
លោកស្រី ចម និម្មល ក្នុងកិច្ចប្រជុំជាមួយលោក Takahashi Fumiaki នៅទីស្តីការក្រសួងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញា។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ប្រធានសមាគមជប៉ុន-កម្ពុជា លោក Takahashi Fumiaki បានប្តេជ្ញាជួយកៀរគរវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុននៅប្រទេសកម្ពុជាកាន់តែច្រើន ស្របពេលប្រទេសជាសមាជិកអាស៊ានមួយនេះកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ និងទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង។
ការលើកឡើងរបស់ លោក Takahashi Fumiaki បានធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងកាលពីថ្ងៃទី ១១ ខែកញ្ញា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងជំនួបរវាងលោកស្រី ចម និម្មល និងលោក Takahashi Fumiaki ភាគីទាំង ២ បានប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយមានសមាគមជាអ្នកជួយជំរុញផ្នែកឯកជន ខណៈក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលលើបទដ្ឋានគតិយុត្តនានាដើម្បីធានាការនាំចេញនាំចូលប្រព្រឹត្តទៅដោយរលូន។
លោកបានថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មតែងចាត់ទុកផ្នែកឯកជនជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនានា។ យើងដឹងហើយថា ប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជា។ យើងបាននាំចេញជាងរាប់រយលានដុល្លារក្នុង ១ ឆ្នាំៗ។ ដូច្នេះតាមរយៈការតាំងចិត្តនេះនឹងកាន់តែកសាងនូវទំនុកចិត្តដល់ផ្នែកឯកជនក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅប្រទេសជប៉ុនក៏ដូចជាទៅបណ្តាប្រទេសនានាលើពិភពលោក»។
បើយោងតាមលោក សុវិជាតិ តាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ ទ្វេភាគី និងពហុភាគីដែលកម្ពុជាកំពុងធ្វើ នឹងក្លាយទៅជាកាតាលីករដ៏ទាក់ទាញដល់វិនិយោគិនជប៉ុនក្នុងការពង្រីកអាជីវកម្ម និងមកបណ្តាក់ទុនដើម្បីផលិតនាំចេញ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរវាងក្រសួងនិងផ្នែកឯកជននេះ ការដោះដូរទំនិញរវាងប្រទេសទាំង ២ នឹងកាន់តែមានកំណើនបន្ថែមទៀតនៅពេលខាងមុខ»។
កម្ពុជា-ជប៉ុនគ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៤ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ នៅអំឡុងខែវិច្ឆិកាខាងមុខ ក្រោយពីមានកិច្ចប្រជុំមួយនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ជាមួយតំណាងនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុនប្រចាំនៅកម្ពុជា។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្លាក់ចុះព្រមគ្នានៃចំនួនទឹកប្រាក់នាំចេញទំនិញនៃប្រទេសទាំង ២ ក្នុងរយៈប៉ុន្មានខែដើមឆ្នាំនេះ គឺដោយសារតែឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកល។
លោកនិយាយថា៖ «បើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានភាពរលូនឡើងវិញ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ប្រាកដជាស្ទុះឡើងវិញលឿន ព្រោះក្រៅពីមានកិច្ចសហប្រតិបត្តិការផ្នែកការទូត ប្រទេសទាំង ២ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងប្រទេសជប៉ុន នៅក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៣ មានសរុបជាង ១ ពាន់លានដុល្លារ ធ្លាក់ចុះ ៩,៩ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,១៣ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ជាង ៦៥៥ លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយ និងជប៉ុននាំចូលមកកម្ពុជា ជាង ៣៦៩ លានដុល្លារ ធ្លាក់ចុះ ២១,៣ ភាគរយ។
ធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ជប៉ុន គឺជាប្រទេសដែលមានវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេទី៤ ដោយមានទឹកប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម៕