ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៤០ ម៉ឺនតោន ស្មើនឹង ៥៨ ភាគរយ នៃផែនការ ៧០ ម៉ឺនតោនដែលគិតជាទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារ និងនាំចេញស្រូវបានជិត ៣ លានតោនសរុបទឹកប្រាក់ជាង ៨១៤ លានដុល្លារ។
យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយនៅថ្ងៃទី ៩ ខែកញ្ញាឱ្យដឹងថា ការនាំចេញក្នុងបរិមាណជាង ៤០ ម៉ឺនតោននេះ គឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅ ៥៦ ប្រទេស និងតំបន់។ ប្រទេសចិន និងហុងកុងបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨ តោន ដែលគិតជាទឹកប្រាក់ចំនួន ៩១,៦៤ លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុប ២៦ ប្រទេស បានចំនួន ១៦៤ ៦៨២ តោនដែលគិតជាទឹកប្រាក់ ១១៣,៧៣ លានដុល្លារ។
នាំទៅប្រទេសសមាជិកអាស៊ាន ៥ បាន ៣៦ ៦៩២ តោនស្មើនឹងទឹកប្រាក់ ២៣,៦៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតចំនួន ២២ ប្រទេសបាន ៥៦ ៥០៧ តោន ដែលគិតជាទឹកប្រាក់បាន ៤៩,៥៨ លានដុល្លារ។ ប្រភពដដែលបន្តថា ដោយឡែកចំពោះការនាំចេញស្រូវវិញ កម្ពុជាបាននាំចេញស្រូវចំនួន ២ ៩២៩ ០៤៣ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨១៤,១៧ លានដុល្លារ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី ១០ ខែកញ្ញា លោក ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា៖«ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រងែ សមរម្យជូនកសិករមានប្រាក់ចំណេញ។ ទៅមុខស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ»។
ស្របគ្នានេះដែរលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ១០ ខែកញ្ញាថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបង្កើនប្រាក់ចំណេញរបស់កសិករអ្នកផលិតស្រូវ ដោយស្រូវដើមរដូវ ដែលច្រូតកាត់នៅខែសីហា និងកញ្ញា ២០២៣ នេះ ថ្លៃដើម ១ គីឡូស្មើនឹង ៥០០ ទៅ ៧០០ រៀល។ លោកបន្ថែមថា ចំណែកការលក់ចេញវិញ កសិករអាចលក់បានតម្លៃស្រូវសើមលើទីផ្សារស្រុកខ្មែរនៅថ្ងៃទី ៨ ខែកញ្ញា ២០២៣ ចន្លោះពី ១ ១០០ ទៅជាង ១ ២០០ រៀល ដែលតម្លៃនេះកសិករអាចបានចំណេញចន្លោះពី ៤០០ ទៅ ៧០០ រៀលក្នុង ១ គីឡូ អាស្រ័យលើការគ្រប់គ្រងថ្លៃដើមនិងគុណភាពស្រូវរបស់កសិករនីមួយៗ។
លោកសង្កត់ធ្ងន់ថា៖«ក្រសួងកសិកម្ម កំពុងបង្កើនការគាំទ្រដល់កសិករក្នុងការកាត់បន្ថយថ្លៃដើម និងបង្កើនគុណភាពស្រូវ ដើម្បីទទួលបានតម្លៃខ្ពស់(ពូជសុទ្ធ ការដាំដុះថែទាំ និងប្រមូលផលបានល្អ) តាមរយ:ការដាក់ពង្រាយយុវជនស្ម័គ្រចិត្ត និងមន្ត្រីកសិកម្មឃុំដែលមកដល់ពេលនេះយើងបានដាក់ពង្រាយបាន ១៨៥ នាក់នៅចំនួន ២០០ ឃុំដែលសម្បូរអ្នកផលិតស្រូវ»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានថ្លែងថា ស្រូវនៅក្នុងខែកញ្ញានេះ មានតម្លៃថ្លៃជាង ខែឆ្នាំណាៗទាំងអស់ នៅក្នុងរយៈពេល ៣០ ឆ្នាំមកនេះខណៈដែលតម្លៃជីកសិកម្មឆ្នាំ ២០២៣ នេះក៏មានតម្លៃធូរថ្លៃជាង ឆ្នាំ ២០២១ និងឆ្នាំ ២០២២ ដែរ។
លោកបញ្ជាក់ថា៖«វាគឺជាភាពអំណោយផលខ្លាំងណាស់សម្រាប់កសិកម្មយើងដែលតម្លៃស្រូវ មានការឡើងថ្លៃនាអំឡុងពេលដែលជី ថ្នាំកសិកម្មបានចុះថ្លៃដែរ។ ថ្វីដ្បិតតែស្ថានភាពនៃការឡើងថ្លៃនេះមានរយៈពេលខ្លីមែន ប៉ុន្តែទាំងសហព័ន្ធ និងក្រសួងកសិកម្ម បានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូន និងនាំចេញស្រូវទៅប្រទេសជិតខាង»។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ ទៅ ១ ២៥០ រៀល ក្នុង ១ គីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញពីផលិតកម្មដំណាំស្រូវនេះនៅឡើយ៕