
សកម្មភាពក្រុមកម្មករកំពុងដេរសម្លៀកបំពាក់។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញក្រសួងរ៉ែ និងថាមពល ឱ្យបញ្ចុះថ្លៃអគ្គិសនីក្នុងវិស័យផលិតកម្មដើម្បីជំរុញផលិតភាពនៅក្នុងស្រុកចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ថ្លែងក្នុងពិធីចុះពិនិត្យរោងចក្រកាត់ដេរ នៅខេត្តតាកែវ កាលពីថ្ងៃទី ១៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិស្របពេលរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយពួកគេ ដើម្បីសម្រួលដល់ការរីកលូតលាស់របស់ពួកគេ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ល្ងាចមិញ [ថ្ងៃទី ១៨] ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាពអាចសាកល្បងនៅក្នុង ៣ ខែនេះ ជាពិសេសចុងឆ្នាំនេះយើងអាចពិនិត្យមើលក្នុងការផលិតនៅក្នុងការអនុគ្រោះថ្លៃអគ្គិសនីកម្រិតណាមួយសម្រាប់សហគ្រាស បើសិនជាមិនបានគ្រប់សហគ្រាស ក៏បានខ្លះ ពិសេសសហគ្រាសវិស័យឧស្សាហកម្ម និងកសិកម្មដែលផលិតច្រើន និងប្រើថាមពលច្រើន។ ដូច្នេះបើសិនថ្លៃភ្លើងថោកពួកគាត់នឹងពង្រីកផលិតកម្មថែមទៀត។ ឱ្យតែពួកគាត់ពង្រីក (ផលិតកម្ម)ច្រើន នាំចេញច្រើន នោះនឹងបង្កើតការងារថែមទៀតជូនប្រជាពលរដ្ឋ»។
យោងតាមលោក កែវ រតនៈ ដែលមានវត្តមាននៅក្នុងពិធីសំណេះសំណាលនោះបានឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រីថា តាមអ្វីដែលលោកបានសិក្សាគឺនឹងមានប្រមាណ ២ ម៉ឺន ១ ពាន់សហគ្រាស ដែលអាចនឹងបានទទួលការអនុគ្រោះបញ្ចុះតម្លៃអគ្គិសនីនេះ។
អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) លោក កាំង ម៉ូនីកា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា គំនិតផ្តួចផ្តើមពីលោកនាយករដ្ឋមន្ត្រីនឹងផ្តល់អត្ថប្រយោជន៍សម្រាប់វិស័យឧស្សាហកម្ម នៅក្នុងការជំរុញផលិតផលរបស់ពួកគេ និងធ្វើឱ្យឧស្សាហកម្មមានភាពប្រកួតប្រជែងកាន់តែខ្លាំង។
លោកបានប្រាប់ថា៖ «យើងសង្ឃឹមថា ក្រសួងរ៉ែ និងថាមពល នឹងចាត់វិធានការយ៉ាងឆាប់រហ័ស ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីដើម្បីជួយដល់វិស័យឧស្សាហកម្មជាទូទៅ ពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ ក្នុងនាមជាវិស័យផលិតកម្ម ថ្លៃផលិត គឺជាគន្លឹះក្នុងការប្រកួតប្រជែង ដូច្នេះអ្វីដែលអាចរួមចំណែកនៅក្នុងការកាត់បន្ថយចំណាយ គឺពិតជាមានសារៈសំខាន់ណាស់»។
លោក ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ក្រសួងរ៉ែ និងថាមពលទៀតថា៖ «កុំចាំអនុវត្តនៅឆ្នាំក្រោយ យើងត្រូវអនុវត្តភ្លាមគឺអាចគិតចាប់ពីខែតុលានេះសាកល្បង។ បើដំណើរការល្អ មាននិរន្តរភាពយើងអាចពិនិត្យនិងពិចារណាបន្តទៀត»។
ការនាំចេញទំនិញកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ សម្រេចបានជាង ១១ ពាន់លានដុល្លារ កើនឡើងតិចតួចធៀបនឹងឆមាសទី១ ឆ្នាំ ២០២២ ខណៈដែលទំហំពាណិជ្ជកម្មអន្តរជាតិសរុបបានបន្តធ្លាក់ចុះ ១៣ ភាគរយ។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់សរុប ១១,៤៦ ពាន់លានដុល្លារ កើនឡើង ០,៧៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកឯទំនិញដែលប្រទេសកម្ពុជានាំចូលពីទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺមានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ ធ្លាក់ចុះ ២២,៩ ភាគរយ៕