ប្រជាជន​ថៃ​បានដាក់​ក្ដី​រំពឹង​យ៉ាងខ្ពស់​ទៅលើ​ការដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន ក្រោយពី​រដ្ឋាភិបាល​ថ្មី​បាន​បញ្ចេញ​គោលនយោបាយ​របស់ខ្លួន​ ដើម្បី​បន្ធូរបន្ថយ​ការបង់​ការប្រាក់ និង​ការបញ្ចុះ​ថ្លៃ​ឥន្ធនៈ​។​

​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បាន​ផ្សាយ​ថា ឯកជន​បាន​ស្នើឱ្យ​រដ្ឋាភិបាលចម្រុះ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​បង្កើត​កញ្ចប់​ណាមួយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។​

​លោកស្រី Thaniwan Koonmongkon ប្រធាន​សមាគម​ភោជនីយដ្ឋាន​ថៃ​បាន​និយាយថា លោកស្រី​ចង់ឱ្យ​រដ្ឋាភិបាល​ថ្មី​គិតគូរ​ទៅលើ​ការកាត់បន្ថយ​ថ្លៃដើម​នៃ​វត្ថុធាតុដើម​ព្រមទាំង​កាត់បន្ថយ​ថ្លៃ​ថាមពល ព្រោះថា​កត្តា​សំខាន់​ទាំង​​ ២ ​​នេះ​ដែល​រុញឱ្យ​ផលិតផល​សម្រេច​ឡើងថ្លៃ​។​

​លោកស្រី​បាន​បន្ត​៖ «​ការឡើង​ថ្លៃ​នៃ​សាំង​តែ ​១​ មុខ​វា​បាន​ប៉ះ​ពាល់​ដល់​ការដឹកជញ្ជូន​ដូច្នេះហើយ​បានជា​ភោជនីយដ្ឋាន​មួយចំនួន​ដំឡើងថ្លៃ​មុខម្ហូប​របស់​ពួកគេ​បន្តិចបន្តួច ​ឬក៏​ភោជនីយដ្ឋាន​ខ្លះ​បានធ្វើ​យុទ្ធនាការ​បញ្ចុះតម្លៃ​ដើម្បី​បង្កើន​ការលក់​ជាដើម​»​។​

​លោកស្រី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​គិតគូរ​ទៅលើ​ការផ្ដល់​ឥណទាន​ដែលមាន​ការប្រាក់​ទា​បស​ម្រា​ប់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ម្ហូបអាហារ​ដែល​លោកស្រី​ជឿ​ជាក់​ថា វិស័យនេះ​ជា​ផ្នែក​ដ៏​ធំ​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​។​

​លោក Sanga Ruangwattanakul ប្រធាន​សមាគម​នៃ​អាជីវកម្ម​តាម​ដងផ្លូវ Khao San​បានឱ្យដឹង​ដែរ​ថា ទីភ្នាក់ងារ​ទេសចរណ៍​ទាំងអស់​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​មក​បន្ថែម​ទៀត ជាពិសេស​គួរតែ​ពិនិត្យឡើងវិញ​នូវ​គោ​លន​យោ​​បាយ​ដែល​ទើប​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ចំពោះ​ការមិន​យក​ថ្លៃ​ទិដ្ឋាការ​ទៅលើ​ភ្ញៀវ​ចិន​។​

​លោក​បន្តថា​៖ «​ភ្ញៀវទេសចរ​ចិន​នៅតែ​ត្រូវការ​បង់ថ្លៃ​ទិដ្ឋាការ​ប៉ុន្តែ​នៅក្នុង​កម្រិត​មួយ​ទាប​ព្រោះថា ​១ ​ភាគ​ ៤​ នៃ​ភ្ញៀវទេសចរ​ដែល​ចូលទៅ​ទស្សនា​ប្រទេស​ថៃ គឺជា​ទេសចរ​ចិន​»​។​

​ប្រធាន​សមាគម​រូបនេះ​បាន​គូសបញ្ជាក់ថា​៖ «​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩​ ភ្ញៀវទេសចរ​ប្រមាណ​ ៤០​ លាន​នាក់​បាន​ចូលទៅ​ទស្សនា​ប្រទេស​ថៃ​ក្នុងនោះ​ប្រមាណ​ជា​ ១១​ លាន​នាក់​ជា​ភ្ញៀវ​ជនជាតិ​ចិន​។ សម្រាប់​ឆ្នាំនេះ​យើង​រំពឹងថា​ទទួលភ្ញៀវ​បាន ​២៥ ​លាន​នាក់​ដោយមាន​ទេសចរ​ចិន​ប្រមាណ​ជា ​៨​ លាន​នាក់​»​។​

​រដ្ឋាភិបាល​ថៃ​ថ្មី​ទើប​ចូលកាន់​តំណែង​កាលពីដើម​សប្តាហ៍​នេះ​ដោយ​បញ្ចប់​ភាពជាប់គាំង​នយោបាយ និង​បញ្ចប់​ការដឹក​នាំ​ពី​ក្រុម​យោធា​៕