
ផ្លែដូងដែលអាចនឹងត្រូវនាំទៅចិន នាពេលខាងមុខ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់នាំចេញទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
នៅពេលទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួងកសិកម្មជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យដឹងថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូងស្របតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។
កញ្ញាបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ»។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានសាទរចំពោះព័ត៌មាននេះ ខណៈក្រុមហ៊ុនរបស់លោកបានដាំដំណាំដូងក្រអូបនេះប្រមាណ ១៥០ ហិកតានៅខេត្តកំពង់ស្ពឺ។
លោកនិយាយថា៖«កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំមើលព័ត៌មានឃើញថា អាមេរិក គេអនុញ្ញាតឱ្យវៀតណាមនាំចេញដូងទៅប្រទេសគេ ហើយឥឡូវមិត្តចិន បានអនុញ្ញាតឱ្យយើងនាំចេញដូងទៅដែរ វាជាដំណឹងល្អណាស់ សម្រាប់អ្នកដាំដុះដូងនៅក្នុងស្រុកយើង។ កាលដែលពូមានគំនិតដាំនេះ ដោយសារតែពូសង្ឃឹមថា ថ្ងៃណាមួយ មិត្តចិននឹងអនុញ្ញាតឱ្យយើងនាំចេញដូងទៅប្រទេសគេ ឥឡូវដូចអ្វីដែលពូបានរំពឹងទុកមែន»។
បើតាម លោក ម៉ុង ឫទ្ធី ក្រោយពីចិនអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់របស់កម្ពុជាចូលទៅកាន់ប្រទេសគេហើយ លោកមានគម្រោងក្នុងការពង្រីកការដាំដុះដូងបន្ថែម ដោយបច្ចុប្បន្នលោកកំពុងសម្លឹងរកផ្ទៃដីនៅតំបន់មួយចំនួនដើម្បីពង្រីកការដាំដុះ។
ជាមួយគ្នានេះដែរលោក ប៊ុត គឹមឆាយ ម្ចាស់ចម្ការដូងក្រអូបទំហំ ៤៧ ហិកតានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានបង្ហាញពីក្តីរីករាយ ចំពោះដំណឹងនេះផងដែរ។ លោកថ្លែងថា ដោយសារតែចម្ការរបស់លោក ដាំដុះមិនត្រឹមតែលក់ផ្លែនោះទេ តែលោកមានបណ្តុះពូជដូងសម្រាប់លក់ផងដែរ ដោយមានដៃគូដែលជាកសិករជាច្រើន បានទិញពូជដូងពីចម្ការរបស់លោក។
លោកថា៖ «ឥឡូវចម្ការខ្ញុំផ្តោតទៅលើការលក់ពូជដូង ច្រើនជាងលក់ផ្លែខ្ចី ដោយសារតែអ្នកប្រកបរបរដាំដុះដូង ជាពិសេសដូងក្រអូបនេះ មានច្រើនទើបខ្ញុំផ្តោតលើការលក់ពូជច្រើនជាង។ វាជាដំណឹងរីករាយណាស់ ព្រោះថា កន្លងមកមានកសិករជាច្រើនសួរនាំខ្ញុំពីការនាំចេញដូងទៅក្រៅប្រទេស ព្រោះយើងរំពឹងថា នៅពេលដែលមានការនាំចេញក្រៅប្រទេសដំណាំដូង នឹងលែងមានបញ្ហាទីផ្សារ»។
បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ កម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ ម៉ឺន ៧ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមាន ១ ម៉ឺន ៤ ពាន់ហិកតា។ ចំណែកទិន្នផលសរុបក្នុងឆ្នាំ ២០២២ នៅទូទាំងប្រទេស មានចំនួន ២៤ ម៉ឺន ៨ ពាន់តោន៕