ភ្នំពេញៈ ទោះចំនួនទឹកប្រាក់នៃការនាំចេញ-នាំចូល ទំនិញរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះនៅបន្តភាពអវិជ្ជមាន ប៉ុន្តែសម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ គឺបានកើនឡើងតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយមានចំនួនជាង ៤,៣ ពាន់លានដុល្លារស្របពេលការនាំចេញរបស់កម្ពុជាឡើងរហូតដល់ជាង ១/៤ ដង។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
GDCE ឱ្យដឹងថា ពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៤,៣ ពាន់លានដុល្លារ កើន ១,៤ ភាគរយ ពីចំនួន ៤,២៤ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំនួននេះ គឺកម្ពុជានាំទៅវៀតណាម ១,៨៥ ពាន់លានដុល្លារ កើន ២៦,១ ភាគរយ និងវៀតណាមនាំចូលមកវិញ ២,៤៥ ពាន់លានដុល្លារ ថយចុះ ១១,៧ ភាគរយ។ តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាព ៥៩៦,៣៧ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួន ១,៣ ពាន់លានដុល្លារ។
សម្រាប់ខែសីហា ឆ្នាំ ២០២៣ ពាណិជ្ជកម្មសរុបប្រទេសទាំង ២ គឺ ៥៧៥,៧១ លានដុល្លារ កើន ២០,៣៧ ភាគរយពីចំនួន ៤៧៨,២៥ លានដុល្លារកាលពីខែសីហា ឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅវៀតណាម ២៥៣,៧១ លានដុល្លារ កើន ៧៧,៥ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣២២ លានដុល្លារ ធ្លាក់ចុះ ៤ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែកញ្ញាថា សម្ទុះនៃការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ បានចាប់ផ្តើមងើបឡើងវិញ ពិសេសការនាំចេញពីកម្ពុជាដែលកើនជាង ២៦ ភាគរយ។
ផលិតផលកសិកម្ម ជាចំណែកដ៏សំខាន់ដែលជួយឱ្យទឹកប្រាក់នាំចេញរបស់កម្ពុជាកើនឡើង ហើយការកើនឡើងនេះគឺទៅស្ទើរគ្រប់ប្រទេសទាំងអស់។ ភាគច្រើននៃកសិផលដែលកម្ពុជានាំទៅវៀតណាម ជាផលិតផលស្រស់ ឬមិនទាន់កែច្នៃ ដោយសារកម្ពុជាមិនទាន់មានឃ្លាំងស្តុក ឡសម្ងួត និងរោងចក្រ/សហគ្រាសកែច្នៃគ្រប់គ្រាន់។ លោកបន្តថា ពាណិជ្ជកម្មរវាងប្រទេសមានព្រំដែនជាប់គ្នាទាំង ២ នឹងកើនឡើងថែមទៀត ខណៈថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសទាំង ២ ទើបបានព្រមព្រៀងគ្នាស្តីពីចរាចរណ៍នៃទំនិញឆ្លងដែនប្រទេសទាំង ២។
លោកថ្លែងថា៖ «បច្ចុប្បន្នកម្ពុជាបាននាំចូលផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខពីប្រទេសវៀតណាម ខណៈទំនិញដែលកម្ពុជានាំទៅវិញភាគច្រើនជាផលិតផលកសិកម្ម និងធនធានធម្មជាតិ។ ដោយសារប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់គ្នា ដូច្នេះទឹកប្រាក់ពិតនៃការផ្លាស់ប្តូរពាណិជ្ជកម្មគឺមានលើសពីទិន្នន័យដែលកត់ត្រា»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះបាននិយាយថា ទោះការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវមានដំណើរការល្អ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺនៅតែមានភាពល្អ ពិសេសការនាំចេញ-នាំចូលផលិតផលកសិកម្ម។ លោកបន្តថា បច្ចុប្បន្នរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក៏កំពុងខិតខំជំរុញការវិនិយោគលើរោងចក្រកែច្នៃក្នុងស្រុកឱ្យបានច្រើនដើម្បីបង្កើនសក្តានុពលនាំចេញ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
លោកបញ្ជាក់ថា៖ «ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសវៀតណាម»។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,១៣ ពាន់លានដុល្លារ កើន ១៩,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅវៀតណាម ២,១៧ ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងវៀតណាមនាំមកកម្ពុជា ៣,៩៧ ពាន់លានដុល្លារ កើន ២៦,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕