
ជំនួបរវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានពិភាក្សាគ្នា ក្នុងការផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា សម្រាប់លំហូរទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំង២។
ការផ្តួចផ្តើមគំនិតនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ស្តីពីជំនួបនេះបានឱ្យដឹងថា ភាគីទាំង២បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគ របស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសការផ្តួចផ្តើមគំនិតឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា, ការឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដែល តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំង២ឱ្យកាន់តែច្រើន។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល លោក សុខ សូកេន អរគុណចំពោះស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន០៣ រួមមាន ១ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍ ២ ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ និង៣ ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។
ជាមួយគ្នានោះដែរ លោកស្រី Devyani Khobragade បានលើកឡើងពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំង២ក្នុងគោលដៅជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
លោកជំទាវអគ្គរដ្ឋទូត ក៏បានកោតសរសើរកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌ ពិសេសការដាក់បញ្ចូលប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សូមជម្រាបថា ឆ្នាំ២០២៣នេះ ជាខួបលើកទី៧១ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌា ហើយថ្នាក់នាំទាំង២បានប្ដេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម-វប្បធម៌-សេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕