ភ្នំពេញៈ ក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសហគមន៍ធុរកិច្ចបានបើកកិច្ចពិភាក្សាអំពីការរៀបចំចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០៤៥ ក្នុងគោលបំណងធ្វើឱ្យអ្នកធ្វើធុរកិច្ចទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។
កិច្ចពិភាក្សានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទល់មុខគ្នាលើកដំបូងស្តីពីរបៀបវារៈក្រោយឆ្នាំ ២០២៥ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កាលពីថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការកណ្តាលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលជាវេទិកាសម្រាប់ក្រុមការងារកម្រិតខ្ពស់នេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិស័យធុរកិច្ចក្នុងការរៀបចំចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០៤៥។
កិច្ចប្រជុំនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានអាស៊ាន ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើម Aus4ASEAN Future និងមានការចូលរួមពីសមាជិកនៃក្រុមការងារជាន់ខ្ពស់នេះតំណាងសមាគមធុរកិច្ចក្នុងតំបន់ សភាធុរកិច្ចថ្នាក់ជាតិ និងសហគ្រាសដែលមានមូលដ្ឋាននៅបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីរបៀបវារៈ និងបញ្ហាអាទិភាពដែលមានសក្តានុពលនៃចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥។
លោកស្រី Netty Muharni ប្រធានក្រុមការងារសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ ២០២៥ ចំណុះក្រុមការងារជាន់ខ្ពស់នេះបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ផែនការនៃចក្ខុវិស័យនេះដោយធ្វើយ៉ាងណាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយបរិយាប័ន្ន និងមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រាកដថា អ្នកពាក់ព័ន្ធទាំងអស់បានចូលរួមនៅក្នុងដំណើរការរៀបចំចក្ខុវិស័យនេះ។
លោកស្រីបានថ្លែងថា៖ «សហគមន៍ធុរកិច្ចដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដែលជាអ្នកបង្កើតការងារ ជំរុញពាណិជ្ជកម្ម និងបង្កើតគំនិតច្នៃប្រឌិតនៃដំណោះស្រាយ»។
លោក Satvinder Singh អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ានក៏បានថ្លែងសង្កត់ធ្ងន់ថា ផែនការនៃចក្ខុវិស័យអាស៊ានសម្រាប់ឆ្នាំ ២០៤៥ គួរតែសម្លឹងមើលទៅមុខ នៅតែមានភាពរហ័សរហួន អាចសម្របខ្លួនបាន មានការតម្រង់ទិស មានភាពច្នៃប្រឌិត និងប្រកបដោយបរិយាប័ន្នក្នុងបរិយាកាសក្រោយឆ្នាំ ២០២៥។
ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋានអាស៊ានបានបញ្ជាក់ថា៖ «តំណាងសហគមន៍ធុរកិច្ចបានកោតសរសើរចំពោះវិធីសាស្ត្រដ៏សកម្មរបស់អាស៊ានក្នុងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំគោលដៅ និងអាទិភាពរបស់ចក្ខុវិស័យឆ្នាំ២០៤៥»។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ទន្ទឹមនឹងការទទួលស្គាល់ពីវឌ្ឍនភាពគួរឱ្យកោតសរសើរ ដែលអាស៊ានសម្រេចបានក្នុងការកាត់បន្ថយរបាំងទីផ្សារ សហគមន៍ធុរកិច្ចបានអំពាវនាវឱ្យរបៀបវារៈចក្ខុវិស័យឆ្នាំ ២០៤៥ នេះប្រកបដោយមហិច្ឆតា និងប្រាកដប្រជាដែលអនុញ្ញាតឱ្យអ្នកធុរកិច្ចទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះ សហគមន៍ធុរកិច្ចនានា ត្រូវបានអញ្ជើញឱ្យលើកឡើងពីកង្វល់ និងបំណងប្រាថ្នារបស់ខ្លួនអំពីចក្ខុវិស័យឆ្នាំ ២០៤៥ នេះ នៅក្នុងទម្រង់បែបបទដែលធ្វើការផ្សាយបន្តផ្ទាល់តាមអនឡាញរហូតដល់ថ្ងៃទី ១៨ ខែតុលា។
កិច្ចប្រជុំទល់មុខគ្នានេះ គឺជាដំណើរការភ្ជាប់ទំនាក់ទំនងលើកដំបូងនៃការរៀបចំចក្ខុវិស័យនេះ ដែលសហគមន៍អាស៊ាន នឹងបន្តដំណើរការនេះ ជាមួយអ្នកពាក់ព័ន្ធរបស់ខ្លួនផ្សេងទៀត ខណៈដែលកិច្ចពិភាក្សានានាគ្រោងនឹងធ្វើឡើង នៅប៉ុន្មានខែខាងមុខនេះជាមួយនឹងក្រុមអ្នកជំនាញនៅក្នុងតំបន់ អង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូនានា នៅខាងក្រៅអាស៊ានផងដែរ៕