ភ្នំពេញៈក្រុមហ៊ុន និងកសិកដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm រំពឹងទុកថានឹងនាំចេញត្រីទីឡាព្យ៉ាដែលកែច្នៃរួចរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសជប៉ុននៅឆ្នាំ២០២៤ ខាងមុខ ខណៈដែលក្រសួងកសិកម្មនិងអង្គការយូនីដូ (UNIDO) កំពុងប្រឹងប្រែងជួយដល់កសិដ្ឋាននេះឱ្យទទួលបានស្តង់ដាហាសាប់ (HACCP)។
លោក ចៅ សួស្តី អ្នកគ្រប់គ្រងក្រុមហ៊ុន និងកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ក្នុងខេត្តកណ្តាលបានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ខាងក្រុមហ៊ុនលោកមានគម្រោងនាំចេញត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុននៅឆ្នាំក្រោយបន្ទាប់ពីក្រុមហ៊ុនបានរៀបចំទីតាំងកសិដ្ឋានចិញ្ចឹមនិងកែច្នៃត្រីទីឡាព្យ៉ាថ្មី ឱ្យត្រូវតាមស្តង់ដាសម្រាប់ការនាំចេញ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំឯកសារសំខាន់មួយចំនួនទាក់ទងនឹងការទទួលបានស្តង់ដាសម្រាប់ការនាំចេញទៅក្រៅប្រទេស។
លោកបានបន្ថែមថា ទីតាំងថ្មីរបស់កសិដ្ឋាននេះ នៅក្នុងស្រុកពញាឮខេត្តកណ្តាល ស្ថិតនៅលើផ្ទៃដីទំហំជិត៥ហិកតាជិតដៃទន្លេ ជាទីដែលមានអំណោយផលសម្រាប់ការចិញ្ចឹមត្រី។
លោកបានប្រាប់ថា ៖ «យើងប្តូរមកទីតាំងនេះ មានភាពធំទូលាយជាងមុន ហើយនៅជិតដៃទន្លេ ដែលងាយស្រួលក្នុងការប្តូរទឹកសម្រាប់ការចិញ្ចឹមត្រីឱ្យលូតលាស់បានល្អស្របតាមស្តង់ដាដែលយូនីដូបានណែនាំ។យើងទទួលបានស្តង់ដាមួយហើយគឺស្តង់ដា CQS ដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែព្យាយាមអនុវត្តឱ្យល្អបន្ថែមទៀតដើម្បីទទួលបានស្តង់ដានាំចេញទៅក្រៅប្រទេសគឺស្តង់ដាហាសាប់ (HACCP)»។
ទោះជាយ៉ាងណា កសិដ្ឋានលោកនៅតែមានបញ្ហាប្រឈមមួយចំនួននៅពេលរដូវប្រាំង នៅដៃទន្លេមិនសូវមានទឹក ធ្វើឱ្យការចិញ្ចឹមជួបការលំបាកដោយសារគ្មានទឹកគ្រប់គ្រាន់ សម្រាប់ផ្លាស់ប្តូរហើយកសិដ្ឋានអាចកាត់បន្ថយការកែច្នៃខ្លះ។ យ៉ាងណាមិញចំពោះទីផ្សារក្នុងស្រុកវិញ លោក ចៅ សួស្តី បានឱ្យដឹងថា មានកំណើនបញ្ជាទិញគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមភោជនីយដ្ឋានបរទេស តាមផ្សារទំនើបនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។
ជុំវិញគោលដៅរបស់កសិដ្ឋាន Cambodia Fresh Farm ក្នុងការនាំចេញទៅក្រៅប្រទេសនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ក្នុងពេលដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចនៅកសិដ្ឋាននេះបានប្រាប់ថា ក្រសួងនឹងបន្តជួយគាំទ្រដល់កសិដ្ឋាន ជាពិសេសគាំទ្រលើផ្នែកបច្ចេកទេសដើម្បីឱ្យកសិដ្ឋានមានលទ្ធភាពក្នុងនាំចេញបានដោយរលូន។
ទោះជាបែបនេះក្តី កញ្ញា រចនា ក៏បានអំពាវនាវឱ្យកសិដ្ឋានទាំងអស់ព្យាយាមអនុវត្តឱ្យបានល្អដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ ជាពិសេសអនុវត្តឱ្យបានតាមស្តង់ដាដែលទីផ្សារខាងក្រៅត្រូវការ។
កញ្ញាបានបញ្ជាក់ថា ៖ «អំឡុងពេលនេះ យើងធ្វើយ៉ាងណាពង្រឹងសហគ្រាសយើងទាំងអស់ឱ្យអនុវត្តតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ដែលបានកំណត់ដោយទីផ្សារអន្តរជាតិ។វាមិនមានអ្វីជាឧបសគ្គធំដុំទេ ប្រសិនបើគាត់អនុវត្តទៅតាមអ្វីដែលគេចង់បានដូចជាស្តង់ដាឬនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) ឬក៏ស្តង់ដាហាសាប់ (HACCP) ជាដើម»។
ក្នុងដំណើរទស្សនកិច្ចទៅកាន់កសិដ្ឋាននោះដែរ លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ នៃអង្គការយូនីដូបានឱ្យដឹងដែរថា ពិតជាអាចទៅរួចដែលក្រុមហ៊ុន និងកសិកដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm អាចសម្រេចការនាំចេញរបស់ខ្លួនទៅក្រៅប្រទេស ដែលមិនត្រឹមទីផ្សារជប៉ុនទេ តែអាចនាំចេញបានទៅទីផ្សារអឺរ៉ុបផងដែរ ប្រសិនបើកសិដ្ឋាននេះអនុវត្តបានតាមស្តង់ដាហាសាប់ (HACCP)។
លោកបានបន្ថែមថា ទីតាំងកែច្នៃរបស់កសិដ្ឋាននេះគឺអនុលោមទៅតាមស្តង់ដាហើយ ប៉ុន្តែចំណុចខ្វះខាតរបស់គាត់គឺគាត់កំពុងតែរៀបចំឯកសារព្រោះថាដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាមួយ ត្រូវមានឯកសារ និងប្រព័ន្ធអង្កេតតាមដាន។
លោកបានបញ្ជាក់ថា៖ «យើងកំពុងតែជួយគាត់ឱ្យទទួលបានស្តង់ដា HACCP នេះ។ គាត់ទើបតែចូលរួមក្នុងគម្រោង CAPFIsh នេះបានជាង ១ ឆ្នាំ ប៉ុណ្ណោះ ដោយយើងចាប់ផ្តើមជួយគាត់ តាមរយៈការបណ្តុះបណ្តាល ដែលយូនីដូមានក្រុមការងារបច្ចេកទេសសម្រាប់ជួយគាត់លើការងារនេះដើម្បីទទួលបានស្តង់ដា CQS ពេញ និង HACCPផងដែរ»។
សូមបញ្ជាក់ថា CQS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ គឺដើម្បីរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មផលិតផលជលផល តែក្រសួងនឹងមិនបញ្ឈប់ត្រឹមនេះទេ CQS អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មផ្សេងទៀតដោយផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការ UNIDO ដូចនៅក្នុងគម្រោងនេះជាដើម។
ដោយឡែកស្តង់ដា HACCP គឺជាប្រព័ន្ធនៃការវិភាគគ្រោះថ្នាក់និងចំណុចត្រួតពិនិត្យសំខាន់ៗ សម្រាប់សុវត្ថិភាពចំណីអាហារជាស្តង់ដាខ្ពស់បំផុតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយសហគ្រិនឬអ្នកផលិតពិបាកក្នុងការទទួលស្តង់ដានេះ។ប៉ុន្តែក្រោយទទួលបានស្តង់ដានេះ អ្នកនាំចេញងាយស្រួលក្នុងការនាំចេញចំណីអាហារ ឬផលិតផលកសិកម្មកែច្នៃរួចរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសបានដោយងាយស្រួល៕