ភ្នំពេញៈ សហប្រធានក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លោក លូ ម៉េង មានសុទិដ្ឋិនិយមថា បញ្ហាមួយចំនួនក្នុងវិស័យទេសចរណ៍នៅកម្ពុជានឹងអាចមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ ខណៈដំណើរការប្រមូលបញ្ហារួមនៅក្នុងវិស័យទេសចរណ៍ កំពុងបោះជំហានទៅមុខយ៉ាងរលូន។
ផ្នែកឯកជនក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន កាលពីថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ (G-PSF) ដើម្បីបន្តពិភាក្សាគ្នាលើបញ្ហាចាស់ៗនៅសេសសល់ និងកំពុងបន្តកើតមាននៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីពិនិត្យ និងស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ ពិសេសក្រសួងទេសចរណ៍ មុននឹងឈានដល់វេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដែលបានកំណត់យកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកញ្ញា លោក លូ ម៉េង បានឱ្យដឹងថា កិច្ចប្រជុំខាងលើគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកបញ្ហាប្រឈមដែលផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជាកំពុងជួបប្រទះ ដើម្បីឱ្យក្រសួងទេសចរណ៍ពិនិត្យ និងជួយរកដំណោះស្រាយ ហើយអាចមានបញ្ហាមួយចំនួននឹងឈានទៅដោះស្រាយក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នាពេលខាងមុខផងដែរ។ មានបញ្ហាជាច្រើនដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំខាងលើ។
លោកបន្តថា តាមរយៈធាតុចូលដែលប្រមូលបាន ផ្នែកឯកជននៃក្រុមការងារ «ខ» នឹងពិនិត្យមើលលើបញ្ហាប្រឈមទាំងអស់ដែលផ្នែកពាក់ព័ន្ធបានលើកឡើង ដើម្បីរៀបចំជាសំណើរួម។
លោកថ្លែងថា៖ «យើងសង្ឃឹមថា បញ្ហាប្រឈមរួមដែលផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជាកំពុងជួបប្រទះនឹងត្រូវរាជរដ្ឋាភិបាលជួយរកដំណោះស្រាយ ខណៈប្រមុខរាជរដ្ឋាភិបាល ថ្មីៗនេះបានលើកឡើងថា ផ្នែកឯកជនគឺជាដៃគូដ៏សំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
លោកថា ចាប់តាំងពីមានវត្តមានជំងឺកូវីដ ១៩ មក វិស័យទេសចរណ៍នៅគ្រប់ប្រទេសលើពិភពលោកសុទ្ធតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ទោះបីក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកបានបិទបញ្ចប់ស្ទើរទាំងស្រុងក៏ដោយ ក៏ចំនួនភ្ញៀវទេសចរដែលមកដើរកម្សាន្តនៅកម្ពុជានៅតែមានចំនួនតិចតួចនៅឡើយ ពិសេសភ្ញៀវទេសចរបរទេស។ បញ្ហានេះបានបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកនៅក្នុងវិស័យទេសចរណ៍ទាំងឱកាសការងារ ប្រាក់ចំណូលដែលទាមទារឱ្យមានការជួយពីរដ្ឋាភិបាល។
យោងតាមក្រសួងទេសចរណ៍ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ នេះកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ៣,០៤ លាននាក់ កើនឡើង ៣០៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍៕