ភ្នំពេញៈ បើទោះបីចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជាមួយនឹងបណ្តាប្រទេសមួយចំនួនធ្លាក់ចុះ ប៉ុន្តែសម្រាប់ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា នៅតែបង្ហាញភាពវិជ្ជមានដដែល ដោយរយៈពេល ៨ ខែ ដើមឆ្នាំ២០២៣ សម្រេចបានជិត ៣០៧ លានដុល្លារកើនជិត ៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះទំនិញកម្ពុជា នាំទៅឥណ្ឌា កើនឡើងជិត ៤០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ GDCE ឱ្យដឹងថា ពីខែមករា-ខែសីហា ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣០៦,៩២ លានដុល្លារ កើនឡើង ៦,៦ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមាន ២៨៧,៧៨ លានដុល្លារ នៅក្នុងនោះទំនិញកម្ពុជានាំទៅឥណ្ឌា មានចំនួន ១៦១,៣៥ លានដុល្លារ កើន៣៨,៧ភាគរយ និងទំនិញនាំពីឥណ្ឌា មកកម្ពុជា ១៤៥,៥៧ លានដុល្លារ ធ្លាក់ ១៥,១ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពប្រមាណ ១៥,៧៨ លានដុល្លារ។ ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី១៩ របស់កម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាយុកាលដ៏យូរអង្វែងនៃទំនាក់ទំនងវប្បធម៌ប្រពៃណី ការទូត និងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា បានធ្វើឱ្យចរន្តនាំការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។ កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា ភាគច្រើនបានមកពីផលិតផលកសិកម្ម។ លោកបន្តថា ដោយសារបច្ចុប្បន្នសមត្ថភាពផលិតប្រទេសទាំង ២ កំពុងកើនឡើងដូចគ្នា ដូច្នេះនៅពេលវិបត្តិអន្តរជាតិនានាដែលកំពុងកើតមានពេលនេះបញ្ចប់ គឺសម្ទុះនៃការផ្លាស់ប្តូរទំនិញប្រទេសទាំង ២ ប្រាកដជានឹងហក់ឡើងបន្ថែមទៀត។
លោកអះអាងថា៖«ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនទៀតនៅពេលខាងមុខ។ ឥណ្ឌា ជាប្រទេសធំ និងមានប្រជាជនច្រើនជាងគេលើពិភពលោក ដូច្នេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតដើម្បីជំរុញការនាំចេញទំនិញរបស់ខ្លួនឱ្យបានកាន់តែច្រើន»។
យោងតាមគេហទំព័រ worldometers.info បច្ចុប្បន្ននេះឥណ្ឌា ជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក គឺចំនួន ១ ៤២៨,៦៣ លាននាក់ នាំមុខប្រទេសចិន ដែលមាន
១ ៤២៥,៦៧ លាននាក់។
ទំនិញដែលកម្ពុជានាំទៅប្រទេសឥណ្ឌា រួមមាន ផលិតផលវាយនភណ្ឌ និងកសិកម្ម ចំណែកទំនិញនាំចូលពីប្រទេសឥណ្ឌា មានដូចជា ផលិតផលបច្ចេកវិទ្យា សម្ភារវេជ្ជសាស្រ្តឱសថ ជាដើម។ ក្រៅពីការនាំចេញនាំចូលទំនិញ ប្រទេសទាំង ២ ក៏មានភ្ញៀវទេសចរធ្វើដំណើរទៅវិញទៅមកច្រើនផងដែរជារៀងរាល់ឆ្នាំ។ នេះបើយោងតាមលោក លឹម ហេង។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មានឥណ្ឌា ANI កាលពីថ្ងៃទី២៦ ខែសីហា ថា ទំនាក់ទំនងការទូតឥណ្ឌា-កម្ពុជា បានឈានដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ លោកសង្ឃឹមថា ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជានឹងអាចចាប់ផ្តើមនៅដើមឆ្នាំ២០២៤។
លោក កុយ គួង ត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖«ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នៅពេលនេះបានឈានដល់កម្រិតថ្មីមួយ ជាពិសេសនៅពេលដែលប្រទេសទាំង ២ ប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតប្រទេសទាំង២»។
លោកថ្លែងថា៖«ឥណ្ឌា មានជើងហោះហើរត្រង់ពីឥណ្ឌាទៅកាន់សមាជិកអាស៊ាន ៩ ផ្សេងទៀតលើកលែងកម្ពុជា។ ដូច្នេះនៅពេលអនាគតដ៏ខ្លីខាងមុខ យ៉ាងហោចណាស់នៅដើមឆ្នាំ២០២៤ ឥណ្ឌានឹងបើកលទ្ធ-ភាពការហោះហើរត្រង់ពីទីក្រុងញូវដែលី មកប្រទេសកម្ពុជា។ ដូច្នេះយើងសង្ឃឹមថា នៅដើមឆ្នាំក្រោយអាចនឹងមានជើងហោះហើរត្រង់។ ដូច្នេះ វានឹងងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំង២ ក្នុងការធ្វើដំណើរក្នុងនាមជាភ្ញៀវទេសចរ ឬវិនិយោគិន»។
ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៤០លានដុល្លារ កើន ៤១,៣៧ភាគរយបើធៀបនឹងឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅឥណ្ឌា ចំនួន ១៩៦,៦៣លានដុល្លារ កើន ៥៦ភាគរយ និងឥណ្ឌានាំមកវិញ ២៤៣,៣៧លានដុល្លារ កើន ៣១,៤ភាគរយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕