ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូនមានសុទិដ្ឋិនិយមថាបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានឹងត្រូវបានដោះស្រាយ ហើយវិស័យដឹកជញ្ជូននឹងកាន់តែមានភាពប្រកួតប្រជែង ខណៈកម្ពុជាគ្រោងនឹងរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ក្នុងពេលឆាប់ៗ។
ក្រុមការងារ «ច» «ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ» កាលពីថ្ងៃទី ១២ ខែកញ្ញា បានរៀបចំកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនដែលមិនទាន់បានដោះស្រាយ និងបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំសំណើរួមស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ (ក្រសួងសាធារណការ និងដឹកជញ្ជូន) និងត្រៀមសម្រាប់វេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩។
កិច្ចប្រជុំនេះមានការចូលរួមពីលោក សូ ងួន សហប្រធានក្រុមការងារ «ច» ផ្នែកឯកជន, លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាអនុសហប្រធានក្រុមការងារ «ច» ផ្នែកឯកជន, តំណាងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា,តំណាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា, តំណាងសមាគមភ័ស្តុភារកម្មកម្ពុជា, តំណាងសមាគមសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា, និងក្រុមហ៊ុនផ្នែកឯកជនពាក់ព័ន្ធជាច្រើនទៀត។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែកញ្ញាថា កិច្ចប្រជុំនេះពិតជាសំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន ព្រោះអាចប្រមូលបានបញ្ហាប្រឈមរួមមួយចំនួន ដើម្បីត្រៀមលើកជាសំណើទៅរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗ។
លោកបន្ថែមថា មានបញ្ហាប្រឈមជិត ២០ ចំណុចត្រូវបានលើកឡើងក្នុងកិច្ចប្រជុំខាងលើ ដើម្បីពិភាក្សាគ្នាមុននឹងឈានទៅរៀបចំជាសេចក្តីព្រៀងរួមសម្រាប់វេទិការាជរដ្ឋាភិបាលផ្នែកឯកជន។
លោកថ្លែងថា៖«ខ្ញុំមានសុទិដ្ឋិនិយមថាបញ្ហាប្រឈមមួយចំនួនដែលវិស័យដឹកជញ្ជូនកម្ពុជាកំពុងជួបប្រទះ អាចនឹងត្រូវប្រមុខរាជរដ្ឋាភិបាលផ្តល់ដំណោះស្រាយមួយសមស្របនាវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ នាពេលខាងមុខ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីតែងតែលើកឡើងថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ខ្លាំងលើផ្នែកឯកជន ព្រោះជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចជាតិ»។
យោងតាមលោក ចាន់ដារ៉ា បញ្ហាសំខាន់ៗដែលបានលើកឡើងក្នុងកិច្ចប្រជុំខាងលើមានដូចជា បញ្ហាឯកសារដឹកជញ្ជូន, ការឆ្លងដែន, ការយកភាស៊ីនៅតាមចំណត និងការចូលរួមសម្របសម្រួលរបស់ក្រុមហ៊ុនធានារ៉ាប់រងពេលមានបញ្ហាកើតឡើង ជាដើម។
នៅក្នុងដំណើរទស្សនកិច្ចទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១២ ខែកញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំធ្វើឱ្យតម្លៃដឹកជញ្ជូននៅកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះរដ្ឋាភិបាលក៏នឹងបង្កើនការវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវល្បឿនលឿន, គម្រោងព្រែកជីកហ្វូណនតេជោ, ផ្លូវរថភ្លើងល្បឿនលឿនជាដើម ដើម្បីជួយតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។
វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងរយៈពេល ១ ឆ្នាំម្តង (លើកទី ១៨ បានរៀបចំក្នុងឆ្នាំ ២០១៩ ប៉ុន្តែត្រូវលើកពេលដោយសារការរីករាលដាលជំងឺកូវីដ ១៩) ជាយន្តការសន្ទនាដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំផ្ទាល់ និងមានការចូលរួមពីតំណាងផ្នែកឯកជន ឯកអគ្គរដ្ឋទូតបរទេស និងតំណាងស្ថាប័នអន្តរជាតិជាដើម។
វេទិកានេះផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕