
ក្រុមហ៊ុនស៊ែលកាត បង្ហាញពីការរីកចម្រើននៃអាជីវកម្មរបស់ខ្លួនកាលពីត្រីមាសទី២។ រូបថត FN
ភ្នំពេញៈ CAMGSM Plc ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលទើបនឹងបានចុះបញ្ជីភាគហ៊ុន នៅពេលថ្មីៗ បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អ សម្រាប់ត្រីមាសទី២ ជាមួយនឹង ប្រាក់ចំណេញ សុទ្ធបានកើនឡើងជិត ១០ ភាគរយ បើទោះបីជាសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។
ក្រុមហ៊ុននេះបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនដោយជោគជ័យនៅ CSX កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣។ ក្រុមហ៊ុនមួយនេះ ប្រមូលមូលនិធិបានចំនួន ៥ ២៨៤ ៥៨៧ ដុល្លារអាមេរិកពី IPO សម្រាប់ភាគហ៊ុនដែលទើបចេញលក់ថ្មីចំនួន ៩ ២៧១ ២០៦ភាគហ៊ុន(តម្លៃ ២ ២៧០រៀលក្នុងមួយភាគហ៊ុន)។
យោងតាមការឯកសារផ្ញើរបស់ក្រុមហ៊ុនផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៩ ខែកញ្ញា ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល (ឬ ៤៥,៣៦ លានដុល្លារ) ដែលក្នុងនោះប្រាក់ចំណេញសុទ្ធចំនួន ៤៥.៨៣៤ លានរៀល (ឬ ១១,១៧ លានដុល្លារ) កើនឡើងចំនួន ៩,៩ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលមានប្រាក់ចំណេញសុទ្ធតែចំនួន ៤១.៦៩៧ លានរៀល (ឬ ១០,១៧ លានដុល្លារ)។
គិតមកត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២.៦១៣.៤៣៤ លានរៀល (ឬ ៦៣៧,៤២ លានដុល្លារ) និងមានមូលធនមានចំនួន ៨៧៧.៧៥២ លានរៀល (ឬ ២៤១ លានដុល្លារ) កើនឡើង ១៤,២ ភាគរយ ធៀបទៅត្រីមាសទី២ ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល (ឬ ១៨៧,៤ លានដុល្លារ)។
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនCamGSM បានថ្លែងនៅក្នុងឯកសារនេះថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល ធ្លាក់ចុះចំនួន ៣,២ ភាគរយ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលមានចំនួន ១៩២.១៥៥ លានរៀល និងមានចំណេញក្នុងការិយបរិច្ឆេទចំនួន ៤៥,៨៣៤ លានរៀល កើនឡើង ៩,៩ ភាគរយ ធៀបនឹងត្រីមាសទី២ឆ្នាំ២០២២ មានចំនួន ៤១.៦៩៧ លានរៀល។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២ ៦១៣ ៤៣៤ លានរៀល មានទ្រព្យសកម្មរយៈពេលវែងចំនួន ២ ៥១៤ ៤១៣ លានរៀល និងទ្រព្យសកម្ម រយៈពេលខ្លីចំនួន ៩៩ ០២១ លានរៀល និងមានមូលធនភាគហ៊ុនិកសរុប ៨៧៧ ៧៥២ លានរៀល កើនឡើងចំនួន ១៤,២ ភាគរយបើធៀបនឹងឆ្នាំ២០២២ មានត្រឹមតែ ៧៦៨ ៣៤៨ លានរៀល។
លោកថ្លែងថា៖ «នៅពាក់កណ្ដាលនៃឆ្នាំ២០២៣ គឺជាពេលវេលាដ៏ស្វិតស្វាញសម្រាប់ក្រុមការងាររបស់ក្រុមហ៊ុន CAMGSM PLC ដែលបានក្លាយជាដៃគូទូរគមនាគមន៍ផ្លូវការរបស់ព្រឹត្តិការណ៍ SEA Games លើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខណៈពេលក្រុមហ៊ុនកំពុងត្រៀមសម្រាប់ ការចុះបញ្ជីលក់មូលបត្រជាលើកដំបូង នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងរក្សាការប្ដេជ្ញាចិត្ត ក្នុងការបន្តទំនាក់ទំនងជាមួយទីផ្សារ និងផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មពិសេស និងបទពិសោធន៍ជារៀងរាល់ថ្ងៃ»។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សាររបស់ CSX បានសង្កេតឃើញថា វិនិយោគិនក្នុងស្រុកកំពុងប្រមូលមូលនិធិតាមរយៈការចុះបញ្ជីក្រុមហ៊ុន។ជាមួយគ្នានេះ កញ្ញាបានផ្តល់អនុសាសន៍ដល់វិនិយោគិនឱ្យធ្វើពាណិជ្ជកម្មដោយផ្អែកលើការវិភាគជាមូលដ្ឋាន និងដើម្បីវិនិយោគនៅពេលអនាគតរយៈពេលវែងរបស់ក្រុមហ៊ុន ដើម្បីប្រាក់ចំណេញ និងការគ្រប់គ្រងហានិភ័យ កាន់តែប្រសើរ។
លោកស្រីនីតា បន្ថែមថា៖ «វត្តមានរបស់ក្រុមហ៊ុនធំៗដូចជា Cellcard នៅលើទីផ្សារមូលបត្រក្នុងស្រុកបានបង្ហាញពីលទ្ធផលឈ្នះ-ឈ្នះសម្រាប់ទាំងអស់គ្នា។ សម្រាប់ក្រុមហ៊ុនខ្លួនឯង សម្រាប់វិនិយោគិន និងសម្រាប់ទីផ្សារ។ ប្រជាជនកម្ពុជាក្នុងនាមជាវិនិយោគិន អាចមានលទ្ធភាពគ្រប់គ្រង ផ្នែកខ្លះ នៃក្រុមហ៊ុនធំៗរបស់ប្រទេសនេះ។ទីផ្សារ នៅពេលនេះអាចទាក់ទាញអ្នកចូលរួមកាន់តែច្រើន នៅក្នុង ទីផ្សារធ្វើឱ្យទីផ្សារមួយនេះ កាន់តែមានមុខងារក្នុងការប្រមូលមូលនិធិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច»។
ក្រុមហ៊ុន Cam GSM Co., Ltd. (ក្រុមហ៊ុន) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ១៩៩៦។ ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនRoyal Millicom Co., Ltd (RMC)។
RMC គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Three Star Investment Cambodia Ltdដែល ជាក្រុមហ៊ុនវិនិយោគរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Cayman Islands ដែលកាន់កាប់ភាគហ៊ុន ៦១,៥ ភាគរយ និងក្រុមហ៊ុន Royal Group Co., Ltd កាន់កាប់ភាគហ៊ុន ៣៨,៥ ភាគរយ។
Three Star Investment Cambodia Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Three Star Investment Cayman Limited ជាក្រុមហ៊ុនដែលគ្រប់គ្រងទាំងស្រុងដោយលោក គិត ម៉េង៕