ភ្នំពេញ: ស្ថាប័នអន្តរជាតិចំនួន ២ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឆ្នាំនេះ ដោយសារតែវិស័យឧស្សាហកម្ម និងកសិកម្មមានកំណើនតិចជាងការរំពឹងទុកនៅឆមាសទី១ បណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចសកល។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី ២០ ខែកញ្ញា បានទម្លាក់ការព្យាករកំណើនសម្រាប់ឆ្នាំ ២០២៣ ពី ៥,៥ ភាគរយដែលព្យាករកាលពីខែមេសា ២០២៣ មកនៅត្រឹម ៥,៣ ភាគរយ។ ការទម្លាក់ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីឧស្សាហកម្ម និងកសិកម្មដែលរីកលូតលាស់តិចជាងការរំពឹងទុកនៅឆមាសទី១។ ការព្យាករអតិផរណាត្រូវបានរក្សានៅដដែលសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ទោះបីជាមានការប្រែប្រួលប្រចាំត្រីមាសនៃតម្លៃប្រេងឥន្ធនៈអន្តរជាតិក៏ដោយ។
យោងតាមធនាគារមួយនេះ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅឆមាសទី១។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវ ១ ផ្នែកដោយការកើនឡើង ២២,៩ ភាគរយនៃការនាំចេញផលិតផលផ្សេងទៀតក្រៅពីសម្លៀកបំពាក់ ជាពិសេសគ្រឿងបន្លាស់រថយន្ត សូឡា និងគ្រឿងសង្ហារិម និងការនាំចូលសម្ភារសំណង់ធ្លាក់ចុះ ៦,៣ ភាគរយ។
«ចក្ខុវិស័យកំណើនល្អប្រសើរនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ គួរតែបង្កើនការនាំចេញរបស់កម្ពុជានៅឆមាសទី២។ ការព្យាករកំណើនទិន្នផលឧស្សាហកម្មនៅឆ្នាំ ២០២៣ ត្រូវបានកាត់បន្ថយពី ៥,៨ ភាគរយ មកនៅត្រឹម ៤,៨ ភាគរយ ប៉ុន្តែទិន្នផលត្រូវបានគេរំពឹងថានឹងកើនឡើង ៨,០ ភាគរយនៅឆ្នាំ ២០២៤»។
ធនាគារមួយនេះបន្តថា៖ «ហានិភ័យចំពោះចក្ខុវិស័យនៅតែលម្អៀងទៅរកការធ្លាក់ចុះ។ ហានិភ័យទាំងនោះ រួមមានកំណើនចុះខ្សោយនៅបណ្ដាប្រទេសអភិវឌ្ឍន៍ ការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែតិច ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុសកលរយៈពេលវែង ការកើនឡើងតម្លៃថាមពល ក្តីបារម្ភដោយសារតែបំណុលឯកជនខ្ពស់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងបញ្ហាប្រែប្រួលអាកាសធាតុ»។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលមានមូលដ្ឋាននៅសិង្ហបុរី កាលពីថ្ងៃទី ១៩ ខែកញ្ញា បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើង ៥,៣ ភាគរយនៅឆ្នាំ ២០២៣ កើនឡើងពី ៥,២ ភាគរយកាលពីឆ្នាំ ២០២២។ ស្ថាប័ននេះ គូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជាបន្តស្ទុះងើបឡើងវិញយ៉ាងរឹងមាំ នៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណា វិស័យផលិតកម្ម ជាពិសេសវិស័យកាត់ដេរបានជួបនឹងបញ្ហាខាងក្រៅ។
លោក Jinho Choi សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័ននេះ បានថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងមានកំណើន ៥,៣ ភាគរយនៅឆ្នាំ ២០២៣ កើនឡើងពី ៥,២ ភាគរយនៅ ២០២២។ការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុកដ៏ច្រើន នឹងជួយទ្រទ្រង់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងបន្ត»។
លោកបន្តថា៖ «កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦,២ ភាគរយនៅឆ្នាំ ២០២៤ ដោយសារតែការប្រើប្រាស់ប្រកបដោយភាពធន់ និងការស្ទុះងើបឡើងវិញនៃការនាំចេញសម្លៀកបំពាក់ឆ្លុះបញ្ចាំងពីផលចំណូលនៅក្នុងផលិតកម្មពិភពលោក»។
យោងតាមធនាគារ ADB វិស័យកសិកម្មមានកំណើនយឺតនៅឆ្នាំនេះ ដែលកំណើនត្រូវបានកែតម្រូវទម្លាក់ពី ១,១ ភាគរយ មកនៅត្រឹម ០,៩ ភាគរយ និងនៅឆ្នាំ ២០២៤ ពី ១,២ ភាគរយ មកនៅត្រឹម ១,១ ភាគរយ។
ទន្ទឹមនឹងនេះ សម្រាប់វិស័យសេវាកម្មបានលើសពីការរំពឹងទុកនៅក្នុងឆ្នាំ ២០២៣ ដែលភាគច្រើនដោយសារតែវិស័យទេសចរណ៍បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដែលគាំទ្រដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ខណៈដែលឥណទានរបស់ធនាគារក្នុងរយៈពេល ៥ ខែដំបូងសម្រាប់ពាណិជ្ជកម្មលក់ដុំ និងលក់រាយបានកើនឡើង ១២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការដឹកជញ្ជូនកើនឡើង ៩,៦ ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋានកើនឡើង ៧,៤ ភាគរយ។
ការព្យាករកំណើនសេវាកម្មនៅឆ្នាំ ២០២៣ ត្រូវបានកែតម្រូវពី ៧,៣ ភាគរយ ដល់ ៨,០ ភាគរយ ប៉ុន្តែកំណើនវិស័យនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៦,៥ ភាគរយនៅឆ្នាំ ២០២៤។ ការនាំចូលទំនិញបានធ្លាក់ចុះ ២២,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយការនាំចូលក្រណាត់ធ្លាក់ចុះ ១៧,៩ ភាគរយ ប្រេងឥន្ធនៈ ១០,០ ភាគរយ និងយានយន្ត ២៦,៩ ភាគរយ៕