ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើរដ្ឋមន្ត្រីកសិកម្មចិនជួយសហការផ្នែកបច្ចេកទេស ដើម្បីជំរុញមុខទំនិញអាទិភាពចំនួន៣មុខ ដូចជា អង្ករ ស្វាយចន្ទី និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។
លោក ឌិត ទីណា បានស្នើបែបនេះ នៅអំឡុងពេលលោកជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននីងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង ២។
យោងតាមការប្រកាសនៅក្នុងហ្វេសប៊ុកក្រសួងកសិកម្ម កាលពីថ្ងៃទី ១៦ ខែកញ្ញា បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំង ២ រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, មន្ទីរពិសោធន៍ផលិតផលកសិកម្ម,មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។
លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានបញ្ជាក់ផងដែរ ពីយន្តការសម្រាប់ជំរុញអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងបានជាផលប្រយោជន៍ដល់ភាគីទាំងសងខាងនៅច្រករបៀង មច្ឆា និងអង្ករ ដែលភាគីទាំង ២ បានចុះហត្ថលេខាកាលពីថ្ងៃទី ១៥ ខែកញ្ញា ២០២៣ ដោយត្រូវរៀបចំគណៈកម្មការតម្រង់ទិស ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំង ២ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តឱ្យត្រូវតាមគោលនយោបាយដែលបានកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២។
លោកក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញនិងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។
លោកថា៖«ក្រុមការងាររបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (Foreign Economic Cooperation Center) នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិនដែលបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មកម្ពុជា ២០២៤-២០២៨»។
នាឱកាសនោះដែរ លោក Tang Renjian រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងការកោតសរសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សាសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។
លោក Tang Renjian ថា៖ «កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ។ យើងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជាដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង ២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ»។
ភាគីទាំង ២ បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការតម្រង់ទិសនិងក្រុមការងារបច្ចេកទេសរួម សម្រាប់ច្រករបៀងអង្ករ និងមច្ឆា និងឯកភាពថា ក្រុមការងារបច្ចេកទេស នឹងចាប់ផ្តើមកិច្ចប្រជុំឆាប់ៗដើម្បីកំណត់ផែនការសកម្មភាព និងលើកទិសដៅច្បាស់លាស់ក្នុងការអនុវត្តឈានទៅសម្រេចបាននូវជោគជ័យ ឆ្លើយតបទៅតាមទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង ២។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានថ្លែងនៅថ្ងៃទី ១៧ កញ្ញាថា កម្ពុជាជាប្រទេសមានការដាំដុះស្វាយចន្ទីច្រើន ខណៈដែលកន្លងទៅរាជរដ្ឋាភិបាល មានគោលដៅចង់ឱ្យកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទីថែមទៀតផង។ លោកបន្ថែមថា បច្ចុប្បន្នការនាំចេញស្វាយចន្ទីពីកម្ពុជាភាគច្រើនបំផុតគឺជាគ្រាប់ឆៅ និងបាននាំចេញទៅកាន់វៀតណាម ដូចនេះការជំរុញឱ្យមានការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ជារឿងដែលល្អប្រសើរ ដែលអាចផ្តល់តម្លៃបន្ថែមដល់ផលិតផលស្វាយចន្ទីកម្ពុជា។
ចំពោះការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិននេះដែរ កាលពីថ្ងៃទី ១៧ កញ្ញា នាអំឡុងពេលដឹកនាំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលក្នុងស្រុក អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានថ្លែងថា កាលពីថ្ងៃទី ១៦កញ្ញា ថ្មីៗនេះ កម្ពុជា បាននាំចេញបង្កងកណ្តូប និងប្រកាំង ដែលជាផលិតផលជលផលធម្មជាតិ ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណ ៤៥ គីឡូក្រាមជាលើកដំបូង។
កញ្ញាបានបញ្ជាក់ថា៖ «ការនាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិចំនួន ៤៥ គីឡូក្រាម ទៅកាន់ប្រទេសចិនជាលើកដំបូងនេះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុន Cambodia Tienit International Trading។ ក្រោយពីទទួលបានជោគជ័យហើយ ក្រុមហ៊ុនគ្រោងនឹងនាំចេញផលិតផលធម្មជាតិជាបន្តបន្ទាប់ ដោយការនាំចេញអាចទៅលើរដូវកាលនៃផលិតផលទាំងនោះ ដោយសារតែជាផលិតផលធម្មជាតិ»។
បើតាមអ្នកនាំក្រសួងកសិកម្ម កម្ពុជាបាននាំចេញផលិតផលជលផលនិងផលិតផលវារីវប្បកម្ម ៤ មុខហើយ ទាំងផលិតផលទឹកសាបនិងទឹកប្រៃស្មើនឹងបរិមាណជាង ២៥ តោនទៅកាន់ប្រទេសចិនជាផ្លូវការ ដែលផលិតផលទាំងនោះរួមមានដូចជា ត្រីប្រាកែច្នៃរួចចំនួន ១៤ តោន, កំពឹស និងអន្ទង់បង្កក ១១ តោន និងចុងក្រោយនេះ គឺបង្កងកណ្តូប ៤៥ គីឡូក្រាម៕