អនុលោមតាមព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងព្រះរាជក្រមលេខនស/រកម/០១២១/០០៣ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបញ្ញតិ្តបង្កើតនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយផ្តល់មុខងារក្នុងការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលថ្មីៗនេះ ន.ម.ក. បានពិនិត្យឃើញមានជនទុច្ចរិតមួយចំនួនបាន និងកំពុងបន្តផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រហ្វេសប៊ុក និងបណ្តាញតេឡេក្រាមក្នុងគោលបំណងកៀរគរសាធារណជនឱ្យដាក់ប្រាក់ដើម្បីចូលជាសមាជិក ឬចូលរួមវិនិយោគនៅក្នុងគម្រោងវិនិយោគផ្សេងៗ ដោយសន្យាថា នឹងផ្តល់ប្រាក់ចំណេញខ្ពស់ ជាមួយនឹងហានិភ័យយ៉ាងទាបបំផុតទៅឱ្យអ្នកដាក់ប្រាក់ ឬអ្នកវិនិយោគ ដែលផ្ទុយស្រឡះពីទ្រឹស្តីវិនិយោគ ដែលបានកំណត់ថា «ប្រាក់ចំណេញកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់»។
ការប្រមូលប្រាក់ពីសាធារណជន យកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ និងច្បាស់លាស់ហើយប្រាក់ចំណេញពីគម្រោងវិនិយោគនេះបែងចែកជូនអ្នកដាក់ប្រាក់វិនិយោគវិញ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវតែទទួលបានអាជ្ញាប័ណ្ណជាមុនពី ន.ម.ក.។ ដោយឡែកការប្រមូលប្រាក់ពីសាធារណជនដោយអះអាងថា ជាការដាក់ទុនវិនិយោគ ជាមួយនឹងការសន្យាថានឹងផ្តល់ប្រាក់ចំណេញ និង /ឬផលប្រយោជន៍មកវិញក្នុងអត្រាខ្ពស់ខុសពីធម្មតា តែមិនបានបញ្ជាក់ថា នឹងយកប្រាក់ដែលប្រមូលបានទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ ឬពិតប្រាកដនោះ គឺមិនអាចត្រូវចាត់ទុកថា ជាគម្រោងវិនិយោគពិតប្រាកដនោះទេ ប៉ុន្តែនេះគឺជាសញ្ញាបង្ហាញថា ជាគម្រោងវិនិយោគបោកប្រាស់ទៅវិញ។
ជាក់ស្ដែងនាពេលកន្លងមក ដូចករណី Telexfree, EBC និង Enarita សុទ្ធតែជាគម្រោងវិនិយោគឆបោកដោយបានកៀរគរឱ្យសាធារណជនដាក់ប្រាក់ចូលជាសមាជិក និង/ឬវិនិយោគ ដោយផ្តល់នូវប្រាក់ចំណេញខ្ពស់ ព្រមទាំងផ្តល់រង្វាន់សម្រាប់ការណែនាំអតិថិជនថ្មីៗបន្ថែមផងដែរ ដែលការពិតមិនមានគម្រោងវិនិយោគទេ ដោយគ្រាន់តែជាការប្រមូលប្រាក់ពីអ្នកវិនិយោគថ្មី ដើម្បីបែងចែកទៅឱ្យអ្នកវិនិយោគមុនៗ តាមការសន្យា ហើយគម្រោងនេះនឹងដួលរលំ នៅពេលដែលពុំមានអ្នកដាក់ប្រាក់ថ្មីបន្តទៀត ហើយសមាជិកដែលបានដាក់ប្រាក់នឹងក្លាយជាជនរងគ្រោះដោយប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុងតែម្តង។
ដូចនេះ ក្នុងទិសដៅការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណជន ជាពិសេសដើម្បីចៀសវាងពីការបោកប្រាស់របស់ជនខិលខូចក្រោម រូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើអាជីវកម្មគម្រោងវិនិយោគរួម ន.ម.ក. បានអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពី ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម។
ដើម្បីការពារខ្លួនពីគម្រោងខុសច្បាប់មុននឹងសម្រេចចិត្តវិនិយោគក្នុងគម្រោងណាមួយ សូមពិនិត្យ និងស្វែងយល់ពីចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. សិក្សាស្វែងយល់អំពីប្រវត្តិរបស់ក្រុមហ៊ុន ឬបុគ្គលទាំងនេះឱ្យលម្អិតជាមុន ដូចជាផែនការអាជីវកម្ម ឬផែនការវិនិយោគ។
២. ព្យាយាមសាកសួរព័ត៌មានលម្អិតអំពីក្រុមហ៊ុន (គម្រោងអាជីវកម្ម, គម្រោងការវិនិយោគ)។
៣. ស្វែងរកក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ពី ន.ម.ក. តាមរយៈគេហទំព័រ https://www.serc.gov.kh/khmer/index.php។
៤. តាមដានតេឡេក្រាម និងហ្វេសប៊ុក ផ្លូវការរបស់ ន.ម.ក. ដែល ន.ម.ក. បង្កើតបន្ថែមលើយន្តការដែលមានស្រាប់ សម្រាប់ផ្សព្វផ្សាយ និងជូនដំណឹងដល់សាធារណជន អំពីហានិភ័យនៃការវិនិយោគ ឬគម្រោងខុសច្បាប់។
៥. ចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានាដែលរៀបចំដោយ ន.ម.ក. ដើម្បីស្វែងយល់ និងបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យមូលបត្រ។
ន.ម.ក. សូមប្រកាសថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាទុច្ចរិតប្រមូលប្រាក់ពីសាធារណជនដោយខុសច្បាប់។ ជាមួយគ្នានេះ ន.ម.ក. បាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមានចំពោះអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលដែលល្មើសច្បាប់ទាំងនោះ។
ករណីសាធារណជនបានទទួលដំណឹងពីករណីទាំងនេះ សូមផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានមក ន.ម.ក.តាមរយៈសារអេឡិចត្រូនិក INFO@SERC.GOV.KH/ investigation@serc.gov.kh ឬនៅទីស្តីការ ន.ម.ក.ដែលមានទីតាំងនៅអគារអាជ្ញាធរ
សេវាហិរញ្ញវត្ថុមិនមែនធនាគារ៕
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានកិច្ចការគតិយុត្ត
Email: Legal@serc.gov.kh
Telephone: 023 885 611