ក្រុមបេសកកម្ម ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO) បានផ្តល់អនុសាសន៍ដល់កម្ពុជា គួរចាប់ផ្ដើមកសាងឡើងវិញនូវទ្រនាប់ថវិកាដើម្បីពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ បន្តតាមដាននិងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និងការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ការផ្តល់អនុសាសន៍ទាំង៣ចំណុចខាងលើនេះ ត្រូវបានលើកឡើងនាឱកាស លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបក្រុមបេសកកម្ម ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO) ដែលដឹកនាំដោយលោកប្រធាន លី គូឈីង ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះបានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ នេះ ដែលមានភាពធូរស្រាលបន្តិច ដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗមួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។
នាជំនួបនោះ លោក លី គូឈីង ប្រធានក្រុមបេសកកម្ម AMRO បានកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើង ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកល។
នៅក្នុងឆ្នាំ ២០២៣, AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥,៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិចជាងការវាយតម្លៃកាលពីដើមឆ្នាំក្តី។ កំណើននេះជំរុញដោយការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍, ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងលំនឹងសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពនៅទ្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ។
លោកបានបន្តថា កត្តាទាំងនេះបង្ហាញពីលទ្ធផលនៃការបន្តអនុវត្តវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹង ជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់។
លោកបានបញ្ជាក់ថា៖«ទោះបីរាជរដ្ឋាភិបាល បានបង្កើនចំណាយសម្រាប់ជួយអន្តរាគមន៍ទាំងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំងការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាច គ្រប់គ្រងបាន។ វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ - ពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន»។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងអំណរគុណចំពោះ AMRO ចំពោះការវាយតម្លៃពាក់ព័ន្ធនឹងស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាផ្តល់ទស្សនៈ និងអនុសាសន៍នានា សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង។
នាជំនួបនោះលោកបានបញ្ជាក់ថា៖«ទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតលើការពង្រឹងភាពធន់ទាំង ៥ ដូចមានក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ទី១ ភាពធន់នៃស្ថាប័នសាធារណៈ ទី២ ភាពធន់នៃសេដ្ឋកិច្ច ទី៣ ភាពធន់នៃសង្គម ទី៤ ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និងទី៥ ភាពធន់ផ្នែកបរិស្ថាន"៕