ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤ លើក ក្នុងរយៈពេល ២ សប្តាហ៍មក អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ ប៉ុន្តែ NBC នឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប។
យោងតាមសេចក្តីជូនដំណឹងរបស់ NBC ចេញផ្សាយកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ជាក់ថា ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។
ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្របដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀលនិងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានប្រាប់នៅថ្ងៃទី១៩ ខែកញ្ញាថា ការធ្វើអន្តរាគមន៍របស់ធនាគារជាតិនាពេលកន្លងមក បានធ្វើឱ្យអត្រាប្រាក់រៀលរក្សាតម្លៃបានល្អប្រសើរហើយ តែវានឹងកាន់តែប្រសើរទៀតនៅពេលធនាគារជាតិបន្តធ្វើអន្តរាគមន៍លើការរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់នេះ។
លោកបានបន្តថា ចំពោះរូបិយប័ណ្ណបរទេស ធនាគារជាតិមិនមានសិទ្ធិនោះទេ ប៉ុន្តែអ្វីដែលធនាគារជាតិអាចធ្វើបាន គឺការរក្សាស្ថិរភាពរូបិយប័ណ្ណប្រាក់រៀល ដែលជារូបិយប័ណ្ណរបស់ខ្មែរ ។
លោកបានបញ្ជាក់ថា៖ «ឃើញថា អ្វីដែលធនាគារជាតិបានធ្វើនាពេលកន្លងមក ឃើញថា ប្រាក់រៀលយើងមានភាពល្អប្រសើរច្រើន ហើយការបន្តធ្វើអន្តរាគមន៍បន្ថែមទៀតពីធនាគារជាតិនេះ គឺកាន់តែប្រសើរឡើងថែមទៀត ដើម្បីឱ្យប្រាក់រៀលរបស់យើងរក្សាតម្លៃល្អតទៅមុខទៀត ព្រោះថា ការងារនេះមិនមែនធ្វើតែម្តងហើយនោះទេ គឺគេធ្វើឡើងនៅពេលណាដែលគេយល់ឃើញថា វាមានការប្រែប្រួលខ្លាំង»។
បើតាមប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ធនាគារនេះបានចូលរួមដេញថ្លែចំនួន៦លើករួចមកហើយ ក្នុងទំហំទឹកប្រាក់ជាង២៤លានដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងដែរថា ការធ្វើអន្តរាគមន៍សាច់ប្រាក់នៅក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាជាភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ហើយវាជាការសមស្របដើម្បីឆ្លើយតបនឹងបញ្ហាដែលកំពុងកើតមាន។
លោកបានថ្លែងថា ប្រសិនបើមិនមានការធ្វើអន្តរាគមន៍បានទាន់ពេលវេលាទេនោះបញ្ហាអត្រាប្តូរប្រាក់នឹងមានការប្រែប្រួល ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រៀលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកហុង វណ្ណៈ បានបញ្ជាក់ថា៖«នេះជាវិធានការល្អសម្រាប់ធានានូវអត្រាប្តូរប្រាក់រវាងប្រាក់រៀលនិងប្រាក់ដុល្លារ។ចំណុចមួយទៀតខ្ញុំយល់ឃើញថា ការងារនេះគឺជាការងារចំពោះមុខ ដែលលុះណាតែស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ដោយរកវិធីសាស្ត្រជំរុញការចាយប្រាក់រៀលក្នុងស្រុក ជាពិសេសជំរុញការផលិតនូវផលិតផលក្នុងស្រុក ហើយជំរុញការប្រើប្រាស់ឱ្យបានជាអតិបរមា»។
បើតាម NBC ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន២ដង ក្នុង១សប្តាហ៍ គឺថ្ងៃពុធ និងថ្ងៃសុក្រ សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត៕