​ភ្នំពេញៈ អ្នក​នៅក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍​ប្រទេស​កម្ពុជា មើលឃើញថា ការរីកចម្រើន​ប្រកបដោយ​សក្តានុពល​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នឹង​កាន់តែ​រីកចម្រើន​នៅពេល​មានការ​បើក​ជើងហោះហើរ​ត្រង់​កាន់តែច្រើន​ជាមួយ​ប្រទេស​ផ្សេងទៀត ខណៈ​ថ្មីៗ​នេះ ប្រទេស​នូ​វែ​ល​សេ​ឡង់​ បានបញ្ចប់​ការចរចា​ដោយ​ជោគជ័យ​សម្រាប់​កិច្ច​ព្រមព្រៀង​សេវាកម្ម​ផ្លូវអាកាស​ (ASA) ជាមួយ​អាស៊ាន​។​

​យោងតាម​សារព័ត៌មាន ch-Aviation បន្ទាប់ពី​ការចរចា​ដោយ​ជោគជ័យ​លើ​កិច្ច​ព្រម​ព្រៀង ASA ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត ដែល​បាន​ធ្វើឡើង​នៅក្នុង​អំឡុង​កិច្ចចរចា​ជុំ​ចុងក្រោយ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​អាស៊ាន និង​ប្រ​ទេស​នូ​វែ​ល​សេ​ឡង់ ​(ANZ-ASA) នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​បណ្ដា​ប្រ​ទេស​ហត្ថលេខី​ដើម្បី​ប្រតិបត្តិ​ការ​សេវា​ដឹក​អ្នកដំណើរ និង​/​ឬ​ទំនិញ​បន្ថែមទៀត​រវាង​តំបន់​អាស៊ាន និង​ប្រ​​ទេស​នូ​វែ​ល​សេ​ឡង់​។​

​ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ ក្នុង​ពិធី​សារ​ទី ១ នៃ​កិច្ចព្រមព្រៀង ANZ-ASA ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ទទួលបាន​សិទ្ធិ​អាច​ប្រតិបត្តិការ​រវាង​ប្រទេស​អា​​ស៊ាន និង​នូ​វែ​ល​សេ​ឡង់ ជាមួយ​សិទ្ធិ​​សេរីភាព​ចរាចរណ៍​ទី​៣ និង​ទី​៤ មិន​កំណត់​។ លើសពីនេះ ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​ទទួល​សិទ្ធិ នឹង​អាច​ហោះ​ហើរ​បាន​រហូតដល់​សេវា​ប្រចាំ​សប្ដាហ៍​ចំនួន ៧ ជាមួយនឹង​សិទ្ធិសេរីភាព​ច​រា​​ចរណ៍​ទី​៥ បន្ថែម​ពីលើ​សិទ្ធិ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយៗ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ រយៈ​​ពេល​ ១ ​ឆ្នាំ ចាប់ពី​ថ្ងៃ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​នេះ និង​រហូតដល់ ១៤ ​សេវាកម្ម​ប្រចាំ​សប្តាហ៍​ជាមួយនឹង​សិទ្ធិ​សេរីភាព​ចរាចរណ៍​លើក​ទី​៥ បន្ថែម​លើ​សិទ្ធិ​ទ្វេភាគី​ដែលមាន​ស្រាប់​បន្ទាប់ពី​រយៈពេល ១​ ឆ្នាំ គិតពី​ថ្ងៃ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​។​

​លោក Tom Forster ប្រធាន​គ្រប់​គ្រង​បទ​ប្បញ្ញត្តិ​សេដ្ឋកិច្ច​នៅ​ក្រសួង​ដឹក​​ជញ្ជូន​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា វា​ជា​ការល្អ​ដែល​រដ្ឋាភិបាល​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​សេវាកម្ម​ផ្លូវអាកាស​នេះ​។​

​លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​សេវា​កម្ម​ផ្លូវអាកាស​ថ្មី​នេះ លើកកម្ពស់​គុណ​ភាព​រួម​នៃ​កិច្ចព្រមព្រៀង​សេវាកម្ម​ផ្លូវ​អាកាស​របស់​យើង​ជាមួយ​អាស៊ាន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ផ្លូវអាកាស​សម្រាប់​ពាណិជ្ជកម្ម ទេស​ចរណ៍ ការអប់រំ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផ្សេងទៀត​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩ ខែកញ្ញា​ថា វិស័យ​ទេសចរណ៍​នៅតែមាន​សក្ដា​នុ​ពល​ខ្ពស់​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ទោះបី​មាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នៅពេល​បច្ចុប្បន្ន​ក៏ដោយ​។ ក្នុងពេល​លំបាក​នេះ​នឹងមាន​តម្រូវការ​ខ្ពស់​សម្រាប់​សេវាកម្ម​រហ័ស និង​ជម្រើស​ថែមទៀត​លើ​ការដឹកជញ្ជូន​។​

​លោក​លើកឡើងថា​៖ «​ទោះ​ខ្ញុំ​សង្កេតឃើញថា ឧស្សាហកម្ម​នេះ​មិនទាន់បាន​ស្ទុះ​ងើបឡើង​វិញ​ដូច​ការរំពឹងទុក ដោយ​​សារ​យើង​មិនមាន​មធ្យោបាយ​ធ្វើដំណើរ​ច្រើន ជាពិសេស​ការហោះហើរ​ត្រង់​ពី​គោលដៅ​ផ្សេងទៀត ហើយ​ថែមទាំង​មាន​កំណើន​យឺត​ជាង​ប្រទេសជិតខាង​របស់​យើង​ផងដែរ​។ ដូច្នេះ ការហោះហើរ​ត្រង់​កាន់តែច្រើន​ពី​ប្រទេស និង​ទីក្រុង​ធំៗ​ផ្សេងទៀត នឹង​ផ្តល់ឱ្យ​យើង​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅកាន់​ប្រទេស​នានា​»​។​

​លោក​បញ្ជាក់ថា​៖ «​ទោះ​នូ​វែ​ល​សេ​ឡង់​ជា​ប្រទេស​តូច​មួយ ហើយ​យើង​មិនមាន​ជើងហោះហើរ​ត្រង់​ជាមួយ​គេ​ក៏ដោយ ក៏​យើង​គួរតែ​ទទួលបាន​អត្ថប្រយោជន៍​ពី​ពួកគេ​ដោយសារ​ពួកគេ​បាន​ភ្ជាប់​ជើង​​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស​អាស៊ាន​មួយចំនួន​ផ្សេងទៀត​។ ដូច្នេះ នៅពេលដែល​យើង​មាន​ជើងហោះហើរ​ពី​ប្រទេស​នោះ ពួកគេ​អាច​បម្រើ​ជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​មក​ប្រទេស​យើង​»​។​

​បើ​យោងតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អា​​កាស​ចរ​ស៊ីវិល បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​សរុប​ចំនួន ២៦ បាន​ដំណើរការ​ជើងហោះហើរ ឬ​ស្មើនឹង ៨៤៤ ទៅ​​មក​ក្នុង ​១​ សប្តាហ៍​គិត​ត្រឹម​ចុងខែ​ឧសភា ដែល​រាប់ទាំង​ជើង​​ហោះហើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ជើងហោះហើរ​ច្រើនជាងគេ ​គឺមាន​ដល់​ចំនួន ៦៣៤ ឬ ៧៥,១២ ភាគរយ តាម​ពីក្រោយ​ដោយ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ​(១៩៦ ស្មើ​ ២៣,២២​ ភាគរយ​) និង​ព្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ ​(២២ ស្មើ ២,៦១​ ភាគរយ​)​។ កម្ពុ​ជាមាន​ក្រុមហ៊ុន​អា​​កាស​ចរណ៍​ចំនួន ៤៣ បាន​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០១៩ មុនពេល​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ ដោយ​មិន​រាប់បញ្ចូល​សេវា​ហោះហើរ​លក្ខណៈ​ជួល​៕