ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសដៃគូអន្តរជាតិទាំងអស់ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៣២ ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែការនាំចេញរបស់កម្ពុជាគឺនៅរក្សាបានកំណើនវិជ្ជមាន។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជា របស់ GDCE ចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចន្លោះពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុបជិត ៣២ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៥២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានជាង ៣៧ ពាន់លានដុល្លារ។
ក្នុងនោះការនាំចេញពីកម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួន ១៥,៦៩ ពាន់លានដុល្លារ កើន ០,៣២ ភាគរយ ចំណែកការនាំចូលមានជាង ១៦ ពាន់លានដុល្លារ ធ្លាក់ចុះ ២៥,២ ភាគរយ។ ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពជិត ៥៨៨ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា មានរហូតដល់ជាង ៦ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែសីហាថា ស្ថានភាពការផ្លាស់ប្តូរទំនិញជាអន្តរជាតិបានបង្ហាញសញ្ញាអវិជ្ជមានបែបនេះជាង ១ ឆ្នាំមកហើយ ដោយសារកត្តារួមផ្សំជាច្រើន ជាពិសេសវិបត្តិសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងការប្រទាញប្រទង់គ្នានៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ។
លោកបន្តថា អ្វីដែលគួរកត់សម្គាល់នាពេលនេះ គឺសញ្ញាវិជ្ជមាននៃការនាំចេញរបស់កម្ពុជា។ ទោះកំណើនមានទំហំតូច ប៉ុន្តែវាបង្ហាញថា ទំនិញកម្ពុជាគឺមានការគាំទ្រកាន់តែច្រើន។
លោកថ្លែងថា៖«ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ គឺកើតមាននៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ អ្វីដែលយើងត្រូវចាប់អារម្មណ៍ពេលនេះ គឺកំណើននៃការនាំចេញកម្ពុជា ដែលបានដោយសារគុណភាព និងផលិតផលកម្ពុជាមានលក្ខណៈចម្រុះជាងមុន និងមានតម្លៃប្រកួតប្រជែងផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ គឺជាបញ្ហាសកល ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍ គឺកំណើនការនាំចេញរបស់កម្ពុជាក្នុងដំណាក់កាលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែជួបវិបត្តិ។ លោកបន្តថា មូលហេតុដែលជួយឱ្យការនាំចេញរបស់កម្ពុជាកើនឡើង គឺដោយសារគុណភាពទំនិញកម្ពុជាល្អ និងមានតម្លៃសមត្ថភាពប្រកួតប្រជែង។ លោកបន្តថា កំណើនទឹកប្រាក់នាំចេញពីកម្ពុជា គឺបានមួយចំណែកពីការនាំចេញផលិតផលកសិកម្ម ដែលកំពុងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ។
លោកអះអាងថា៖«នេះជាឱកាសសម្រាប់កម្ពុជាក្នុងការពិនិត្យលទ្ធភាព និងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនឱ្យបានកាន់តែច្រើន។ កសិផល កំពុងក្លាយជាចំណែកសំខាន់នៃការនាំចេញរបស់កម្ពុជា បន្ថែមពីការនាំចេញផលិតផលវាយនភណ្ឌ និងគ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក នាពេលកន្លងមក»។
ក្នុងឆ្នាំ ២០២២ ទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានចំនួនសរុបជាង ៥២,៤ ពាន់លានដុល្លារ កើនឡើង ៩,២ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង ៤៨ ពាន់លានដុល្លារ។ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិ មានជាង ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិជិត ៣០ ពាន់លានដុល្លារ កើនឡើង ៤,៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕