ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានតម្លៃជាង ៦,១ ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ មានជិត ៦,៣ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
GDCE បានឱ្យដឹងថា ចន្លោះពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូល ទំនិញរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៦,២៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៦ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ៦,៦៤ ពាន់លានដុល្លារ។ ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជាមានចំនួន ៦,១១ ពាន់លានដុល្លារ ថយចុះ ៤,៨ ភាគរយ និងទំនិញអាមេរិកនាំមកកម្ពុជា ១៦០,៤៤ លានដុល្លារ ធ្លាក់ចុះ ២៨,៤ ភាគរយ។
សម្រាប់រយៈពេលខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៥,៩៥ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ស្ថិតនៅលេខរៀងទី ២ បន្ទាប់ពីប្រទេសចិន ដែលមាន ៨,០៩ ពាន់លានដុល្លារ។
ដោយឡែកក្នុងខែសីហា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ គឺមានទឹកប្រាក់សរុប ៩៥២,៦៨ លានដុល្លារ កើនឡើង ២៦,៥៦ ភាគរយ ធៀបខែសីហា ឆ្នាំ ២០២២ ដែលមាន ៧៥២,៧២ លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ៩៣៣,៧៩ លានដុល្លារ កើន ២៨,៨ ភាគរយ និងទំនិញអាមេរិកនាំមកកម្ពុជា ១៨,៨៩ លានដុល្លារ ធ្លាក់ចុះ ៣១,៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញាថា ទោះបីការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកមិនទាន់មានសកម្មភាពខ្លាំងដូចអំឡុងដើមឆ្នាំ ២០២២ ប៉ុន្តែភាពវិជ្ជមានពីការនាំចេញទំនិញកម្ពុជាទៅអន្តរជាតិ រួមទាំងទីផ្សារអាមេរិកបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញខ្លះៗហើយ។ និន្នាការការនាំចេញរបស់កម្ពុជាត្រូវបានរំពឹងថានឹងបង្ហាញសញ្ញាវិជ្ជមានទៅកាន់គោលដៅនាំចេញកាន់តែច្រើនថែមទៀត។
លោកបន្តថា កំណើនក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក៏នឹងជួយលើកកម្ពស់សមត្ថភាពនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានកាន់តែច្រើនថែមទៀត»។
លោកថ្លែងថា៖ «ភាពធូរស្រាលនៃវិបត្តិសកល ព្រមទាំងការកម្រើកឡើងវិញនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍ នឹងជួយធ្វើឱ្យបរិមាណនៃការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក បន្តងើបឡើងវិញជាបន្តបន្ទាប់»។
បើតាមលោក លឹម ហេង ការធ្លាក់ចុះទឹកប្រាក់នាំទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក និងទីផ្សារប្រទេសមួយចំនួនទៀតដែលកើតមានចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២២ រហូតមកដល់ពេលនេះ គឺបណ្តាលមកពីមូលហេតុមួយចំនួនដូចជា វិបត្តិនៃភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចពិភពលោក ផលិតផលនៅសល់ស្តុកច្រើន (បញ្ជាទិញកាលពីដើមឆ្នាំ ២០២២) និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ជាដើម។
ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅទីផ្សារអាមេរិក គឺសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ បន្ទះសូឡា កង់ និងផលិតផលកសិកម្ម ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារពេទ្យ ជាដើម។ នេះបើតាមលោក លឹម ហេង។
ក្នុងជំនួបទ្វេភាគីរវាងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ភាគីកម្ពុជាក៏បានស្នើឱ្យអាមេរិកជួយជំរុញក្រុមហ៊ុនរបស់ខ្លួនឱ្យដាក់បញ្ជាទិញទំនិញពីកម្ពុជាឱ្យបានច្រើន ព្រមទាំងចូលមកវិនិយោគឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិក។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៩ ២៨១,២១ លានដុល្លារ កើនឡើង ១៨,៦ ភាគរយធៀបឆ្នាំ ២០២១ ដែលមាន ៧ ៨២៦,៤៩ លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជា មាន ៨ ៩៦៨,៧៣ លានដុល្លារ កើន ១៩,៧ ភាគរយ និងនាំចូល ៣១២,៤៨លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨ ៦៥៦,២៤ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ៕