នាយករដ្ឋមន្ត្រី​ថៃ​ដែល​ទើប​ឡើង​កាន់​តំណែង​​ លោក ស្រេ​ត​ថា​ ថា​វី​ស៊ីន ​អះអាងថា ខ្លួន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេសឥណ្ឌា​​ នៅ​មុន​ដំណាច់ឆ្នាំ​នេះដើម្បី​​​ពិភាក្សា​​​ជាមួយ​សមភាគី​ឥណ្ឌា​​អំពី​ការ​បង្កើត​ផលិត​ផល​ទេសចរ​ ជំរុញ​ការ​ទាក់ទាញ​ទេសចរ​​ពី​ប្រទេសឥណ្ឌា។

យោង​ការ​ផ្សាយ​របស់ Bloomberg ​ព្រះរាជាណាចក្រ​ថៃ​កំពុង​សម្លឹងមើល​អ្នក​ធ្វើដំណើរ​កម្សាន្ត​ពី​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​វិស័យ​ទេសចរណ៍ បើទោះបីជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ គ្រោង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ចិន និង​កា​ហ្សា​ក់​ស្ថាន​ក្នុង​រដូវ​វិស្សមកាល​ដ៏​មមាញឹក​ក៏ដោយ។

នាយក​រដ្ឋមន្ត្រី​ ស្រេ​ត​ថា បាន​និយាយថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំនេះ ដោយមាន​គម្រោង​ជួប​សម​ភាគី​របស់លោក គឺ​លោក Narendra Modi និង​ពិភាក្សា​អំពី​ការបង្កើន​ប្រេកង់​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ រួមទាំង​សេវាកម្ម​ជាច្រើន​ទៀត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ។

លោក ស្រេ​ត ថា បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​អំឡុង​វេទិកា​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​​ថា«មិនមាន​ជើងហោះហើរ​ចូល​ច្រើន​ពី​ប្រទេស​ឥណ្ឌា​នៅឡើយ​ទេ ដោយសារ​នយោបាយ​ផ្ទៃក្នុង។ ខ្ញុំ​សង្ឃឹមថានឹង​ទៅ​បំពេញ​ទស្សនកិច្ច​មុន​ដំណាច់ឆ្នាំ​ដើម្បី​ចរចា​លើ​បញ្ហា​នេះ»។

ប្រទេស​ថៃ​ក៏​អាច​នឹង​ពិចារណា​លើ​វិធានការ​ផ្សេងទៀត​ដើម្បី​ជំរុញ​ការមកដល់​របស់​ភ្ញៀវ​ទេសចរ​ឥណ្ឌា។

លោក​បាន​និយាយថា ទាំងនេះ​រួមបញ្ចូល​ទាំង​ការផ្តល់​ការលើកលែង​ពន្ធ​លើ​គ្រឿងអលង្ការ​ដែល​នាំចូល​សម្រាប់​ពិធីមង្គលការ​ឥណ្ឌា​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ ដែលជា​ទិសដៅ​ពេញនិយម​សម្រាប់​ពិធី​បែបនេះ។

គាត់​បាន​និយាយថា ដោយសារ​អ្នកទេសចរ​ឥណ្ឌា​អាច​ទទួលបាន​ទិដ្ឋាការ​ថៃ​យ៉ាង​ងាយស្រួល​រួចហើយ ការលើកលែង​ទិដ្ឋាការ​ប្រហែលជា​មិនចាំបាច់​ទេ។

ការអត្ថាធិប្បាយ​របស់​លោក ស្រេ​តថា ធ្វើឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ខុទ្ទកាល័យ​របស់លោក​បានអនុម័ត​ការលើកលែង​ទិដ្ឋាការ​បណ្តោះអាសន្ន​សម្រាប់អ្នកទេសច​រ​ចិន និង​កា​ហ្សា​ក់​ស្ថាន នៅមុន​រដូវ​កាល​ខ្ពស់​នេះ។

អ្នកទេសចរ​មកពី​ប្រទេស​ទាំងពីរ​អាច​ចូល​ប្រទេស​ថៃ​ដោយ​គ្មាន​ទិដ្ឋាការ​ចន្លោះ​ពីថ្ងៃ​ទី ២៥ ខែ​កញ្ញា​​ដល់​ថ្ងៃទី ២៩​ខែកុម្ភៈ ហើយ​អាច​ស្នាក់​នៅបាន​រហូតដល់៣០ថ្ងៃ​ក្នុង​មួយ​លើក៕​