ភ្នំពេញៈ រោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុក និងជាក្រុមហ៊ុននាំចេញដ៏ធំ Amru Rice (Cambodia) គ្រោងធ្វើការនាំចេញអង្ករទៅប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗ ដែលនេះគឺជាការរួមចំណែកដល់ការពង្រីកទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។
បើយោងតាម Amru Rice ក្រុមហ៊ុនបានទទួលការបញ្ជាទិញអង្ករ ១០ កុងតឺន័រដែលនេះជាសមិទ្ធផលបន្ទាប់ពីដំណើរទស្សនកិច្ច «កសិ-ចំណីអាហារកម្ពុជា» នៅប្រទេសអូស្ត្រាលី។ ក្រុមហ៊ុនបានឱ្យដឹងថាផែនការនាំចេញអង្ករក្រអូប ២ កុងតឺន័រក្នុងចំណោមការបញ្ជាទិញទាំង ១០ កុងតឺន័រនេះ គឺធ្វើឡើងនាអំឡុងដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលរៀបចំ និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កាលពីខែមិថុនា ឆ្នាំ ២០២៣។ នេះជាសមិទ្ធផលមួយគួរជាទីពេញចិត្តក្រោយពីដំណើរទស្សនកិច្ចនេះ។
ក្រុមហ៊ុនបានលើកឡើងថា៖ «តាមរយៈដំណើរទស្សនកិច្ចដែលរៀបចំ និងគាំទ្រដោយ CAPRED ថ្នាក់គ្រប់គ្រង របស់ Amru Rice មានកិត្តិយសដែលទទួលបានឱកាសស្វែងយល់ពីការអនុវត្តកសិកម្មតាមបែបជឿនលឿនរបស់ ប្រទេសអូស្ត្រាលី និងទិដ្ឋភាពសំខាន់ៗពីទីផ្សារកសិ-ចំណីអាហារនៅប្រទេសនេះ ហើយក៏ទទួលឱកាសតាំងបង្ហាញ និងធ្វើបទបង្ហាញចែករំលែកពីសក្តានុពលនៃអង្ករកម្ពុជាទៅកាន់ក្រុមហ៊ុនបញ្ជាទិញ និងភ្ញៀវកិត្តិយសនានាផងដែរ»។
ក្រុមហ៊ុនបន្តថា៖«ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងឱកាសដែលទទួលបានពីដំណើរទស្សនកិច្ចនេះ បានញ៉ាំងឱ្យ Amru Rice ឈានឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីពង្រីកទីផ្សារ និងបង្កើនប្រសិទ្ធភាពការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពរបស់យើង ដែលវាមិនត្រឹមតែរួមចំណែកដល់ភាពរុងរឿង ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រយោជន៍ដល់ប្រព័ន្ធចំណីអាហារសកលលោកផងដែរ»។
លោក សុង សារ៉ន ប្រធាន និងជាអគ្គនាយកនៃក្រុមហ៊ុន Amru Rice (Cambodia) បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែកញ្ញាថា អូស្ត្រាលីគឺជាទីផ្សារធំមួយសម្រាប់អង្ករក្រអូបកម្ពុជា ដូចដែលក្រុមហ៊ុនបាននាំចេញនៅទីនោះរួចហើយ។ ពេលនេះក្រុមហ៊ុនកំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារមួយនេះ។ លោកបន្ថែមថា ទាក់ទងនឹងការនាំចេញនាពេលខាងមុខ លោកមិនទាន់បង្ហាញនៅឡើយទេ ដោយសារកំពុងស្ថិតក្នុងដំណើរការនៅឡើយ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែកញ្ញាថា រហូតមកដល់ពេលនេះកម្ពុជាបាននាំចេញអង្ករក្រអូបទៅទីផ្សារប្រទេសអូស្ត្រាលី ប្រមាណ ៣ ម៉ឺនតោនក្នុង ១ ឆ្នាំ។
លោកថ្លែងថា៖ «ភាគច្រើនយើងនាំអង្ករក្រអូបទៅប្រទេសអូស្ត្រាលីក្នុងចំនួន ៣០ ០០០ តោនក្នុង ១ ឆ្នាំ។ យើងឃើញថា ទីផ្សារនេះមានសក្តានុពលដ៏ធំក្នុងការរីកចម្រើនថែមទៀត»។
កម្ពុជារកប្រាក់បានជិត ៨០៨ លានដុល្លារពីការនាំចេញអង្ករ និងស្រូវផ្លូវការនៅឆមាសទី ១ ឆ្នាំ ២០២៣ កើនឡើង ៣១,២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដោយក្នុងនោះតម្លៃការនាំចេញអង្ករមានត្រឹមតែ ២៨,៣៧ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យពី CRF។
របាយការណ៍បានបង្ហាញថា នៅចន្លោះពីខែមករា-ខែមិថុនា កម្ពុជាបាននាំចេញអង្ករចំនួន ៣២៩ ៦៣៣ តោន ដែលមានតម្លៃ ២២៩,២៣ លានដុល្លារទៅបណ្ដាប្រទេស និងដែនដីចំនួន ៥២ តាមរយៈក្រុមហ៊ុននាំចេញ ៥០ ដែលស្មើ ៤៧,០៩ ភាគរយនៃទិសដៅកំណត់ ៧០ ម៉ឺនតោនសម្រាប់ឆ្នាំ ២០២៣។
បើចែកតាមប្រភេទអង្ករគិតជាចំនួនតោនគឺ អង្ករក្រអូបមានចំនួន ៨៥,០៨ ភាគរយ, អង្ករសគ្រាប់វែង មាន ១១,៣៤ ភាគរយ, អង្ករចំហុយ ២,៤២ ភាគរយ, អង្ករសរីរាង្គ ១,០២ ភាគរយ និងអង្ករសគ្រាប់ខ្លី ០,១៤ ភាគរយ៕