ភ្នំពេញ: ធនាគារ អេស៊ីលីដា នឹងចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសថៃ ដើម្បីប្រមូលមូលនិធិចំនួន ១០០ លានដុល្លារ សម្រាប់ការពង្រីកអាជីវកម្ម ជាពិសេសការផ្តល់ប្រាក់កម្ចីសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម ។ការចុះបញ្ជីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយសម្រាប់ធនាគារមួយនេះក្នុងការក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេចុះបញ្ជីនៅបរទេស។
យោងតាមការជូនដំណឹងរបស់ធនាគារផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ១៨ ខែកញ្ញា ធនាគារនេះ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណជាប្រាក់បាតនៅថៃ។ ធនាគារនេះ នឹងចុះបញ្ជីនៅក្នុងសមាគមទីផ្សារមូលបត្របំណុលថៃ (ThaiBMA) សម្រាប់មូលបត្របំណុលរយៈពេលវែងជាមួយនឹងភាគហ៊ុនចំនួន ៤៣៣ ១៦៣ ០១៩ ភាគហ៊ុន និងមានតម្លៃ ១ ម៉ឺន ២០ រៀលក្នុង ១ ហ៊ុន។ ការបោះផ្សាយសញ្ញាបណ្ណ នៅប្រទេសថៃ ដែលមានទំហំរហូតដល់ ១០០ លានដុល្លារអាមេរិកសមមូលជាប្រាក់បាតថៃ សម្រាប់រយៈពេល ៧ ឆ្នាំ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា ជាមួយនឹងការចុះបញ្ជីនេះនឹងផ្តល់ឱ្យធនាគារនេះនូវលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់ប្រភពមូលនិធិចម្រុះក្នុង និងក្រៅប្រទេសតាមរយៈទីផ្សារមូលធន។
លោកថ្លែងថា៖ «ដោយសារតែមានប្រភពមូលនិធិចម្រុះនៅក្នុងប្រទេសថៃ ហើយ (យើងចង់) បង្កើតភាពសម្បូរបែបនៃមូលនិធិ ក្នុងនាមជាវិនិយោគិន យើងចាំបាច់ត្រូវកសាង និងពង្រីកមូលនិធិរយៈពេលវែងជាសកល រួមទាំងប្រទេសថៃផងដែរ។ យើងកំពុងកៀរគរមូលនិធិរយៈពេលខ្លីពីការសន្សំ និងប្រាក់បញ្ញើភាគច្រើនរយៈពេលខ្លីពី ១ ទៅ ២ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា (SERC) បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកញ្ញា ថាដោយសារធនាគារព្យាយាមស្វែងរកប្រភពមូលនិធិចម្រុះតាមរយៈការចុះបញ្ជីក្នុងស្រុក និងក្រៅប្រទេស ធនាគារក៏ត្រូវអនុវត្តតាម SERC និងនិយតករប្តូរប្រាក់របស់ថៃផងដែរ។
លោកថ្លែងថា៖ «យើងមិនមានបទប្បញ្ញត្តិណាមួយហាមឃាត់ក្រុមហ៊ុនចុះបញ្ជីទៅចុះបញ្ជីនៅផ្សារហ៊ុននៅបរទេសនោះទេ។ ទោះយ៉ាងណាក៏ដោយ ធនាគារត្រូវអនុវត្តតាមគោលការណ៍ក្នុងស្រុករបស់យើងក៏ដូចជាបទប្បញ្ញត្តិនៅប្រទេសថៃផងដែរ។ រហូតមកដល់ពេលនេះ ធនាគារនេះ ត្រូវរៀបចំការងារផ្ទៃក្នុងរបស់ខ្លួនសម្រាប់ដំណើរការបន្ត»។
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ហើយបានប្រមូលមូលនិធិបាន ១៧,៥ លានដុល្លារអាមេរិក ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង។ កាលពីថ្ងៃទី ២១ ខែវិច្ឆិកាក្នុងឆ្នាំ ២០២១ ធនាគារអេស៊ីលីដាបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដើម្បីបោះផ្សាយសញ្ញាបណ្ណបៃតងនៅលើផ្សារមូលបត្រកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ ធនាគារមួយនេះ មិនទាន់ចេញនៅឡើយទេ៕