ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) បាន​លើកឡើងថា ក្រុមហ៊ុន​ឯកជន​ចំនួន​ ២​ បាន​ត្រៀមខ្លួន ក្នុងការ​បោះផ្សាយ​សញ្ញា​ប​ណ្ណ​បៃតង ដែលជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយទៀត​សម្រាប់​ផ្សារ​មូល​ប​ត្រ​កម្ពុជា ជាមួយនឹង​ការកើនឡើង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ស្រុកលើ​ការ​កៀរគរ​ទុន​ពី​ទីផ្សារ​មួយ​នេះ​ដែល​បានក្លាយ​ជា​ប្រភព​ទុន​ថ្មី​មួយទៀត​សម្រាប់​វិនិយោគិន​។​

​លោក​ ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​បានទទួល ឯកសារ​ផ្លូវការ​រួច​ហើយពី​ក្រុមហ៊ុន​ចំនួន​ ២ ​ក្នុងការ​ស្នើសុំ​ធ្វើការ​បោះផ្សាយ និង​ ១ ​ទៀត​កំពុង​បំពេញ​ឯកសារ​បន្ថែម​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​ធ្វើការ បង្ហាញ​ព័ត៌មាន​ផ្លូវការ​អំពី​ការស្នើសុំ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​ ២ ​ឬ ​៣​ សប្តាហ៍​ខាងមុខនេះ​។ ដូច្នេះ​យើង​នឹងមាន​ក្រុមហ៊ុន​កាន់តែច្រើន​ដែល​ចាប់អារម្មណ៍​ក្នុងការ​បោះផ្សាយ សញ្ញា​បណ្ណ​បៃតង​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​របស់​យើង​»​។​

​លោក​បាន​ថ្លែងថា រលក​បៃតង ដែល​ចាប់ផ្តើម​ជាមួយនឹង​ការបោះ​ផ្សាយ និង​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​បៃតង​របស់​ក្រុមហ៊ុន​ហ្គោល​ដេ​ន​ទ្រី បញ្ជាក់​ឱ្យឃើញថា​វិស័យ​មូល​ប​ត្រ​ក៏​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​លើកកម្ពស់​បរិស្ថាន​ជាស​កល ដើម្បី​សង្គមជាតិ និង​ពិភពលោក​ទាំងមូល​។

លោក​បាន​ថ្លែងថា​៖«​សម្រាប់​សមិទ្ធផល​បៃតង​ថ្មី​មួយ​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​នានា​ពិចារណា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​មូលធន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ជាពិសេស​ជាមួយនឹង​ការ​កៀរគរ​ទុន​ដោយ​បោះផ្សាយ និង​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​៣​ប្រភេទ​រួមមាន សញ្ញា​បណ្ណ​​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព​ដែល​ទាក់ទាញ​ទៅដល់​វិនិយោគិន​សាធារណៈ ក៏ដូចជា​វិ​និ​យោគិន​ស្ថាប័ន ថែមទាំង​ជួយ​គាំទ្រ​ទៅដល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ថ្លែង​មកកាន់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា រហូតមកទល់​ពេលនេះ លោក​ពុំទាន់​ទទួល​​បាន​ឯកសារ​ជា​ផ្លូវការ​អំពី​ការស្នើសុំ​បោះផ្សាយ​ពី​បណ្តា​ក្រុមហ៊ុន​នោះឡើយ​។ លោក​ថ្លែងថា​៖«​ខ្ញុំ​យល់ឃើញថា​ពួកគាត់​កំពុងធ្វើការ​ផ្ទៃក្នុង និង​ជាមួយ​អ្នក​ដែល​ជួយ​សម្របសម្រួល​ក្នុងការ​អនុលោម​ទៅតាម​ស្តង់ដា​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នេះ​។ ហេតុដូច្នេះ​ហើយ​ទើប​វា​ទាមទារ​ពេលវេលា​បន្តិច​ក្នុងការរៀបចំ​»​។​

​ក្រុមហ៊ុន​ហ្គោល​ដេ​ន​ទ្រី​បាន​ក្លាយជា​ក្រុមហ៊ុន​ក្នុងស្រុក​ដំបូង​គេ​បង្អស់​ដែល​បានធ្វើការ​បោះផ្សាយ​សញ្ញា​ប​ណ្ណ​បៃតង​បាន​កៀរគរ​មូលធន​ប្រមាណ​ជា ១,៤៦​ លាន​ដុល្លារ​កាលពី​ខែមករា​។​

​កាលពី​ខែមីនា ឆ្នាំ ​២០២៣ គណៈ​កម្ម​ការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​, វិទ្យាស្ថាន​កំណើន​បៃតង​សកល និង SERC ដោយ​សហការ​ជាមួយ​ស្ថាប័ន​ការធានា​ឥណទាន និង​វិនិយោគ (CGIF) និង​ក្រុមហ៊ុន GuarantCo ​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន បានដាក់​ឱ្យ​ដំណើរការ​គម្រោង​ជំរុញ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​។

​ក្រុម​ហ៊ុន ៣ ​ត្រូវ​ជ្រើសរើស​សម្រាប់​គម្រោង​នេះ រួមមាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Amret ដែល​នឹង​រៀបចំ​ចេញ​​សញ្ញា​បណ្ណ​និរន្តរភាព​មានតម្លៃ ៥០ លាន​ដុល្លារ​។ ក្រុមហ៊ុន Golden Tree Co. Ltd បោះផ្សាយ​លើក​ទី​ ២​ ក្នុង​ទឹកប្រាក់​ចំនួន ២៥​ លាន​ដុល្លារ និង​ក្រុមហ៊ុន Royal Group Phnom Penh SEZ នឹង​បោះផ្សាយ​ទឹកប្រាក់ ២០​ លាន​ដុល្លារ​៕