ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជាសន្យានឹងខិតខំណែនាំឱ្យវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។
ការសន្យានេះត្រូវបានលោកស្រី ចុង ជី លើកឡើងក្នុងជំនួបជាមួយនឹងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៦ ខែកញ្ញា។
ជាកិច្ចចាប់ផ្តើមលោកស្រី ចុង ជី បានសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាពេលកន្លងមក និងសន្យាជួយគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើការឱ្យបានស្អិតល្មួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅទាក់ទាញវិនិយោគិនចិនបន្ថែមទៀតឱ្យមកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមសម្តែងការគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយសន្យានឹងខិតខំណែនាំវិនិយោគិនចិនធ្វើការឱ្យបានស្អិតល្មួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើគ្រប់វិស័យដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ជា វិទ្ធី សង្ឃឹមថា កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងសម្រេចបានផ្លែផ្កាល្អថែមទៀត ខណៈកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ក៏មានអនុស្សរណៈនៃការយោគយល់គ្នាលើការបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច។
យោងតាម CDC នៅពេលខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៦ បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញវិនិយោគនៅក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើទោះបីស្ថានភាពសេដ្ឋកិច្ចសកលពេលនេះមិនសូវល្អ ប៉ុន្តែកិច្ចសហប្រតិបត្តិការផ្នែកការទូត និងពាណិជ្ជកម្មកម្ពុជា-ចិន គឺនៅតែដំណើរការល្អ ពិសេសការនាំទំនិញពីកម្ពុជាទៅចិនបានកើនឡើងជាបន្តបន្ទាប់។ ទោះយ៉ាងណាដោយសារចំនួនប្រាក់នៃការនាំចេញទំនិញពីកម្ពុជានៅទាបជាងច្រើនធៀបការនាំចូលរបស់ចិន ដូច្នេះកម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យមានលក្ខណៈចម្រុះ និងគុណភាពល្អបន្ថែមទៀតដើម្បីអាចឆ្លើយតបបានទៅនឹងគ្រប់តម្រូវការ។
លោកអះអាងថា៖ «ការទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជានឹងផ្តល់ផលល្អច្រើនសម្រាប់សេដ្ឋកិច្ច ព្រោះក្រៅពីបង្កើតការងារ និងកាត់បន្ថយការនាំចូល វាក៏នឹងជួយធ្វើឱ្យវត្តមានទំនិញកម្ពុជាមានកាន់តែច្រើននៅលើទីផ្សារអន្តរជាតិ រួមទាំងប្រទេសចិនផងដែរ»។
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១២-១៣ ខែសីហា បាននិយាយថា កិច្ចសហប្រតិបត្តិការល្អរវាងចិន-កម្ពុជា នឹងផ្តល់ផលវិជ្ជមានកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»។
ស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ៧ ០៩៣,៥៩ លានដុល្លារ កើនឡើង ១,៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅប្រទេសចិន ៨១៤,៧៤លានដុល្លារ កើន ១៦,២ ភាគរយ និងទំនិញចិននាំមកកម្ពុជា ៦ ២៧៨,៨៥ លានដុល្លារ កើន ០,១ ភាគរយ។
ផ្អែកលើតារាងស្ថិតិខាងលើគឺជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានឱនភាព ៥ ៤៦៤,១១ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួន ៥ ៥៦៩,០៩ លានដុល្លារ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេរបស់កម្ពុជា ដោយមានចំណែក ២៥,៦១ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយៈពេល ៧ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ២៧ ៧០០,៣៦ លានដុល្លារ៕