ពន្ធដារ ណែនាំឱ្យម្ចាស់សហគ្រាស និងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ គ្មានជាតិសុរាក្នុងស្រុក បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ដោយត្រូវប្រកាសបង់ពន្ធអាករជូនរដ្ឋឱ្យបានទៀងទាត់ និង គ្រប់ចំនួន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដើម្បីចៀសវាងទទួលរងទោសទណ្ឌផ្សេងៗ។
ការក្រើនរំឮកនេះ ធ្វើឡើងក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានចុះដល់រោងចក្រផលិតស្រាបៀរ ភេសជ្ជៈគ្មានជាតិសុរា និង ភេសជ្ជៈប៉ូវកម្លាំង ក្នុងស្រុក ដើម្បីត្រួតពិនិត្យឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។
សេចក្ដីប្រកាសព័ត៌មានស្តីពីការចុះត្រួតពិនិត្យដែលបានចេញផ្សាយ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការចុះបេសកកម្មទៅកាន់ទីតាំងទាំងនេះក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលពន្ធអាករលើផលិតផលស្រាបៀរ និង ភេសជ្ជៈគ្មានជាតិសុរាដែលផលិតក្នុងស្រុក ដើម្បីធានាបាននូវការប្រកួតប្រជែងស្មើភាព នៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រទាំងនេះ។
នៅក្នុងដំណើរការចុះបំពេញបេសកកម្មនេះ លោក ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា បោះទុនវិនិយោគសាងសង់រោងចក្រសហគ្រាសទាំងនេះ បានចូលរួមបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ លោកក៏បានណែនាំដល់ម្ចាស់សហគ្រាសទាំងនោះ ត្រូវថែទាំ និង ប្រើប្រាស់ឧបករណ៍វាស់ចំណុះទាំងនោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ចៀសវាងការកែច្នៃ ឬផ្លាស់ប្ដូរឱ្យខុសពីស្ថានភាពដើម បើពុំនោះទេ សហគ្រាសនឹងត្រូវចាត់ទុកថា បានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវផ្ដន្ទាទោសតាមច្បាប់កំណត់។
បើតាមអគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្ន សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ទាំង ១៤ នៅកម្ពុជា បានដំឡើងឧបករណ៍វាស់ចំណុះ និងបានភ្ជាប់មកប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចរាល់ ដោយទិន្នន័យដែលទទួលបានពីឧបករណ៍វាស់ចំណុះអគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ផ្ទៀងផ្ទាត់ជាមួយការប្រកាសបង់ពន្ធរបស់សហគ្រាសទាំងនោះ៕