ភ្នំពេញៈ ​របាយកាណ៍​ពី​ក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុង​រយៈពេល ​៨ ​ខែ ឆ្នាំ​ ២០២៣ ​នេះ កម្ពុជាបានសម្រេច​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន ក្នុង​បរិមាណ​ ៨ ១១៨​ តោន កើនឡើង​ជាង ៣ ៧២០​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

​តាមរយៈ​កំណើន​នៃ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ប្រទេស​ចិន​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ថា ដោយសារតែ​គុណភាព​របស់​ផ្លែ​មៀន​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ពី​ខាង​ចិន និង​មាន​តម្រូវ​ការបញ្ជាទិញ​ច្រើន ទើប​មានការ​កើនឡើង​ច្រើន​បែបនេះ​។​

​កញ្ញា​បាន​បន្ថែមថា គ្រាន់តែ​ក្នុង​ខែសីហា ការនាំចេញ​ផ្លែ​មៀន​ស្រស់ សម្រេចបាន​៣ ២៥០​តោន ជា​បរិមាណ​ដ៏​ច្រើន ដែល​កំណើន​នេះ​ដោយសារតែ​មានការ​ផ្សព្វផ្សាយ​លក់​មៀន​ខ្មែរ​តាមរយៈ​ទីផ្សារ​អន​ឡាញ​នានា​របស់​ចិន ជាពិសេស​ការដាក់​លក់​នៅ​ផ្សារ​អន​ឡាញ​អា​លី​បា​បា ដែលជា​ផ្សារ​ដ៏​ធំ​របស់​ចិន​ផងដែរ​។​

​កញ្ញា អ៊ឹម រចនា បាន​បញ្ជាក់ថា ៖ «​គុណភាព និង​រសជាតិ ផ្លែ​មៀន​របស់​យើង ត្រូវបាន​ប្រជាជន​ចិន​ទទួលស្គាល់ថា មាន​រសជាតិ​ឆ្ងាញ់ និង​មានគុណ​ភាពល្អ សូម្បីតែ​កន្លងមក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចិន​ក៏បាន​យក​ផ្លែ​មៀន​ស្រស់​ដើម្បី​ទទួល​ផងដែរ​។​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ផលិតផល​ផ្លែឈើ​យើង​»​។

​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បច្ចុប្បន្ន​ក្រសួង​កំពុងតែ​ជួយ​កសិករ ដោយ​ធ្វើយ៉ាងណា​ពង្រឹង​ការដាំដុះ​ផ្លែ​មៀន​ប៉ៃលិន​នេះ ឱ្យមាន​គុណភាព សុវត្ថិភាព សម​ស្របតាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​ប្រទេស​ចិន​ចង់បាន​។​

​លោក សាយ ចំរើន តំណាង​ក្រុមហ៊ុន ឆាយ​ណា ជីន​វ័រ​យាន អ៊ី​ម​ផត អ៊ិ​ច​ផត ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិញ​មៀន​ប៉ៃលិន​ស្រស់​ពី​កសិករ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការនាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ស្រស់​ទៅកាន់​ប្រទេស​ចិន គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​គិត​ចាប់ពី​ខែកក្កដា​មក រហូតដល់​ពេលនេះ ក្រុមហ៊ុននាំចេញ​ផ្លែ​មៀន​ស្រស់ ចំនួន​៤៣​ទូ​កុងតឺន័រ​ហើយ ដែល​ស្មើនឹង​ប្រមាណ​ជា ១​ពាន់​តោន​។​

​ដ្បិតតែ​ការនាំចេញ បានធ្វើ​ឡើង​ដោយ​រលូន​ក៏ពិតមែន ប៉ុន្តែ​លោក ចំរើន ថា ការចំណាយ​ថ្លៃដើម​ខ្ពស់ ដោយសារ​តម្លៃ​ដឹកជញ្ជូន​តាម​កំពង់ផែ​ព្រះសីហនុ និង​នាំចេញ​តាម​កំពង់ផែ​វៀតណាម​មានតម្លៃ​ថ្លៃ ក្នុងនោះ​ការនាំចេញ​តាម​កំពង់ផែ​ព្រះសីហនុ​តម្លៃ​៣ ៤០០​ដុល្លារ ឯ​កំពង់ផែ​វៀតណាម​តម្លៃ ៣ ១០០​ដុល្លារ ក្នុង​១​ទូ​កុងតឺន័រ​។​

​លោក​បាន​បញ្ជាក់ថា​៖«​យើង​ស្នើ​សុំឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល ដឹកជញ្ជូន​តាម​ផែ​ប្រទេស​ថៃ​វិញ ដែលមាន​តម្លៃ​២៥០០​ដុល្លារ ក្នុង​១​ទូ​កុង​ទី​ន័​រ វា​ធូរ​ថ្លៃ​ជាង​ដឹក​តាម​ផែ​យើង និង​ផែ​វៀតណាម​។ ដោយសារ​ថៃ​គេ​មាន​នាំចេញ​មៀន​ស្រស់​ដែរ អ៊ីចឹង​គេ​មិនឱ្យ​យើង​ដឹក​ចេញ​តាម​ផែ​គេ​ទេ​»​។​

​ចំពោះ​ការប្រមូល​មៀន​ប៉ៃលិន​វិញ ប្រធាន​សមាគម​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​ប្រាប់​ឱ្យដឹងថា ការប្រមូល​ផល​ផ្លែ​មៀន បានចាប់ផ្តើម​ឡើង​តាំងពី​ខែកក្កដា​មកម្ល៉េះ ដោយ​នឹង​បន្ត​រហូតដល់​ខែឧសភា ឆ្នាំ​២០២៤ ដោយ​ដំណាំ​ប្រភេទ​នេះ អាច​ប្រមូល​ស្ទើរ​ពេញ​១​ឆ្នាំ ព្រោះតែ​ការប្រើប្រាស់​ថ្នាំ​សម្រាប់​បញ្ជា​ឱ្យចេញ​ផ្លែ​។​

​បើតាម​លោក ស៊ី​យ៉ា​ត ដំណាំ​មៀន​ប៉ៃលិន​ឆ្នាំនេះ ហាក់​មាន​បញ្ហា​ប្រឈម​ខ្លះ ដោយសារ​បញ្ហា​អាកាសធាតុ​រាំងស្ងួត ដែល​អាច​នឹង​ធ្វើឱ្យ​ផ្លែ​មៀន​ស្រស់​អន់​គុណភាព​។​បែបនេះ​ក្តី លោក​ថា មិនមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រមូល​ផល​សម្រាប់​នាំចេញ​នោះទេ​។​

​លោក ស៊ី​យ៉ា​ត បាន​បញ្ជាក់ថា​៖«​នៅ​តំបន់​មួយចំនួន​តូច​មានការ​ខ្វះខាត​ទឹក ខណៈដែល​ខេត្ត​ប៉ៃលិន​មាន​ភ្លៀង​ធ្លាក់​តិចតួច​ផង​នោះ បានធ្វើឱ្យ​ដំណាំ​មៀន​ប៉ៃលិន​នេះ​ជួប​បញ្ហា​ប្រឈម និង​អន់ថយ​គុណភាព​សាច់មៀន តែ​កន្លែង​ប៉ះពាល់​ហ្នឹង​មិន​ច្រើន​ទេ មាន​តិចតួច​ប៉ុណ្ណោះ ព្រោះថា​កសិករ​ភាគច្រើន​គេ​បុក​អណ្តូងទឹក​ផ្ទាល់ខ្លួន​»៕