​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ដែក​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Huale Steel (Cambodia) Co., Ltd ដែលមាន​ទុនវិនិយោគ ៤០ ​លាន​ដុល្លារ​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​វិស័យ​សំណង់​ដែល​កំពុង​បន្ត​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន​វិបត្តិ​សុខ​ភាព​សកល​។​

​កាល​ថ្ងៃទី​ ២០ ខែកញ្ញា CDC បានចេញ​សេចក្តីសម្រេច​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Huale Steel (Cambodia) Co.,Ltd ដែលមាន​ទុនវិនិយោគ ៤០​ លាន​ដុល្លារ និង​បង្កើត​ការ​ងារ​បាន ៥២៣ ​កន្លែង ដោយ​គម្រោង​នេះ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែកញ្ញា​ថា ការបើក​រោងចក្រ​ក្នុងស្រុក​នឹង​ផ្តល់​ផល​​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ ដូចជា ការបង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ ការកាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ពី​ក្រៅប្រទេស និង​ជាពិសេស​ជួយ​ធ្វើឱ្យ​ថ្លៃដើម​សម្រាប់​ការសាងសង់​ទាប​ជាង​មុន​។ លោក​បន្ថែមថា រោងចក្រ​ផលិត​ដែក​ក្នុងស្រុក​ក៏​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​រីក​កាន់តែ​លឿន​ផងដែរ​។​

​លោក ស៊ី​ផេង បាន​បញ្ជាក់ថា​៖«​ក្នុងនាម​វិស័យ​សាងសង់ យើង​ពិតជា​រីករាយ​ចំពោះ​ការ​បើក​រោងចក្រ​ខាងលើ ព្រោះ​តិច ឬ​ច្រើន​វា​នឹង​ជួយ​ឱ្យ​វិស័យ​សំ​ណង់​កម្ពុ​ជាមាន​ភាពរឹងមាំ​ជាង​មុន និង​មិន​ពឹងផ្អែក​ខ្លាំង​ទៅលើ​ផលិតផល​នាំចូល​ដូច​មុន​»​។​

​ទាក់ទង​នឹង​ស្ថានភាព​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ពេលនេះ លោក ស៊ីវ​ផេង ប្រាប់ថា សញ្ញា​វិជ្ជមាន​ចាប់ផ្តើម​មាន​វិញ​ជា​បណ្តើរៗ​ហើយ​។​

​អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​និយាយថា បន្ទាប់ពី​ហក់​ឡើង​ខ្លាំង​មួយរយៈ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​មកវិញ​យ៉ាងគំហុក​នៅពេល​ការមកដល់​របស់​ជំងឺ​កូ​វីដ​ ១៩ ដោយមាន​ការដ្ឋាន​សំណង់​ជាច្រើន​ត្រូវបាន​ផ្អាក​ដំណើរការ​។ ទោះយ៉ាងណា អ្វីៗ​បានចាប់ផ្តើម​ល្អ​ឡើងវិញ​ខ្លះៗ​ហើយ​ពេលនេះ​។ លោក​បន្តថា ចំពោះ​សម្ភារ​សំណង់ រួមទាំង​ដែក​ដែល​ប្រើប្រាស់​នៅក្នុង​វិស័យ​សំណង់​ពេលនេះ ភាគ​​ច្រើន​ត្រូវបាន​នាំចូល​ពី​ប្រទេស​​វៀតណាម ចិន និង​ថៃ​។​

​លោក​និយាយថា​៖ «​វត្តមាន​របស់​ផលិតផល​ក្នុងស្រុក នឹង​ជួយ​ធ្វើឱ្យ​ការពឹង​ផ្អែកទៅលើ​ផលិតផល​នាំចូល​កាត់បន្ថយ ហើយក៏​ជា​ជួយ​ឱ្យ​ការចំណាយ​លើ​ការសាងសង់​ថយចុះ​បន្តិច​ផងដែរ​»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​​ករ​កម្ពុជា ឱ្យដឹងថា រយៈពេល ៨ ​ខែ នៃ​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​បញ្ចេញ​ប្រាក់ ២៥៤,៣៧​ លាន​ដុល្លារ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប ​(​ជំពូក​ទំនិញ​លេខ​កូដ ៧២)​ កើនឡើង ៣,៩ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ដោយឡែក​ខែសីហា ឆ្នាំ​ ២០២៣ គឺ​ការនាំ​ចូល​ទំនិញ​លេខ​កូដ ៧២ មាន​ទឹកប្រាក់ ៣៨,៤២​ លាន​ដុល្លារ កើន ៣០,៣ ​ភាគរយ​ធៀប​នឹង​ខែសីហា ឆ្នាំ ​២០២២៕