ភ្នំពេញៈ CHINT ដែលជាក្រុមហ៊ុនដំណោះស្រាយថាមពលឆ្លាតវៃលំដាប់ពិភពលោក នឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមមកកម្ពុជាដើម្បីគាំទ្រដល់កំណើនដ៏ឆាប់រហ័សនៃតម្រូវការឧបករណ៍ថាមពលកម្លាំងវ៉ុលមធ្យមនៅកម្ពុជា។
ក្រុមហ៊ុន CHINT និង SchneiTec បានរួមគ្នាបើករោងចក្រផលិតឧបករណ៍ថាមពលកម្លាំងវ៉ុលមធ្យមដំបូងគេនៅកម្ពុជាលើផ្ទៃដីទំហំ ២០ ០០០ ម៉ែត្រការ៉េនៅខេត្តពោធិ៍សាត់។ ការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន CHINT Cambodia និង SchneiTec ដែលមានទុនវិនិយោគរួម ២,៥ លានដុល្លារនេះបានពង្រីកសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន CHINT ដើម្បីផ្គត់ផ្គង់តម្រូវការឧបករណ៍ថាមពលកម្លាំងវ៉ុលមធ្យមនេះគឺមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសជិតខាងដូចជា ថៃ ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ១១ ខែកញ្ញា។
ជាមួយនឹងការបណ្តាក់ទុនរួមនេះ ក្រុមហ៊ុន CHINT និង SchneiTec-CHINT Co., Ltd. ក៏កំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់នៃប្រព័ន្ធសូឡាតាមលំនៅឋានកម្លាំង ៥០០ Wp និង ៥០ Wp សម្រាប់អគ្គិសនីកម្ពុជា (EDC)។ គម្រោងគួរឱ្យកត់សម្គាល់មួយទៀតនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន CHINT គឺការផ្គត់ផ្គង់ម៉ាស៊ីនបំប្លែងថាមពលកម្លាំង ២៣០ គីឡូវ៉ុល និង ២៤០ មេហ្គាវ៉ុលអំពែ ដល់ EDC សម្រាប់អនុស្ថានីយក្រុងសួង ដែលជាអនុស្ថានីយដ៏សំខាន់មួយនៅក្នុងបណ្តាញអគ្គិសនីជាតិរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន CHINT បានឱ្យដឹងថា៖ «ចាប់តាំងពីចូលទីផ្សារកម្ពុជាមក ក្រុមហ៊ុន CHINT កំពុងតែគាំទ្រយុទ្ធសាស្ត្ររបស់ EDC ក្នុងការពង្រីកលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅតំបន់ជនបទ និងផ្តល់ឱ្យប្រជាជនក្នុងតំបន់នូវការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងសុវត្ថិភាពតាមរយៈគម្រោងរបស់ពួកគេ»។
លោក Liu Bin នាយកក្រុមហ៊ុន CHINT Cambodia ឱ្យដឹងថា ដោយសារកំណើនតម្រូវការរហ័ស ក្រុមហ៊ុនកំពុងផ្តល់យ៉ាងសកម្មនូវផលិតផលថាមពលឆ្លាតវៃសម្រាប់អគ្គិសនីប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព។
លោក Liu Bin បានថ្លែងថា៖ «មានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការផលិតផល និងសេវាកម្មថាមពលឆ្លាតវៃនៅក្នុងប្រទេសកម្ពុជាដោយសារកំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។ ក្រៅពីនេះការផលិតឧបករណ៍ដែលធានាបានថាមពលអគ្គិសនីប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ក្រុមហ៊ុន CHINT នឹងបន្តរៀបចំសិក្ខាសាលាដើម្បីសហការ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការបង្កើនការទទួលបានអគ្គិសនីប្រើប្រាស់ដើម្បីលើកកម្ពស់ថាមពលប្រកបដោយប្រសិទ្ធភាព និងស្តង់ដា»។
យោងតាមក្រុមហ៊ុន ក្រៅពីការអនុវត្តគម្រោងក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CHINT Cambodia ក៏កំពុងជំរុញយ៉ាងសកម្មពីសារៈសំខាន់នៃប្រសិទ្ធភាពថាមពល និងសុវត្ថិភាពដល់ប្រជាជននៅក្នុងតំបន់ផងដែរ។ ការណ៍នេះរួមបញ្ចូលទាំងវគ្គបណ្ដុះបណ្ដាលអន្តរកម្មដោយផ្ទាល់ជាមួយសហគមន៍ជនបទដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីអត្ថប្រយោជន៍អេកូឡូស៊ីនៃថាមពលសូឡា និងផ្តល់ការណែនាំអំពីកម្មវិធីប្រកបដោយសុវត្ថិភាព។
រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី ២៣ ខែមិថុនា បានអនុម័តលើការសាងសង់ ក៏ដូចជាការធានាលើការទូទាត់សម្រាប់រោងចក្រថាមពលស្អាតចំនួន ៦ ដែលមានកម្លាំងថាមពលសរុបចំនួន ៦៧០ មេហ្គាវ៉ាត់ (MW) ជាកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងកាត់បន្ថយតម្លៃថាមពល៕