ភ្នំពេញៈ ប្រាក់ជាង ៥២ លានដុល្លារត្រូវបានអគ្គនាយកដ្ឋានពន្ធដាររកបានពីការប្រមូលពន្ធលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ខណៈអាជីវកម្មតាមប្រព័ន្ធអនឡាញនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាបានរីកចម្រើនកាន់តែលឿន។
សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ ការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបាន ២១១,២៤ ពាន់លានរៀល ស្មើនឹងប្រមាណ ៥២,១៦ លានដុល្លារ។
ក្នុងនោះខែសីហា មានទឹកប្រាក់ ២៤,៤៥ ពាន់លានរៀល (៦,០៤ លានដុល្លារ)។ សម្រាប់ប្រាក់ពន្ធដែល GDT ប្រមូលបានសរុបក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៣ គឺមានចំនួន ១០ ៣២៩,៧៨ ពាន់លានរៀល ឬប្រមាណ ២ ៥៥០,៥៦ លានដុល្លារ ស្មើនឹង ៧១,៤១ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ចំនួនប្រាក់ពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានកើនកាន់តែច្រើនពី ១ ឆ្នាំទៅ ១ ឆ្នាំ ដោយកាលពីឆ្នាំ ២០២២ ការប្រមូលពន្ធពីប្រតិបត្តិការនេះមានសរុបត្រឹមតែ ៣៧,៦២ លានដុល្លារ ក្នុងចំណោមប្រាក់ដែល GDT រកបាន ៣ ៤៥៥,១១ លានដុល្លារ។
ក្នុងកិច្ចប្រជុំនៅទីស្នាក់ការអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៤ ខែកញ្ញា លោក គង់ វិបុល អគ្គនាយក GDT បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារប្តេជ្ញានឹងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងបន្តអនុវត្តការងារកំណែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា៖«កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ ២០១២ រហូតមកបានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ដែល[រដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់] ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែង ស្រុះដៃគ្នា អនុវត្តការងារដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននិរន្តរភាព ចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ»។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី ១៩ ខែកញ្ញា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យមនុស្សអាចស្វែងរកទំនិញតាមប្រព័ន្ធអនឡាញ ភាពមមាញឹកនៃពេលវេលា និងបញ្ហាចរាចរណ៍ បានជួយធ្វើឱ្យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្តការរីកចម្រើនជាបន្តបន្ទាប់ និងពេញនិយមកាន់តែខ្លាំងនៅកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោកបន្តថា កំណើនប្រាក់ពន្ធដែល GDT ប្រមូលបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបញ្ជាក់ថា ទីផ្សារអនឡាញនៅកម្ពុជាកំពុងមានភាពមមាញឹកខ្លាំង ពិសេសអ្នកមានវ័យកណ្តាល។
លោកថ្លែងថា៖ «ចំណូលពន្ធនេះ នឹងមានកាន់តែច្រើននៅពេលអនាគត ខណៈប្រតិបត្តិការពាណិជ្ជកម្មតាមអនឡាញនឹងមានសកម្មភាពកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ»។
បើតាមលោក វណ្ណៈ ចំណូលពី E-Commerce នឹងកើនខ្ពស់ថែមទៀត ប្រសិនបើរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជា លោក ឈិន កេន បាននិយាយថា បច្ចេកវិទ្យាទំនើប (Digitalization) ពិតជាបានចូលរួមចំណែកច្រើននៅគ្រប់ចង្វាក់ផលិតកម្មនៅកម្ពុជាដោយរាប់ចាប់តាំងពីការធ្វើអាជីវកម្មខ្នាតតូច រហូតដល់ការដោះដូរពាណិជ្ជកម្មជាអន្តរជាតិ។ កំណើននៃការប្រើប្រាស់ស្មាតហ្វូន បានធ្វើឱ្យចរន្តនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជាកើនឡើងយ៉ាងលឿន។
លោកបានបន្តថា បច្ចេកវិទ្យាទំនើបធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានផលចំណេញជាច្រើនដូចជា ជួយកាត់បន្ថយការចំណាយថវិកាផ្សេងៗ រយៈពេលធ្វើដំណើរ និងមានភាពឆាប់រហ័សជាងមុន។
លោកបានប្រាប់ថា៖ «បច្ចេកវិទ្យាទំនើបកំពុងតែចូលរួមជួយលើកកម្ពស់ទីផ្សារផលិតផលកសិកម្មបានយ៉ាងច្រើន ព្រោះតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកផលិត និងអ្នកបញ្ជាទិញ គឺអាចផ្ញើរូបភាពពីផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់ភាគីម្ខាងទៀតបានដោយឆាប់រហ័ស និងចំណាយតិចបំផុត។ ប្រព័ន្ធបច្ចេកវិទ្យាក្លាយជាផ្នែកសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះទៅមុខកាន់តែលឿន»។
រដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានកំណើនប្រមាណ ៥,៦ ភាគរយដូចគ្នាទៅនឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបានកំណើនត្រឹម ៥,២ ភាគរយ៕