កំពង់ធំៈ ម្ចាស់សហគ្រាសផលិតត្រីងៀត ១ កន្លែងនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ គ្រោងបង្កើនសមត្ថភាពផលិតពី ៥០០ គីឡូក្រាម ទៅ ២ ៥០០ គីឡូក្រាម ក្នុង ១ ខែ នៅពេលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាព ម្ហូបអាហារ CQS។ នេះជាការលើកឡើងរបស់ លោក សួង សោភ័ណ្ឌ ម្ចាស់សហគ្រាសផលិតត្រីងៀត សួង សោភ័ណ្ឌ ក្នុងពេលទទួលដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសហគ្រាសជលផល ដែលទទួលផលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish-Capture ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣។
លោក សួង សោភ័ណ្ឌ បានឱ្យដឹងថា សហគ្រាសរបស់លោកបង្កើតឡើងនៅឆ្នាំ ២០១១ និងបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ នៅឆ្នាំ ២០១៧។ លោកថា ពីមុនការផលិតត្រីងៀតធ្វើឡើងតាមប្រពៃណី ប្រើប្រាស់ពេលវេលាច្រើនក្នុងការហាលឱ្យស្ងួតដោយពន្លឺព្រះអាទិត្យ ដែលការហាលម្តងៗ មានរយៈពេល ២ ថ្ងៃ ឬ ២ ថ្ងៃកន្លះ ជួបការលំបាកនៅពេលភ្លៀង សាមិនទាន់ត្រីងៀតខូច ធ្វើឱ្យខាតបង់ពេលវេលា និងថវិកា ផ្គត់ផ្គង់ទីផ្សារមិនបានតាមតម្រូវការ។
ផ្ទុយខុសពីមុនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានកែលម្អទីតាំង សម្ភារ និងបរិក្ខារកែច្នៃ ឱ្យស្របតាមស្តង់ដា CQS លោក សោភ័ណ្ឌ ប្រាប់ថា ការផលិតត្រីងៀតមានអនាម័យល្អ ធ្វើបានលឿនជាងមុនដែលចំណាយពេលតែ ១ ថ្ងៃជាង អាចហាលត្រីស្ងួត ហើយធ្វើការវេចខ្ចប់បាន ចំណេញពេលវេលាតិចជាងមុន ហើយការផលិតមានការកើនឡើងច្រើនជាងមុន ពី ៥០០ ទៅ ៧០០ គីឡូក្រាមក្នុង ១ ខែ បន្ថែមលើនេះនៅក្រោយពេលទទួលបានស្តង់ដា CQS លោករំពឹងថា ការផលិតនឹងឡើងដល់ជាង ២ ០០០ គីឡូក្រាមក្នុង ១ ខែ។
លោកថ្លែងថា៖ «មុនចូលគម្រោង រានហាលរបស់ខ្ញុំនៅកណ្តាលវាល ហើយមានរុយមានសត្វអីផ្សេងៗ ពេលភ្លៀងម្តងៗគឺ អីវ៉ាន់ខ្ញុំ បើមិនខូចក៏អត់មានអីផ្ញើឱ្យម៉ូយដែរ ហើយខ្ញុំខាតលើខាតក៏មានដែរ។ បុគ្គលិកខ្ញុំអត់មានឯកសណ្ឋានគ្រប់គ្រាន់ អត់មានកន្លែងលាងដៃត្រឹមត្រូវ អត់មានបានយល់គោលការណ៍អនាម័យត្រឹមត្រូវមុនចូលធ្វើការ»។
លោកបញ្ជាក់ថា ក្រោយពីដឹងព័ត៌មានអំពីគម្រោង CAPFish-Capture លោកក៏បានដាក់ពាក្យជាប់ ហើយទទួលបានការគាំទ្រពីគម្រោងដែលមានឡសម្ងួត ប្រព័ន្ធចម្រោះទឹកស្អាត តុលាងត្រី ទូក្លាស្សេ និងជាបន្តបន្ទាប់ទទួលបានម៉ាស៊ីនវេចខ្ចប់ស្វ័យប្រវត្តិ ម៉ាស៊ីនក្រឡុកគ្រឿង ព្រមទាំងទូក្លាស្សេទ្វារ៣ផងដែរ។ បើតាមលោក សោភ័ណ្ឌ ការផលិតបានត្រីងៀតដែលមានគុណភាពល្អ ស្របតាមស្តង់ដាបច្ចេកទេស គឺជាការជួយដល់សុខភាពអ្នកទទួលទាន និងចូលរួមកាត់បន្ថយការពុលអាហារ។
អ្នកស្រី ស៊ីម សេរីរ័ត្ន សហស្ថាបនិកសហគ្រាស Home Taste Food នៅខេត្តសៀមរាប ដែលផលិតត្រីងៀតដែរនោះ បានឱ្យដឹងថា ក្រោយសហគ្រាសអ្នកស្រីបានទទួលវិញ្ញាបនបត្រ CQS បច្ចុប្បន្នអ្នកស្រីកំពុងបង្កើនផលិតកម្មឱ្យបានច្រើនជាងមុន ខណៈបរិមាណផលិតជាមធ្យម ៣ ២៣២គីឡូក្រាមក្នុង ១ ខែ។ អ្នកស្រីលើកឡើងថា ថ្មីៗនេះមានអ្នកកុម្ម៉ង់ទិញម្នាក់មកពីខាងប្រទេសអូស្ត្រាលី ចង់ទិញត្រីងៀតកម្ពុជា ប្រមាណ ៥ តោនក្នុង១ទូកុងតឺន័រ ដោយគ្រោងកុម្ម៉ង់ ២ ខែឬ ៣ ខែម្តងបើអាចផ្គត់ផ្គង់គ្រប់គ្រាន់។
អ្នកស្រីថ្លែងថា៖« តម្រូវការរបស់អ្នកទិញដែលនៅប្រទេសអូស្ត្រាលីគឺដាក់ក្នុងកុងតឺន័រកក គាត់ថា បើសិនជាផលិតភាពផលិត របស់យើងអត់ទាន់ដល់កម្រិតទេ កន្លះកុងតឺន័រក៏គាត់ព្រមយកដែរ គាត់ថា កន្លះកុងតឺន័រគឺ ៥០០ កេសប្រហែលជា ៥ តោន»។
អ្នកស្រីបញ្ជាក់ថា ស្តង់ដា CQS គឺជាគ្រឹះ ១ សម្រាប់ស្នើសុំយកស្តង់ដាផ្សេងៗទៀត ដែលស្តង់ដានេះប្រហាក់ប្រហែលនឹងស្តង់ដា HACCP ហេតុនេះការអនុវត្ត CQS បាននោះស្តង់ដាផ្សេងៗក៏អាចនឹងអនុវត្តបានដូចគ្នា។
អ្នកស្រី ឃឹម ចរិយា អ្នកសម្របសម្រួលកម្មវិធី CAPFish បានឱ្យដឹងថា ការធ្វើការជាមួយវិស័យឯកជនបានជួយឱ្យម្ចាស់សហគ្រាស អាចកែប្រែអាជីវកម្ម ហើយមានទាំងលទ្ធភាពពង្រីកអាជីវកម្មផងដែរ។ទន្ទឹមនេះដើម្បីពង្រីកអាជីវកម្មបាន ម្ចាស់សហគ្រាសត្រូវការបន្ថែមចំនួនបុគ្គលិក និងឈានដល់ការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិលនៅពេលផលិតផលធ្វើបានកាន់តែច្រើន។
អ្នកស្រីថ្លែងថា៖ «នៅពេលទទួលបានការសហការពីគម្រោង គឺគាត់មានទីតាំង មានការយល់ដឹង មានបង្រៀនពីចំណេះដឹងទៅ ធ្វើឱ្យសុខុមាលភាពបុគ្គលិកគាត់ល្អប្រសើរជាងមុន។ ទាក់ទងជាមួយការជួយដល់សង្គម គឺគាត់ផលិតបានផលិតផលដែលមានសុវត្ថិភាព សម្រាប់ចែកចាយលើទីផ្សារ»។
ក្រសួងកសិកម្ម និងអង្គការ UNIDO បានបើកដំណើរការទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅក្រសួងកសិកម្ម។ ទស្សនកិច្ចសិក្សានេះ ធ្វើនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប ពីថ្ងៃទី ១៧ ដល់ ២០ ខែកញ្ញា ឆ្នាំ ២០២៣៕