសាមគ្គីគ្នា គឺត្រូវធ្វើការរួមគ្នាដើម្បីផលប្រយោជន៍អាស៊ាន។ ទីផ្សារ RCEP មានទំហំធំ ប៉ុន្តែប្រសិនបើប្រទេសសមាជិកអាស៊ានមិនអាចជ្រៀតចូលទីផ្សារប្រទេសធំៗបានទេ នោះកិច្ចព្រមព្រៀង RCEP នឹងមិនមានគុណតម្លៃឡើយ»។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស ដោយ ១០ ប្រទេសជាសមាជិកអាស៊ាន រួមជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ RCEP បានចូលជាធរមាននៅកម្ពុជាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសសមាជិក RCEP មានចំនួន ១៤ ៨១១ លានដុល្លារ ធ្លាក់ចុះ ៩ ភាគរយ ធៀបឆមាសទី ១ ឆ្នាំ ២០២២។ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយសមាជិក RCEP គឺស្មើ ៦២,៥ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលមាន ២៣ ៦៩៣ លានដុល្លារ។
ក្នុងចំនួនខាងលើ គឺទំនិញកម្ពុជានាំទៅប្រទេសទាំង ១៤ (ដកកម្ពុជា) ដែលជាសមាជិក RCEP មានចំនួន ៤ ០៧១ លានដុល្លារកើន ២៤,០៧ ភាគរយ និងទំនិញកម្ពុជានាំចូលពីបណ្តាប្រទេសសមាជិក RCEP មានចំនួន ១០ ៧៤០ លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាលពីខែកក្កដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចពិភពលោកដែលទើបកើតមានថ្មីៗបណ្តាលពីជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ... និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងទិញនៅលើទីផ្សារធំៗធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកបន្តថា ទោះយ៉ាងណា ដោយសារកម្ពុជាជាប្រទេសសមាជិក RCEP ដូច្នេះកំណើនការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖ «RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។
យោងតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង RCEP គ្របដណ្តប់ប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃប្រជាជនពិភពលោក និងមានទំហំផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕