ភ្នំពេញៈ ក្រុមហ៊ុនប្រមាណជាង ២៩ ពាន់ ដែលមានដើមទុនសរុបជិត ៨,៦ ពាន់លានដុល្លារ បានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ខណៈកាលពីដើមឆ្នាំ២០២៣ ចំនួនដើមទុនមានប្រមាណជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service (OBRS)។
តារាងវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុន ដែលបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ២៩ ៣១១ក្រុមហ៊ុនស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,៥៨ ពាន់លានដុល្លារ។ ៣៨ភាគរយនៃក្រុមហ៊ុនទាំងអស់នោះគឺមានម្ចាស់ជាស្ត្រី ស្មើនឹង ៦២ ភាគរយ មានម្ចាស់ជាបុរស។ កាលពីដើមឆ្នាំ២០២៣ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះបញ្ជី មានចំនួន ២០ ៦៩៣ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។
យោងតាម OBRS ក្នុងចំណោយទុនវិនិយោគទាំង ៨,៥៨ ពាន់លាន ដុល្លារ គឺផ្នែកសាងសង់ មានដើមទុនប្រមាណ ១,០៩ ពាន់លានដុល្លារ ស្មើនឹង ១២,៦ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៤២ លានដុល្លារ ស្មើនឹង ១១ភាគរយ, ផ្នែកអចលនទ្រព្យ (ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៩៣៩លានដុល្លារ ស្មើនឹង ១០,៩ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៨៣ លានដុល្លារ ស្មើប្រមាណ ៥,៦ ភាគរយ, កម្មន្ត សាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៣៩ លានដុល្លារ ស្មើ ៥,១ ភាគរយ, និងផ្នែកផ្សេងៗ មានដើមទុនប្រមាណ ៤,៧ ពាន់លានដុល្លារ ស្មើ ៥៤,៧ ភាគរយ។
ក្រៅពីនេះក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះឈ្មោះខាងលើ ក៏មានក្រុមហ៊ុនចំនួន ១៦ ៥៧៨ ដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុកនិងមានចំនួន ២ ត្រូវបានបដិសេធ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការកើនឡើងនៃចំនួនក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺដោយសារកត្តាចម្បងៗមួយចំនួនដូចជា ការជំរុញ និងការសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មពីសំណាក់អាជ្ញាធរ ព្រមទាំងការយល់ដឹងរបស់ម្ចាស់អាជីវកម្មចំពោះកាតព្វកិច្ចរបស់ខ្លួន។
នៅពេលគ្រប់អាជីវកម្មសុទ្ធតែត្រូវបានចុះបញ្ជី វានឹងជួយឱ្យការធ្វើអាជីវកម្មប្រកបដោយភាពស្មើគ្នា ក៏អាចជួយឱ្យរដ្ឋាភិបាលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងជួយអន្តរាគមន៍ចំពោះអាជីវកម្មណា ដែលមានបញ្ហាដែរ។ លោកបន្តថា ក្រៅពីនេះរដ្ឋាភិបាលក៏អាចរៀបចំ និងគ្រប់គ្រងប្រព័ន្ធបង់ពន្ធដាឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពជាងមុន។
លោកបន្ថែមទៀតថា៖«បន្ទាប់ពីដាក់ឱ្យអនុវត្តចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ មក គឺចំនួនក្រុមហ៊ុនដែលមកចុះបញ្ជីបានកើនឡើងជាបន្តបន្ទាប់។ កំណើនក្រុមហ៊ុនចុះបញ្ជី អាចឱ្យយើងដឹងថា សកម្មភាពអាជីវកម្មនៅកម្ពុជាគឺមានដំណើរទៅមុខល្អប្រសើរ»។
លោកបានលើកឡើងទៀតថា ទន្ទឹមនឹងចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាកើនឡើង ចំនួនក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិដែលទទួលបានការយល់ព្រមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យវិនិយោគនៅកម្ពុជាក៏កំពុងមាននិន្នាការកើនឡើងច្រើនដែរនាពេលថ្មីៗនេះ។
យោងតាម CDC កាលពីសប្តាហ៍មុន មានគម្រោងវិនិយោគចម្រុះចំនួន ៦ ដែលមានទុនវិនិយោគសរុប ៣៤,៦លានដុល្លារ និងបង្កើតការងារបាន ៧ ៥៨៤កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគ ដោយក្នុងនោះ ៣ ស្ថិតក្នុងរាជធានីភ្នំពេញ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន៦ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលពី២នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី២២ ខែមិថុនាដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត៕