នាប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការសាងសង់ផ្ទះត្រចៀកកាំ មានកំណើនគួរឱ្យកត់សម្គាល់ ខណៈដែលសម្បុកត្រចៀកកាំ ជាប្រភេទអាហារដែលមានតម្លៃថ្លៃ និងមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព។ មូលហេតុនេះហើយ បានធ្វើឱ្យតម្រូវការនៃសម្បុកត្រចៀកកាំ មានការកើនឡើងជាបន្តបន្ទាប់ មិនត្រឹមតែទីផ្សារក្នុងស្រុកនោះទេ ថែមទាំងទីផ្សារក្រៅប្រទេសផងដែរ។
បើទោះបីជាការចិញ្ចឹមនិងការសាងសង់ផ្ទះត្រចៀកកាំមានកំណើនក៏ពិតមែន ប៉ុន្តែដោយសារកំណើននៃតម្រូវការសម្បុកត្រចៀកកាំ ធ្វើឱ្យការផ្គត់ផ្គង់មិនទាន់អាចបំពេញសេចក្តីត្រូវការរបស់ទីផ្សារបាននៅឡើយទេ។
ទាក់ទងនឹងបញ្ហាទាំងនេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានផ្តល់បទសម្ភាសជុំវិញការអភិវឌ្ឍអាជីវកម្មផលិតសម្បុកត្រចៀកកាំដែលមានខ្លឹមសារដូចតទៅ៖
ស្ថានភាពទូទៅនៃការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា តើមានកំណើនក្នុងកម្រិតណាដែរនាពេលបច្ចុប្បន្ននេះ?
ទាក់ទងនឹងស្ថានភាពទូទៅនៃការចិញ្ចឹមត្រចៀកកាំនៅកម្ពុជានេះ យើងសង្កេតឃើញថា ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការសាងសង់ផ្ទះត្រចៀកកាំច្រើន បើទោះបីជានៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ការសាងសង់ផ្ទះត្រចៀកកាំក៏មានច្រើនផងដែរ នៅតាមខេត្តនានាស្ទើរទូទាំងប្រទេស។ បើទោះជាមានកំណើនច្រើនបែបនេះក៏ដោយ ក៏មិនទាន់អាចបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយជាពិសេសទីផ្សារហុងកុង ចិន ជាទីផ្សារដែលមានតម្រូវការខ្ពស់។
តើនៅកម្ពុជាបច្ចុប្បន្នមានផ្ទះត្រចៀកកាំចំនួនប៉ុន្មាន?
ទាក់ទងនឹងអត្រាផ្ទះត្រចៀកកាំក្នុងប្រទេសកម្ពុជា យើងមិនទាន់មានទិន្នន័យជាលក្ខណៈប្រជាសាស្ត្រនៅឡើយទេ ហើយយើងក៏មិនទាន់មានការប៉ាន់ស្មានបានច្រើនដែរដោយអ្នកខ្លះថា មានប្រហែលជា ៥ ពាន់ខ្នងផ្ទះ។ យើងក៏មិនមានថវិកាធ្វើ survey ណាមួយនៅឡើយទេ។
តើប្រទេសកម្ពុជា មានសក្តានុពលអ្វីខ្លះ ទើបអាចឱ្យពលរដ្ឋយើងសាងសង់ផ្ទះត្រចៀកកាំនេះបាន? ភាគច្រើនការចិញ្ចឹមមាននៅតំបន់ ឬខេត្តណាខ្លះ?
តាមពិតទៅ ការសាងសង់កសិដ្ឋានចិញ្ចឹមត្រចៀកកាំតម្រូវឱ្យមានលក្ខខណ្ឌសីតុណ្ហភាព ដែលមានលក្ខណៈដូចប្រទេសកម្ពុជាយើង គឺក្តៅហើយសើម។ អ្វីដែលសំខាន់ត្រចៀកកាំវារស់នៅក្នុងសីតុណ្ហភាពមួយជាក់លាក់ ដោយផ្ទះត្រចៀកកាំ អាចមានសីតុណ្ហភាពក្នុងរង្វង់ ៣១ អង្សារសេ។ ប្រទេសកម្ពុជាយើង មានភាពអំណោយផលច្រើន ដោយសារតែយើងមានបឹងបួរ យើងមានព្រៃឈើជាដើម ដែលជាប្រភពចំណីរបស់សត្វត្រចៀកកាំ។ ពិសេសជាងនេះទៀតនោះ ប្រទេសយើងមិនទាន់មានការបំពុលបរិយាកាសខ្លាំងក្លា ដូចប្រទេសគេផ្សេងទេ។ ហេតុដូចនេះប្រភពនៃចំណីរបស់សត្វត្រចៀកកាំ នៅមានច្រើន ដែលធ្វើឱ្យការសាងសង់ផ្ទះត្រចៀកកាំ ទោះនៅទីណាក៏មានភាពជោគជ័យដូចគ្នា បើយើងធ្វើតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ។
តើគេអាចចំណាយដើមទុនចំនួនប៉ុន្មានទើបអាចសាងសង់ផ្ទះត្រចៀកកាំបាន?
ការចំណាយទៅលើការសាងសង់ផ្ទះត្រចៀកកាំតូចធំ គឺទៅតាមការចង់បានរបស់អ្នកសាងសង់ ប៉ុន្តែជាទូទៅ បើសិនណាយើងសាងសង់តាមទំហំស្តង់ដាមួយតែមានលក្ខណៈតូចបំផុត ក៏យើងត្រូវចំណាយអស់ជាង៥ម៉ឺនដុល្លារដែរ ដោយមិនទាន់គិតចូលទៅដល់ថ្លៃដីទេ និងអ្នកខ្លះគាត់សាងសង់កម្ពស់ខ្ពស់ ៤ ទៅ ៥ ជាន់ អាចចំណាយអស់ដល់៥០ម៉ឺនដុល្លារក៏មាន។
តើមានបញ្ហាប្រឈមអ្វីខ្លះ ហើយមុនចូលប្រឡូកក្នុងវិស័យនេះគេត្រូវស្វែងយល់ពីអ្វីខ្លះ?
ការបរាជ័យក្នុងការប្រឡូកចូលទៅក្នុងវិស័យនេះ ក៏មានច្រើនផងដែរ មិនថាតែប្រទេសកម្ពុជានោះទេ ប្រទេសផ្សេងៗក៏អត្រានៃភាពបរាជ័យក៏ច្រើនដែរ។ មូលហេតុនោះដោយសារតែគាត់មើលស្រាលទៅលើការចិញ្ចឹមត្រចៀកកាំ ដោយគាត់គិតថា ជារឿងសាមញ្ញ ប៉ុន្តែវាមិនមែនជារឿងសាមញ្ញដូចការគិតរបស់មនុស្សជាច្រើនោះទេ។ វាត្រូវការសិក្សាវិភាគឱ្យបានល្អិតល្អន់ទៅលើទីតាំងភូមិសាស្ត្រ ការសិក្សាទៅលើដង់ស៊ីតេផ្ទះ ការសិក្សាទៅលើផ្លូវហោះហើររបស់សត្វ។ ទាំងអស់នេះជាការសិក្សាលើលក្ខខណ្ឌបច្ចេកទេសសុទ្ធសាធខណៈដែលអ្នកខ្លះបែរជាសិក្សាទៅលើហុងស៊ុយទៅវិញ។ បើតាមទិន្នន័យនៃការសិក្សាស្រាវជ្រាវ ទោះជានៅកម្ពុជា វៀតណាម ឬម៉ាឡេស៊ីក៏ដោយ អត្រាបរាជ័យអាចមានរហូតដល់ ៨០ ភាគរយឯណោះ ប្រសិនណាយើងធ្វើដោយមិនបានគិតគូរឱ្យដិតដល់។
តើផលិតផលសម្បុកត្រចៀកកាំកម្ពុជា បាននាំចេញទៅកាន់ប្រទេសណាខ្លះ?
ចំពោះទីផ្សារវិញ ទីផ្សារដែលធំបំផុតសម្រាប់សម្បុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន។ នាពេលខាងមុខឆាប់ៗនេះ ប្រហែលជាចុងឆ្នាំនេះ នឹងមានកិច្ចព្រមព្រៀងចុងក្រោយក្នុងការឱ្យនាំផលិតផលសម្បុកត្រចៀកកាំខ្មែរចូលទៅចិនជាផ្លូវការ។ នៅពេលនោះសម្បុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន ដោយសារតែយើងអាចនាំចេញទៅប្រទេសចិនបានដោយផ្ទាល់។
បច្ចុប្បន្ននេះ ទីផ្សារសម្បុកត្រចៀកកាំដែលមិនទាន់កែច្នៃដែលនាំចេញទៅផ្ទាល់នេះរួមមាន ទីផ្សារវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។ ប៉ុន្តែការនាំចេញទៅចិនសព្វថ្ងៃនេះ ជាការនាំចេញក្រៅផ្លូវការនោះទេព្រោះយើងមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយក្នុងការនាំចេញទៅចិនហើយក៏មិនទាន់មានការអនុញ្ញាតពីគយចិនដែរ។
ទាក់ទងនឹងការនាំចេញទៅកាន់ប្រទេសចិននេះដែរ សមាគមយើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រមូលទិញសម្បុក និងអ្នកផលិត ដើម្បីធ្វើយ៉ាងណាយើងផលិតឱ្យមានលក្ខណៈស្តង់ដា ព្រោះកាលណាយើងផលិតសម្បុកបានស្តង់ដា នោះការកែច្នៃក៏មានលក្ខណៈស្តង់ដាដែរ។ មួយវិញទៀត យើងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មជំរុញធ្វើយ៉ាងណាបង្កើតឱ្យមានគោលនយោបាយជាតិសម្បុកត្រចៀកកាំដើម្បីនាំចេញ ហើយក៏ធ្វើឱ្យមានវិសាលភាពធំដែរ។ នៅក្នុងនោះ ខាងក្រសួងពាណិជ្ជកម្មសន្យានឹងជួយជំរុញលើការងារនេះ ដើម្បីធ្វើឱ្យផលិតផលសម្បុកត្រចៀកកាំនេះក្លាយទៅជាផលិតផលសក្តានុពលធំមួយក្នុងការនាំចេញ។
តើការចិញ្ចឹមត្រចៀកកាំមានបញ្ហាប្រឈមអ្វីខ្លះ?
បញ្ហាប្រឈមចំពោះការចិញ្ចឹមត្រចៀកកាំនាពេលបច្ចុប្បន្ននេះ គឺលក្ខណៈបច្ចេកទេសនៃការចិញ្ចឹម និងការកែច្នៃសម្រាប់ការនាំចេញ។ ទាក់ទងនឹងការកែច្នៃសម្រាប់នាំចេញ យើងនៅមានបញ្ហាដោយសារតែមិនមានបទពិសោធន៍ទាល់តែសោះ បើធៀបនឹងបណ្តាប្រទេស ដែលគេចិញ្ចឹមត្រចៀកកាំ ចំណែកកម្ពុជាយើងវិញ យើងទើបតែចាប់ផ្តើមអាជីវកម្មនេះ បានតែរយៈពេល ១០ ឆ្នាំចុងក្រោយនេះទេ។
តើលោកមានសំណូមពរបែបណា ចំពោះភាគីពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលថ្មី ក្នុងការជំរុញអាជីវកម្មផលិតកម្មសម្បុកត្រចៀកកាំឱ្យមានការរីកចម្រើន?
ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលថ្មី ធ្វើយ៉ាងណាជួយជំរុញនិងគាំទ្រ ផ្នែកអាជីវកម្មផលិតសម្បុកត្រចៀកកាំនេះ ធ្វើយ៉ាងណាឱ្យយើងមានគោលនយោបាយនាំចេញទៅពេញមុខពេញមាត់ដូចប្រទេសដទៃ ដូចនេះយើងមានការប្រកួតប្រជែងហើយ ដែលយ៉ាងហោចក៏យើងអាចទទួលបានតម្លៃល្អនៅលើទីផ្សារ។ នៅពេលនោះ រាជរដ្ឋាភិបាលក៏អាចទទួលចំណូលចូលជាតិច្រើន សម្រាប់ការនាំចេញសម្បុកត្រចៀកកាំនេះ។ ម្យ៉ាងវិញទៀត សមាគមក៏សំណូមពរឱ្យមានការសម្របសម្រួលសម្រាប់ការនាំចេញ នៅពេលយើងអាចនាំចេញទៅបានផងដែរ។
ជាមួយគ្នានេះ ខ្ញុំក៏សូមផ្តាំផ្ញើទៅអ្នកចិញ្ចឹមត្រចៀកកាំដែរថា ផលិតផលសម្បុកត្រចៀកកាំ វានឹងមានសក្តានុពលក្នុងពេលដ៏ឆាប់ ហើយសមាគមយើងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការផ្តល់ឥណទាន អត្រាការប្រាក់អនុគ្រោះ ជាមួយធនាគារចិន (Bank of China) ព្រោះថា ធនាគារនេះ ក៏គេគាំទ្រគម្រោងក្នុងការចិញ្ចឹមត្រចៀកកាំ ដើម្បីនាំចេញនេះដែរ។ ដូចនេះក្នុងពេលខាងមុខនៅពេលដែលមាន MoU នេះ នោះអ្នកកែច្នៃ និងអ្នកនាំចេញ នឹងមានឱកាសក្នុងការខ្ចីថវិកាពីធនាគារនេះមកប្រើប្រាស់សម្រាប់ការកែច្នៃ ការនាំចេញទៅកាន់ប្រទេសចិន។ ជាមួយនេះសមាគមក៏មានអ្នកផ្តល់ប្រឹក្សាដែរ៕