ភ្នំពេញៈ រដ្ឋបាលថ្នាក់ជាតិនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ រកចំណូលបានជាង ១៥ ពាន់ពាន់លានរៀល(ជាង ៣,៦ ពាន់លាន) ដែលស្មើជិត ៥៩ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ នៅក្នុងនោះចំណូលពន្ធមានជាង ៨៥ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលប្រចាំខែកក្កដា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា ចាប់ពីខែមករា-កក្កដា ឆ្នាំ ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបាន ១៥ ៤០៧ ពាន់លានរៀល ស្មើនឹង ៥៨,៧០ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ក្នុងនោះចំណូលពន្ធ មានចំនួន ១៣ ១១១ ពាន់លានរៀល ស្មើនឹង ៨៥,១ ភាគរយនៃចំណូលសរុប, អំណោយ ៧៩០ ពាន់លានរៀល ស្មើ ៥,១ ភាគរយ, និងចំណូលផ្សេងៗ ១ ៥០៦ ពាន់លានរៀល ស្មើនឹង ៩,៧៧ ភាគរយ។
បើធៀបរយៈពេល ៧ ខែដូចគ្នាឆ្នាំ ២០២២ ការអនុវត្តចំណូល បានថយចុះ ១,៧ ភាគរយ ក្នុងនោះចំណូលពន្ធ ថយចុះ ២,៥៩ ភាគរយ, អំណោយ ថយចុះ ២៣,៤៩ ភាគរយ ចំណែកចំណូលផ្សេងៗកើនឡើង ២៧,៤ ភាគរយ។
ដោយឡែក ក្នុងខែកក្កដា ឆ្នាំ ២០២៣ ចំណូលរបស់រដ្ឋបាលថ្នាក់ជាតិមានចំនួន ១ ៨៩៩ ពាន់លានរៀល ស្មើនឹង ៧,២៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ដោយក្នុងនោះចំណូលពន្ធ ១ ៥២៣ ពាន់លានរៀល, អំណោយ ១០៩ ពាន់លានរៀល និងចំណូលផ្សេងៗ ២៦៧ ពាន់លានរៀល។
បើធៀបនឹងខែមិថុនា ឆ្នាំ ២០២៣ ការអនុវត្តចំណូល បានថយចុះ ១៥,០៩ ភាគរយ ក្នុងនោះចំណូលពន្ធថយចុះ ១០,០១ ភាគរយ, រីឯចំណូលផ្សេងៗកើនឡើង ៣៨,៦២ ភាគរយ។ ជាមួយគ្នានេះបើធៀបទៅនឹងខែកក្កដា ឆ្នាំ ២០២២ គឺការអនុវត្តចំណូល ថយចុះ ៨,៦៨ ភាគរយ ក្នុងនោះចំណូលពន្ធ ថយ ៩,៥៦ ភាគរយ, អំណោយថយ ៣៧,២៩ ភាគរយ និងចំណូលផ្សេងៗ កើនឡើង ២០,៥៤ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា សម្រាប់ការចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ ដែលបានអនុវត្តក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ គឺមានចំនួន ១៦ ៧២៧ ពាន់លានរៀល ស្មើនឹង ៥០,៨៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣។ បើធៀបនឹងរយៈពេល ៧ ខែដូចគ្នាឆ្នាំ ២០២២ ការចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ កើនឡើង ១៧,៣២ ភាគរយ។
សម្រាប់តុល្យភាពថវិការដ្ឋបាលថ្នាក់ជាតិ ផ្អែកតាមលទ្ធផលចំណូលចំណាយខាងលើ គឺការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិ ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ មានឱនភាព ១ ៣២០ ពាន់លានរៀល។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា៖ «ទោះបីក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ ការអនុវត្តចំណូលយឺត គួបផ្សំនឹងការអនុវត្តចំណាយលឿន បានធ្វើឱ្យថវិកាមានឱនភាព ប្រមាណ ១ ៣២០ ពាន់លានរៀល ប៉ុន្តែឱនភាពនេះស្ថិតក្នុងកម្រិតមួយទាបនៅឡើយ ពោលគឺស្មើនឹង ១៩,៨៨ ភាគរយនៃឱនភាពថវិកាប្រចាំឆ្នាំដែលបានគ្រោង។ ឱនភាពថវិការយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងបំណុលប្រមាណ ៣ ២៩២ពាន់លានរៀល និងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុប្រមាណ ១ ៩៧២ ពាន់លានរៀល»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីស្ថានភាពសេដ្ឋកិច្ចសកលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវល្អក៏ដោយ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស និងការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅតែមានដំណើរការល្អជាធម្មតា។ ស្ថិរភាពអាជីវកម្មក្នុងស្រុក និងការទទួលបានរោងចក្រ/សហគ្រាសថ្មីៗបានជួយឱ្យការប្រមូលចំណូលផ្ទៃក្នុង (ពន្ធដារ) កើនឡើងជាបន្តបន្ទាប់។
លោកបន្តថា នៅពេលរដ្ឋាភិបាលរកចំណូលបានកាន់តែច្រើន វានឹងជួយឱ្យរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើនក្នុងការយកថវិកាទាំងនោះទៅប្រើប្រាស់សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការវិនិយោគវិស័យសាធារណៈ បានកាន់តែច្រើនដែរ។
លោកនិយាយថា៖«ចំណូលរបស់រដ្ឋាភិបាលនឹងក្លាយជាប្រភពធនធានដ៏សំខាន់សម្រាប់រដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែឆាប់រហ័ស»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានចំនួនសរុប ៣១,៩៧ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៥២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១៥,៦៩ ពាន់លានដុល្លារ កើនឡើង ០,៣២ ភាគរយ ចំណែកការនាំចូល ១៦,២៨៣ លានដុល្លារ ធ្លាក់ចុះ ២៥,២ ភាគរយ។ ផ្អែកតាមស្ថិតិខាងលើ គឺពាណិជ្ជកម្មកម្ពុជាមានឱនភាព ៥៨៧,៩៦ លានដុល្លារ ខណៈរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មមានរហូតដល់ ៦ ១២២,១២ លានដុល្លារ៕