ភ្នំពេញៈ លោកស្រី Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសកំពុងតែស្វែងរកការពង្រីកពាណិជ្ជកម្ម និងការវិនិយោគបន្ថែមជាមួយប្រទេសកម្ពុជា ខណៈប្រទេសទាំង ២ កំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។
លោកស្រី Heather Wheeler សមាជិកសភាប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៤ ថ្ងៃទី ២៦ ខែកញ្ញា ខណៈលោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន និងក្រុមធុរកិច្ចអង់គ្លេស និងកម្ពុជា ដើម្បីស្វែងរកឱកាសពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាដែលបានផ្លាស់ប្តូរពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC)។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២២ ខែកញ្ញា។
លោកស្រី Heather Wheeler បានឱ្យដឹងថា លោកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង កាលពីឆ្នាំ ២០២០ ក្នុងឋានៈជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៅការិយាល័យបរទេស Commonwealth និងអភិវឌ្ឍន៍ ខណៈលោកស្រីក៏បានកត់សម្គាល់ពីភាពប្រសើរឡើងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកស្រីថ្លែងថា៖ «វាពិតជាអស្ចារ្យណាស់ក្នុងការត្រឡប់មកវិញក្នុងតួនាទីថ្មីរបស់ខ្ញុំក្នុងនាមជាប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាមួយកម្ពុជា។ ឆ្នាំនេះជាឆ្នាំដ៏រំភើបមួយសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេស និងកម្ពុជា»។
លោកស្រីបន្តថា៖ «នៅពេលយើងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីៗជាច្រើនដែលនឹងបង្កើនអាជីវកម្មក្នុងទិសដៅទាំង ២ គាំទ្រការងារ និងការរីកចម្រើននៅក្នុងប្រទេសរបស់យើងទាំង ២»។
លោកស្រីលើកឡើងថា៖ «យើងចាប់ផ្តើមធ្វើវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នារបស់យើង ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអាទិភាពក្នុងនាមជាផ្នែកមួយនៃការងារដៃគូវិនិយោគអន្តរជាតិរបស់ចក្រភពអង់គ្លេស ហើយកំពុងលើកទឹកចិត្តក្រុមហ៊ុនផលិតចេញពីកម្ពុជាឱ្យកាន់តែច្រើនដើម្បីនាំចេញទៅចក្រភពអង់គ្លេស»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២២ បានស្ទុះងើបឡើងវិញដល់កម្រិតមុនការរីករាលដាលជំងឺកូវីដ ១៩ ដែលមានជាង ១ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសភាគច្រើនរួមមានសម្លៀកបំពាក់ ស្បែកជើង
និងកង់។ ប្រទេសកម្ពុជា មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រព័ន្ធអនុគ្រោះពន្ធដ៏ទូលំទូលាយ ស្ថិតក្រោមផែនការពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ដែលទើបនឹងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេស។ ការណ៍នេះផ្តល់ឱ្យកម្ពុជានូវការរួចពន្ធ និងមិនគិតកូតាអាចចូលទៅទីផ្សារចក្រភពអង់គ្លេសសម្រាប់ផលិតផល ៩៩ ភាគរយ។
បើយោងតាមអគ្គនាយកដ្ឋានគយ (GDCE) ទំហំនៃការជួញដូររវាងកម្ពុជា និងចក្រភពអង់គ្លេសបានកើនដល់ ៣១៥ លានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២៣ ធ្លាក់ចុះ ១២,៦២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាសេដ្ឋកិច្ចកម្ពុជា បានចាត់ទុកការធ្លាក់ចុះពាណិជ្ជកម្មជាមួយអតីតរដ្ឋសមាជិកសហភាពអឺរ៉ុបមួយនេះ ជាពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារតែភាពចលាចលនៃសេដ្ឋកិច្ចពិភពលោក ដែលបានចាប់ផ្តើមក្នុងឆមាសទី២ ឆ្នាំ ២០២២ ភាគច្រើនបណ្ដាលមកពីជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ លោកបានកត់សម្គាល់ថា ពាណិជ្ជកម្មអន្តរជាតិមានការធ្លាក់ចុះស្ទើរគ្រប់ទីកន្លែង ជាពិសេសចំពោះទំនិញមិនមែនអាហារ៕