ភ្នំពេញៈ កម្ពុជា និងចិនកំពុងពិភាក្សាគ្នាលើគម្រោងបង្កើតមណ្ឌល ឬវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសពាណិជ្ជកម្ម E-commerce នៅកម្ពុជា ខណៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងមានសម្ទុះកើនឡើងខ្លាំងនៅគ្រប់ប្រទេសលើពិភពលោក។
យោងតាមក្រសួងពាណិជ្ជកម្ម ការពិភាក្សានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មនៃក្រុងថៃចូវ (ប្រទេសចិន) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងលោក Lu Chunyang ប្រធានគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ការអប់រំ វិជ្ជាជីវៈនៃក្រសួងអប់រំចិន អមដំណើរដោយលោក លោកស្រីជាតំណាងប្រធានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ត្រូវបានគេដឹងថាកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៅពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាដែរនាពេលនេះ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា E-commerce ត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយទូទាំងពិភពលោកនាពេលនេះ។ E-commerce បានក្លាយជាផ្នែកមិនអាចខ្វះបានសម្រាប់ការធ្វើទំនាក់ទំនង និងការចរចាទិញ-លក់ទំនិញដ៏ពេញនិយមនាពេលនេះ។
លោកបានបន្តថា ទោះយ៉ាងណាដោយសារការវិវឌ្ឍដ៏លឿននៃបច្ចេកវិទ្យា ស្របពេលសមត្ថភាពប្រើប្រាស់ និងចំណេះដឹងរបស់ប្រជាជនកម្ពុជានៅមានកម្រិតនោះ គឺត្រូវតែទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យកាន់តែធំទូលាយបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យធនធានមនុស្សកម្ពុជាអាចដើរទាន់ប្រទេសនានា។
លោកថ្លែងថា៖ «កូនខ្មែរទាំងអស់ ត្រូវតែព្យាយាមអភិវឌ្ឍខ្លួនលើជំនាញបច្ចេកវិទ្យាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកទាំងមូល»។
លោកលើកឡើងទៀតថា បើសិនកម្ពុជាមិនខិតខំពង្រឹង និងពង្រីកសមត្ថភាពនៅក្នុងការធ្វើពាណិជ្ជកម្មតាម E-commerce នោះ គឺប្រាកដជាដើរយឺតជាងគេ។
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីដ៏មានសក្តានុពលសម្រាប់ពិភពលោកនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។
លោកបានថ្លែងថា៖«វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្ម នៅក្នុងប្រទេសកម្ពុជាកំពុងមានសម្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់»។
ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ត្រូវបានព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្តឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយច្បាប់នេះមាន ១២ ជំពូក ស្មើនឹង ៦៧ មាត្រា។
របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) បានឱ្យដឹងថា ប្រាក់ចំណូលពន្ធលើតម្លៃបន្ថែមពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ មានប្រមាណ ២០,៩១ លានដុល្លារ ខណៈប្រាក់ចំណូលនេះបានរួមចំណែកដល់ការបង្កើតប្រាក់ចំណូលពន្ធរបស់រាជរដ្ឋាភិបាលពីអាជីវកម្មបច្ចេកវិទ្យា ដែលជាប្រភពចំណូលថ្មី៕