
អ្នកទេសចរបរទេសមកដល់កម្ពុជា តាមជើងហោះហើរនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣ លាននាក់ កើនឡើងជាង ១៨០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២ ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងនឹងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះមិនល្អរបស់កម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ ថា ថ្វីដ្បិតតែរបាយការណ៍នៃចំនួនអ្នកដំណើរមានការកើនឡើងក៏ពិតមែន តែមិនទាន់មានភាពវិជ្ជមានច្រើននៅឡើយទេ ដោយសារតែថ្មីៗនេះ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសមួយចំនួនថា កម្ពុជា ជាជម្រកសម្រាប់ក្រុមឆបោកតាមអុីនធឺណិត ដែលមានការចាប់ជំរិតមនុស្សជាដើម។
លោកថ្លែងថា ការផ្សព្វផ្សាយ អាចនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ខណៈដែលភាពជាក់ស្តែងមិនដូចជាអ្វីដែលសារព័ត៌មានបរទេសលើកឡើងទាំងស្រុងនោះទេ។
លោកបានបញ្ជាក់ថា៖ «ការលើកឡើងរបស់សារព័ត៌មានបរទេសទាំងនេះ ធ្វើឱ្យយើងមានការព្រួយបារម្ភហើយនេះ គឺជាបញ្ហាប្រឈមរបស់យើង ដែលត្រូវគិតគូរដោះស្រាយ ប៉ុន្តែការពិត មិនដូចការចុះផ្សាយទាំងស្រុងនោះទេ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) បានថ្លែងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទាក់ទងការផ្សាយរបស់ព័ត៌មានបរទេសកន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ដល់ការវិលត្រឡប់មកនៃភ្ញៀវទេសចរបរទេស កុំថាឡើយតែភ្ញៀវអឺរ៉ុប សូម្បីតែភ្ញៀវក្នុងតំបន់អាស៊ាន ក៏ប៉ះពាល់ខ្លាំងដែរ ដូចជាទេសចរដែលមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត ហាក់មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគេ ដោយសារព័ត៌មាននៃការចាប់ជំរិតនេះមានលក្ខណៈទូលំទូលាយពេក។
លោក ស៊ីណាន បានបញ្ជាក់ថា៖ «កម្ពុជា យើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីបន្សាបនូវព័ត៌មានទាំងអស់នោះ ដើម្បីកសាងទំនុកចិត្តរបស់អ្នកធ្វើដំណើរអន្តរជាតិឡើងវិញមកលើកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗមានករណីលាងលុយកខ្វក់នៅសិង្ហបុរី ដែលមានមនុស្ស៣នាក់ប្រើប្រាស់លិខិតឆ្លងដែនជនជាតិខ្មែរ។ទាំងអស់នេះហើយ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា»។
លោក ស៊ីន ចាន់សិរីវុត្ថា ថ្លែងថា រយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវ អាកាសចំនួនជាង ៣,៤ លាននាក់ កើនឡើងជាង ១៨០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៣៣ ១៤៦ ជើង (ចលនាទ្វេទិស) កើនឡើង ១១៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ៣៤ ៨៨១ តោន ថយចុះជាង ១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕