រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញាថា ប្រទេសរុស្ស៊ី បានធ្វើការផ្អាកជាបណ្តោះអាសន្ននូវការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់បណ្ដាប្រទេសទាំងអស់ក្រៅពីអតីតរដ្ឋចំណុះចំនួន ៤ កាលពីសម័យសហភាពសូវៀត។ ហើយវិធានការនេះផងដែរ គឺបានដាក់ចេញឱ្យអនុវត្តភ្លាមៗ ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុករបស់រុស្ស៊ី។
រុស្ស៊ីបានបញ្ជាក់ថា ការផ្អាកការនាំចេញនេះមិនអនុវត្តទៅលើបណ្ដាប្រទេសសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយម៉ូស្គូនោះទេ ក្នុងនោះរួមមានប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។
ទីក្រុងម៉ូស្គូបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការរឹតបន្តឹងបណ្តោះអាសន្ននេះ នឹងជួយធ្វើឱ្យទីផ្សារប្រេងឥន្ធនៈមានលំនឹង ពោលគឺនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់»។ ក្រសួងថាមពលរបស់រុស្ស៊ីបានលើកឡើងថា វិធានការនេះមានគោលបំណងបញ្ឈប់ការនាំចេញប្រេងឥន្ធនៈដោយគ្មានការអនុញ្ញាត។
ការផ្អាកការនាំចេញនេះគឺគ្មានពេលកំណត់ទេ ហើយការសម្រេចបែបណាទៀតនាពេលខាងមុខ គឺអាស្រ័យទៅលើភាពជាក់ស្ដែងនៃទីផ្សារប្រេង នេះបើយោងតាមអនុរដ្ឋមន្ត្រីថាមពលទីមួយរបស់រុស្ស៊ី លោក ផាវ៉េល សូរ៉ុគីន (Pavel Sorokin)។ លោកបាននិយាយថា «យើងរំពឹងថាវានឹងជះឥទ្ធិពលទៅលើទីផ្សារភ្លាមៗ ប៉ុន្តែលទ្ធផលចុងក្រោយគឺអាស្រ័យទៅលើថាតើតម្រូវការទីផ្សារគ្រប់គ្រាន់ហើយឬនៅ ហើយតើវានឹងផ្ដល់លទ្ធផលបែបណា»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសរុស្ស៊ីបានជួបប្រទះនឹងការខ្វះខាតប្រេងសាំង និងម៉ាស៊ូត ដែលធ្វើឱ្យតម្លៃប្រេងលក់រាយបានកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាតម្លៃលក់រាយទាំងនោះត្រូវបានកំណត់ពីរដ្ឋាភិបាលដើម្បីព្យាយាមធ្វើយ៉ាងណាឱ្យស្របទៅតាមអត្រាអតិផរណាជាផ្លូវការក៏ដោយ។
ការកើនឡើងនៃតម្លៃប្រេងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ខ្លះនៃប្រទេសរុស្ស៊ី ជាពិសេសតំបន់ភាគខាងត្បូងដែលជាតំបន់ផលិតស្រូវ ហើយប្រជាជនរុស្ស៊ីនៅទីនោះ ត្រូវការប្រេងសម្រាប់យានយន្តដើម្បីប្រមូលផលស្រូវ។ វិបត្តិដ៏ធ្ងន់ធ្ងរមួយនេះ អាចជាឧបសគ្គសម្រាប់វិមានក្រឹមឡាំងដែលត្រូវដោះស្រាយ ដោយសារតែការបោះឆ្នោតប្រធានាធិបតីនឹងឈានមកដល់នៅខែមីនាខាងមុខនេះ។
ក្រុមពាណិជ្ជករបានអះអាងថា ទីផ្សារឥន្ធនៈត្រូវបានរងផលប៉ះពាល់ដោយកត្តាជាច្រើន ក្នុងនោះរួមមានបញ្ហាការថែទាំរោងចក្រចម្រាញ់ប្រេង ការស្ទះលើផ្លូវរថភ្លើង និងការធ្លាក់ចុះនៃតម្លៃប្រាក់រូបល (រូបិយប័ណ្ណរបស់រុស្ស៊ី) ដែលជាកត្តាជំរុញឱ្យមានការនាំចេញប្រេងឥន្ធនៈកាន់តែច្រើន។
ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងតាមសមុទ្ររបស់ខ្លួនរហូតដល់ទៅជិត ៣០% មកនៅត្រឹមប្រហែល ១,៧ លានតោនក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាក្នុងខែសីហា នេះបើយោងតាមក្រុមពាណិជ្ជករ និងទិន្នន័យរបស់ក្រុមហ៊ុន LSEG ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលខាងលើបានបន្ថែមថា «ពីមុន ដើម្បីរក្សាស្ថិរភាពទីផ្សារឥន្ធនៈ រដ្ឋាភិបាលបានដំឡើងបរិមាណផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូត ទៅក្នុងការទិញលក់នៅលើទីផ្សារ។ ឥឡូវនេះ យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើតម្រូវការទិញប្រេងឥន្ធនៈរបស់កសិករ និងធ្វើការកែតម្រូវឱ្យបានឆាប់រហ័សទៅតាមតម្រូវការរបស់ពួកគេ»។ គួរដឹងដែរថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបាននាំចេញប្រេងសាំងចំនួន ៤,៨១៧ លានតោន និងប្រេងម៉ាស៊ូតជិត ៣៥ លានតោន៕