ភ្នំពេញៈ បើទោះបី​ស្ថានភាព​ហិរញ្ញវត្ថុ​សកល​ពេលនេះ​មិនល្អ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​អត្រា​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៅក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ គឺ​កើនឡើង​ជាង ៤១​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា បានឱ្យដឹងថា​៖ «​ក្នុង​ឆ្នាំ​ ២០២៣ នេះ​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ប្រមាណ ៤១,៦​ ភាគរយ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ធៀប​នឹង ០,៤ ​ភាគរយ ឆ្នាំ​ ២០២២ បើទោះបី​ស្ថាន​​ភាព​ហិរញ្ញវត្ថុ​សកល មានការ​រឹតបន្តឹង​យ៉ាងណាក្តី​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹង​ទៀតថា ជាមួយនឹង​ភាព​​វិជ្ជមាន​របស់ FDI នេះ វិស័យ​កសិកម្ម​ត្រូវបាន​វាយតម្លៃថា​នឹង​សម្រេចបាន​កំណើន ០,៩​ ភាគ​​រយ​ដូច​ការរំពឹងទុក​។ ចំពោះ​អនុវិស័យ​សណ្ឋាគារ និង​ភោ​ជនី​យ​ដ្ឋា​ន​ត្រូវបាន​វាយតម្លៃថា ងើបឡើង​វិញ​លឿន​ក្នុង​អត្រា ៤១,៥​ ភាគរយ​។

ចំពោះ​អនុ​​វិស័យ​កម្មន្តសាល​មិនមែន​កាត់​ដេរ ត្រូវប៉ាន់​ស្មានថា នឹងមាន​កំណើន​រឹងមាំ​ក្នុង​អត្រា ១១,៧​ ភាគរយ ដូច​ការរំពឹងទុក​ដែល​គាំទ្រ​ភាគច្រើន​ដោយ​ការនាំ​​ចេញ​បន្ទះ​សូ​ឡា ជាពិសេស​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ស្រប​ពេលដែល​លំហូរ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​អនុ​​វិស័យ​កម្មន្តសាល​មិនមែន​កាត់​ដេរ មានការ​កើនឡើង​គំហុក​ក្នុង​អត្រា ១៧២​ ភាគរយ​។​

​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកទឹកចិត្ត​ចំពោះ​ប្រជា​​កសិករ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​កិច្ចប្រជុំ​ខាងលើ ក៏បាន​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ត្រូវខិតខំ​រក​ទីផ្សារ​សម្រាប់​ប្រជា​កសិករ ពិសេស​នៅក្នុង​រដូវ​ច្រូត​កាត់​ដែល​នឹង​ចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ ព្រមទាំង​ផ្តល់​ការពិគ្រោះ​យោបល់​អំពី​ដំណាំ​សក្តានុពល​សម្រាប់​រដូវ​បន្ទាប់​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា កត្តា​ទីតាំង​ភូមិ​សា​ស្ត្រ ធនធានមនុស្ស ទីផ្សារ​នាំ​ចេញ និង​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ បានធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​វិនិយោគ​លើ​គ្រប់​វិស័យ​។ បច្ចុប្បន្ន​ក្រៅពី​ការបណ្តាក់ទុន​ដ៏​ច្រើន​ពី​ក្រុម​​ហ៊ុន​បរទេស ក៏មាន​វិនិយោគិន​ក្នុងស្រុក​ជាច្រើន​បាន​បញ្ចេញ​ប្រា​ក់មក​វិនិយោគ​ដែរ​។

លោក​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ពី​ប្រទេស​ធំៗ ដែល​កម្ពុ​ជាមាន គឺ​កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​អ្វីដែល​កម្ពុជា​កំពុងមាន ខ្ញុំ​គិតថា​អត្រាកំណើន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​នឹង​កើន​បន្ថែមទៀត ពិសេស​នៅពេល​វិបត្តិ​នានា​ដែល​កំពុង​កើន​ពេលនេះ​បិទ​បញ្ចប់​ទៅវិញ​»​។​

​ក្នុង​វេទិកា​ធុរកិច្ច​មួយ​កាលពី​ថ្ងៃទី​ ១១ ខែសីហា លោក ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​លើកឡើងថា ទោះបី​ការបន្ត​អូសបន្លាយ​ពេល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន​នៅ​បន្ត ក៏​លំហូរ​វិនិយោគ​បរទេស​នៅ​កម្ពុជា នៅតែមាន​ស្ថិរ​ភាពល្អ​បើ​ធៀប​ប្រទេស​ក្នុង​តំបន់​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ហើយ​ថា ទោះបី​ក្នុង​វិបត្តិ​កូ​វីដ ​១៩ ភាព​តានតឹង​នៃ​ភូមិ​សាស្ត្រ​នយោបាយ និង​ភាព​តានតឹង​នៃ​ស្ថានភាព​ពាណិជ្ជ​​កម្ម​អាមេរិក និង​ប្រទេស​ចិន ក៏​លំហូរ​វិនិយោគ​បរទេស​នៅ​ប្រ​ទេស​កម្ពុ​ជាមាន​ស្ថិរភាព​គួរឱ្យកត់សម្គាល់​។ ជាក់ស្តែង​តួ​​លេខ​បង្ហាញថា​យើង​ទទួលបាន​លំហូរ​វិនិយោគ​បរទេស​ជិត ៤ ពាន់​លាន​ដុល្លារ​ ក្នុង ១ ​ឆ្នាំ​។ ឆ្នាំ ២០២០ ក្នុង​តំបន់​អាស៊ាន​មានការ​ធ្លាក់ចុះ​ដល់ ៤០ ភាគរយ ប៉ុន្តែ​យើង​នៅមាន​ស្ថិរភាព​ក្នុង​រង្វង់ ​៣,៦ ​ពាន់​លាន​ដុល្លារ​»​។​

​បើតាម​លោក ជា វុទ្ធី វិ​និ​យោ​គិ​នប​រទេស​ដែល​បណ្តាក់ទុន​នៅ​កម្ពុជា គឺមាន​មកពី​ប្រទេស​ជាច្រើន​ដូចជា ចិន​, ថៃ​, ជប៉ុន​, Cayman Islands, កូរ៉េ​ខាង​ត្បូង និង​អង់គ្លេស​ជាដើម​៕