គ្រឹះស្ថានឯកជនចំនួន ៣ បានសហការគ្នាផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញវត្ថុសម្រាប់ការពង្រីកអាជីវកម្ម និងនិរន្តរភាពរបស់ពួកគេ ស្របពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនៃសេដ្ឋកិច្ចសកល។
កាលពីថ្ងៃទី២២ ខែសីហា ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងធនាគារវីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានកម្ចីដែលមានការធានា សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា។ នេះបើយោងតាម CGCC។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យកណ្ដាលធនាគារវីង នឹងត្រូវបានចូលរួមចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងលោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារវីង។កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ការគាំទ្រដល់សមាជិក-សមាជិកា FASMEC ក្នុងការទទួលហិរញ្ញប្បទាន ចាំបាច់ ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា តាមរយៈការធានាឥណទាន និងជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ ជូនដល់សមាជិក-សមាជិការបស់ FASMEC នៅទូទាំងប្រទេស»។ នេះបើយោងតាមសេចក្ដីជូនដំណឹង។
សេចក្ដីជូនដំណឹងបានបន្ថែមថា៖ «ភាពជាដៃគូរវាង CGCC, FASMEC, និងធនាគារវីង នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំង៣ នឹងរួមគ្នាសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស»។
លោក តែ តាំងប៉ ប្រធាន FASMEC បានឱ្យដឹងថាកិច្ចសហការនេះគឺជាជំហានមួយដ៏សំខាន់ និងការគាំទ្រដ៏ល្អសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងប្រឈមកង្វះទ្រព្យធានា ដើម្បីទទួលបានលទ្ធភាពទទួលបានហិរញ្ញវត្ថុបន្ថែមទៀតដើម្បីគាំទ្រអាជីវកម្មរបស់ពួកគេ។
លោកថ្លែងថា៖ «យើងពិតជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនឹងធនាគារវីង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ព្រោះវាជាការផ្តល់ឱកាសដល់សហគ្រាសធុនតូចនិងមធ្យមដែលជាសមាជិក-សមាជិការរបស់ FASMEC ដែលកំពុងតែមានបញ្ហាប្រឈមកង្វះទ្រព្យធានា អាចទទួលបានហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យបានកាន់តែរីកចម្រើន»។
លោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារវីង បានថ្លែងថា៖ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC ដោយធនាគារលោកមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន។
លោកលើកឡើងថា៖ «តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលភាពទាំងមូលនៅក្នុងប្រទេសកម្ពុជា»។
លោក Wong Keet Loong អគ្គនាយក CGCC បានឱ្យដឹងថាក្នុងនាមជាដៃគូជាមួយធនាគារ Wing និង FASMEC នឹងគាំទ្រដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់ FASMEC ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាមួយធនាគារ Wing ដែលគាំទ្រដោយការធានាពី CGCC។
លោកបញ្ជាក់ថា៖ «យើងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឱ្យCGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើងខ្ញុំ ជាពិសេសការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ CGCC ដើម្បីជំរុញការអភិវឌ្ឍរបស់ SMEs»។
CGCC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ហើយផែនការធានាការស្ទុះងើបឡើងរបស់អាជីវកម្ម (BRGS) ចំនួន ២០០លានដុល្លាររបស់ខ្លួនត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងពង្រីកលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួម (PFI) សម្រាប់ទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។
សហគ្រាសមួយនេះបានប្រកាសថាខ្លួនបានចេញលិខិតធានា (LG) សរុបចំនួន ១ ២៧៥ សម្រាប់ប្រាក់កម្ចីដែលមានតម្លៃ ១១៣,៦ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែមីនា កើនឡើង ៨ ភាគរយធៀបនឹងចុងខែកុម្ភៈ និងកើនឡើង ២៥៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើគិតពីតម្លៃ។ MSMEs មានចំនួន ១ ១៧៣ ឬ ៩២ភាគរយនៃ LGs។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ចំនួនទឹកប្រាក់ដែលបានធានាមានចំនួន ៦៥,៤ លានដុល្លារ ក្នុងចំណោមប្រាក់កម្ចីចំនួន ៩០,៧ លានដុល្លារដែលធានាដោយ LGs ដូចដែលបានកត់សម្គាល់ដោយ CGCC ដែលនៅសេសសល់ចំនួនកំណត់ពី៧០ ទៅ ៨០ ភាគរយត្រឹមតែជាង ៧២ ភាគរយប៉ុណ្ណោះ៕