ភ្នំពេញៈ ទឹកប្រាក់ជិត ៣០៨ លានដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ ដែលធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងត្រីមាសទី២ ឆ្នាំ ២០២៣ មានសរុបជាង ១០,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៤ ភាគរយបើធៀបត្រីមាសទី១ ឆ្នាំ ២០២៣ ក្នុងនោះជិត ៩៩,៦ ភាគរយជាបំណុលសាធារណៈក្រៅប្រទេស។ ជាមួយនឹងឥណទានខាងលើ រាជរដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលជាង ២៤៧ លានដុល្លារអាមេរិកផងដែរ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) ដែលទើបចេញផ្សាយឱ្យដឹងថា ដោយគិតទាំងបំណុលមរតក គឺនៅត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ ពាន់លានដុល្លារអាមេរិកក្នុងនោះ ៩៩,៥៧ ភាគរយ ត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារអាមេរិកជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤ ភាគរយ និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦ ភាគរយ) និង ០,៤៣ ភាគរយ ត្រូវនឹងប្រមាណ ៤២,៥១ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។
បើតាមឯកសារខាងលើ គឺសមាសភាគបំណុលសាធារណៈទាំងនេះរួមមាន ៤៦ ភាគរយជាដុល្លារអាមេរិក, ២០ ភាគរយជាអេសដេអ៊ែរ, ១២ ភាគរយជាយន់ចិន, ១១ ភាគរយជាយ៉េន-ជប៉ុន, ៧ ភាគរយជាអឺរ៉ូ, និង ៥ ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ឯកសារខាងលើឱ្យដឹងទៀតថា ក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៣០៧,៦២ លានដុល្លារអាមេរិក សមមូលនឹង ២២៩,២៧ លានអេសដេអ៊ែរ។ សរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងសម្បទានថ្មីជា-មួយដៃគូអភិវឌ្ឍន៍នានាសរុប ៧៨៧,៥ លានដុល្លារអាមេរិក សមមូលទៅនឹង ៥៨៦,៩១ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៣ ៥ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៥១ ភាគរយ និងក្របខ័ណ្ឌពហុភាគី ៤៩ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបក្នុង ២ ត្រីមាសដំបូងឆ្នាំ ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ។
ឯកសារបញ្ជាក់ថា«ជារួមឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥ ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។
ជាមួយការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលសរុប ៦៦,៦៨ លានដុល្លារអាមេរិក។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុប ២៤៧,៣៦ លានដុល្លារអាមេរិក រួមមាន ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស ប្រមាណ ២៤៧,០៨ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ១៩០,៩៩ លានដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៥៦,០៩ លានដុល្លារអាមេរិក, និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានប្រមាណ ០,២៩ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ០ ដុល្លារអាមេរិក និងការប្រាក់ ០,២៩ លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺការទូទាត់សេវាបំណុលសរុបក្នុង ២ ត្រីមាសដំបូងឆ្នាំ ២០២៣ មានកំណើនប្រមាណ ១៦ ភាគរយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលវិបត្តិកូវីដ ១៩ និងពីកត្តាខាងក្រៅផ្សេងៗ។
លោកបញ្ជាក់ថា៖ «ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺវាអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ១.ក្របខ័ណ្ឌគតិយុត្ត, ២. គោលនយោបាយ, យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែកញ្ញាថា ឥណទានរបស់រដ្ឋាភិបាល គឺបានដើរតួនាទីសំខាន់សម្រាប់ជួយឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយគ្រាន់តែឥណទានរបស់រដ្ឋាភិបាលប្រទេសខ្លះតិច និងប្រទេសខ្លះច្រើនប៉ុណ្ណោះ។ លោកបន្តថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាតែងទទួលបានឥណទាននៅក្នុងអត្រាការប្រាក់ទាបពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ព្រមទាំងដៃគូផ្សេងៗផងដែរ។
លោកបញ្ជាក់ថា៖ «ការទទួលបានឥណទានជាបន្តបន្ទាប់នេះ គឺដោយសារតែប្រទេស/ដៃគូដែលផ្តល់ឥណទានទាំងអស់នោះ មើលឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានចំគោលដៅ និងសមត្ថភាព ព្រមទាំងភាពច្បាស់លាស់នៃការសងត្រឡប់ទៅវិញផងដែរ»។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ បានព្យាករថា បំណុលទូទៅសរុបរបស់រាជរដ្ឋាភិបាលកម្ពុជានឹងកើនដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ ដោយកើនពី ៣៦,៥ ភាគរយក្នុងឆ្នាំ ២០២២ ដែលជាអត្រាមួយទាបជាងប្រទេសសមាជិកអាស៊ានជាច្រើនទៀត។
របាយការណ៍បង្ហាញថា បំណុលសរុបរបស់រដ្ឋាភិបាលបានព្យាករថា នឹងកើនឡើងដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ដែលទាបជាងប្រទេសឡាវដែលបានព្យាករក្នុងចំនួន ១២៣ ភាគរយ, ប្រទេសមីយ៉ាន់ម៉ា ៦១,៣ ភាគរយ, សិង្ហបុរី ១៣៤,៥ ភាគរយ, ថៃ ៦១ ភាគរយ, ម៉ាឡេស៊ី ៦៧ ភាគរយ, ឥណ្ឌូនេស៊ី ៣៩,១ ភាគរយ និងហ្វីលីពីន ៥៦,៧ ភាគរយ ប៉ុន្តែខ្ពស់ជាងប្រទេសវៀតណាមបន្តិច ដែលមាន ៣៦,៣ ភាគរយ ខណៈប្រទេសប្រ៊ុយណេគ្មានបំណុល៕