ភ្នំពេញៈ កម្ពុជា-នីហ្សេរីយ៉ា បានសន្យានឹងខិតខំរកមធ្យោបាយដើម្បីធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យមានទំហំកាន់តែធំបន្ថែមទៀត ខណៈផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករអាចនឹងមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញទៅទីនោះ។
ការសន្យានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ានៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) លោកលន់យ៉េងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែកញ្ញាថា ទោះបីនីហ្សេរីយ៉ាជាប្រទេសធំ និងមានប្រជាជនច្រើន ប៉ុន្តែការនាំចេញអង្ករកម្ពុជាទៅទីនោះគឺមានបរិមាណតិចតួចប៉ុណ្ណោះ ដោយបច្ចុប្បន្នទីផ្សារនាំចេញអង្ករធំរបស់កម្ពុជាទៅទ្វីបអាហ្វ្រិក គឺប្រទេសហ្គាបុង ហ្គាណា និងកូឌីវ័រ ជាដើម។ លោកបន្តថា បើនីហ្សេរីយ៉ាអាចបញ្ជាទិញអង្ករពីកម្ពុជាច្រើននោះ ជាការល្អណាស់ ព្រោះវាមិនត្រឹមតែជួយលើកកម្ពស់គុណភាព និងតម្លៃអង្ករប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកទឹកចិត្តប្រជាកសិករ និងអ្នកវិនិយោគឱ្យបង្កើនការវិនិយោគលើវិស័យស្រូវអង្ករផងដែរ។
លោកបានថ្លែងថា៖«ក្នុងនាមជាអ្នកនាំចេញអង្ករយើងតែងខិតខំជំរុញការនាំចេញឱ្យបានកាន់តែច្រើនគោលដៅ។ គ្រប់ប្រទេស គឺជាគោលដៅនាំការនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា»។
ទោះយ៉ាងណា លោក លន់ យ៉េង ប្រាប់ថា ការវិនិយោគលើវិស័យស្រូវអង្ករនៅបណ្តាប្រទេសតំបន់អាហ្វ្រិកក៏កំពុងកើនឡើងផងដែរនាពេលនេះ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថាក្នុងរយៈពេល ៨ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៤០១ ៦៩៩តោន ស្មើនឹងជិត៥៨ភាគរយនៃផែនការនាំចេញអង្ករចំនួន ៧០ម៉ឺនតោនក្នុងឆ្នាំ២០២៣។ ទឹកប្រាក់ដែលទទួលបានពីការនាំចេញអង្ករក្នុងរយៈពេលខាងលើ គឺប្រមាណ ២៧៨,៦៥លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា បើកម្ពុជាអាចជំរុញការនាំចេញទំនិញទៅប្រទេសនីហ្សេរីយ៉ាគឺជាការល្អណាស់ព្រោះប្រទេសនេះមានប្រជាជនច្រើន(ប្រមាណជាង ២៣០លាននាក់) និងមានសេដ្ឋកិច្ចធំផងដែរលើពិភពលោក។ ជាមួយនឹងសមត្ថភាពផលិតដែលមានលក្ខណៈកាន់តែចម្រុះនាពេលនេះ គឺកម្ពុជាប្រាកដជាមានផលិតផលច្រើនដែលត្រូវនឹងតម្រូវការនៅប្រទេសនីហ្សេរីយ៉ា។
លោកបន្តថា៖«ខ្ញុំសង្ឃឹមថានៅពេលខាងមុខនេះទំនិញកម្ពុជានឹងមានវត្តមានច្រើននៅប្រទេសនីហ្សេរីយ៉ា ខណៈកត្តាចំនួនប្រជាជនច្រើន គឺជាអ្វីដែលអ្នកនាំចេញចង់បាន»។
កាលពីខែកក្កដា ឆ្នាំ២០២២ នៅក្នុងជំនួបជាមួយលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី Folakemi I. Akinleye ធ្លាប់បានលើកឡើងថា នីហ្សេរីយ៉ា មានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជាទាក់ទងនឹងការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស កសិកម្ម និងបានស្នើឱ្យកម្ពុជា-នីហ្សេរីយ៉ាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ តាមរយៈការពិនិត្យលទ្ធភាពវិនិយោគរួមគ្នាលើវិស័យអាទិភាពមួយចំនួន ដើម្បីបម្រើសេចក្តីត្រូវការទៅវិញទៅមក និងការដោះដូរពាណិជ្ជកម្មទ្វេភាគី។
លោក ឱក ប៊ុង បានស្នើឱ្យនីហ្សេរីយ៉ា ពិចារណាលើការនាំចូលទំនិញពីកម្ពុជាដូចជា ផលិតផលសម្លៀកបំពាក់ស្បែកជើងសម្ភារធ្វើដំណើរកង់ និងកសិផល(អង្ករ ដំឡូងមី ផ្លែមៀន និងស្វាយជាដើម)។ បន្ថែមលើនេះ លោកក៏ស្នើឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាំងស្ថាប័នរដ្ឋ និងឯកជននីហ្សេរីយ៉ាដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងវិនិយោគ និងវិស័យសក្តានុពលគួរវិនិយោគរវាងប្រទេសទាំង២៕