ភ្នំពេញៈ ក្រុមហ៊ុនពហុវិស័យដ៏ធំក្នុងស្រុក WorldBridge Group កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមកពីប្រទេសចិន Zhejiang Yiwu Small Commodity City Group ក្នុងន័យដើម្បីបង្កើនប្រសិទ្ធភាពការធ្វើពាណិជ្ជកម្មរវាងទីក្រុង Yiwuនៃខេត្ត Zhejiang ជាមួយកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group លោក សៀ ឫទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំង ២។ កិច្ចព្រមព្រៀងនេះ នឹងជួយកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់«ម៉ាកយីហោពាណិជ្ជកម្មសកល» (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។
លោក Zhao Wenge ប្រធានក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group បានឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកសម្រាប់ភាគីទាំង២ ហើយភាគីទាំង២ក៏អាចនឹងបង្កើតស្ថានភាព «ឈ្នះ ឈ្នះ» រួមគ្នាផងដែរ។
លោក Zhao Wengeបានន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group និងក្រុមហ៊ុន Worldbridge Group។ កិច្ចព្រមព្រៀងនេះជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន ហើយវានឹងជួយជំរុញដល់ការអភិវឌ្ឍនៃប្រទេសទាំង២។
ក្រុមហ៊ុន Worldbridge Groupបានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះមានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwuនិងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែចង្វាក់ពាណិជ្ជកម្មរវាងតំបន់ទាំង២»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ កាលពីពេលថ្មីៗនេះបាននិយាយថា តាមរយៈទំនាក់ទំនងល្អផ្នែកនយោបាយ និងមានភូមិសាស្ត្រនៅជិតគ្នា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ប្រាកដជានឹងមានទំហំកាន់តែធំនៅពេលខាងមុខ ជាពិសេសការនាំចេញកសិផលពីកម្ពុជា។ លោកបន្តថា ប្រទេសចិន ក្រៅពីជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំសម្រាប់រោងចក្រផលិតនៅកម្ពុជា ប្រទេសនេះក៏មានវិនិយោគិនរបស់ខ្លួនជាច្រើនកំពុងវិនិយោគនៅកម្ពុជាផងដែរ។
លោកនិយាយថា៖«ទន្ទឹមនឹងអ្វីដែលកំពុងមាន កម្ពុជាក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងមានលក្ខណៈចម្រុះបន្ថែមទៀត ដើម្បីអាចមានឱកាសបង្ហាញវត្តមានកាន់តែច្រើននៅទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា រយៈពេល ៨ ខែ ដើមឆ្នាំ២០២៣ ការផ្លាស់ទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ៧,០៩ ពាន់លានដុល្លារ កើនឡើង ១,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៦,៩៧ ពាន់លានដុល្លារ។ សម្រាប់ទំនិញកម្ពុជា នាំទៅប្រទេសចិន គឺមានចំនួន ៨១៤,៧៤ លានដុល្លារ កើនឡើង ១៦,២ ភាគរយ និងទំនិញចិននាំមកកម្ពុជា ៦,២៨ ពាន់លានដុល្លារ កើនឡើង ០,១ភាគរយ៕