
លោកហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោកនិក ឡាហ្គូណូវិច (Nick Lagunowich) កាលពីថ្ងៃទី២៣កញ្ញា។ រូបថត តេឡេក្រាមលោកហ៊ុន ម៉ាណែត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ ១ រូប នៃក្រុមហ៊ុន Pfizer បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុននេះនឹងបន្តទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនានានៅកម្ពុជា ខណៈដែលថ្នាក់ដឹកនាំកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ការលើកឡើងរបស់ភាគីទាំង២ បានធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកនិក ឡាហ្គូណូវិច (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនPfizer និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
យោងតាមខ្លឹមសារនៃជំនួបដែលបានផ្សព្វផ្សាយតាមបណ្តាញតេឡេក្រាមលោកហ៊ុន ម៉ាណែតនៅថ្ងៃទី២៥ ខែកញ្ញា លោក និក ឡាហ្គូណូវិច បានថ្លែងប្រាប់លោក ហ៊ុនម៉ាណែតពីវត្ថុបំណងរបស់ក្រុមហ៊ុនPfizerដែលចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
ខ្លឹមសារដដែលបានបន្តថាក្រុមហ៊ុនPfizer បានពិនិត្យ និងតាមដានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយយកចិត្តទុកដាក់និងបានស្វែងយល់ថាក្រុមហ៊ុនPfizerអាចបំពេញបាននូវការងារមួយចំនួនជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសនៅក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។
នាឱកាសនោះដែរ លោក ហ៊ុន ម៉ាណែតក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនPfizer ស្ដីពីកិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World)។
កិច្ចព្រមព្រៀងនេះ មានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅលើសកលលោក។
លោក ហ៊ុន ម៉ាណែតបានរំលេចថា៖ «អ្វីដែលក្រុមហ៊ុនចង់បំពេញការងារបន្ថែមនៅកម្ពុជា មានភាពឆ្លើយតបច្រើនទៅនឹងវិធានការគន្លឹះដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៤ខែសីហា កន្លងទៅជាពិសេសពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន»។
លោកក៏បានបន្ថែមថា នៅក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមការយកចិត្តទុកដាក់ដ៏សំខាន់មួយគឺការផ្គត់ផ្គង់ឱសថសម្ភារបរិក្ខារពេទ្យនិងការបំពាក់ឧបករណ៍ពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរលើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈនិងវិស័យឯកជនដើម្បីឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។
ក្នុងន័យនេះលោក ហ៊ុន ម៉ាណែតក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនPfizerបន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជាផងដែរ។
បើយោងតាមបណ្តាញតេឡេក្រាមរបស់លោកហ៊ុន ម៉ាណែត នាជំនួបនោះ ក្នុងនាមក្រុមហ៊ុន Pfizer លោក និក ឡាហ្គូណូវិច បានលើកឡើថា ក្រុមហ៊ុនPfizerនឹងបន្តទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនានានៅកម្ពុជា។
ទាក់ទងនឹងសុខភាពនេះដែរកាលពីថ្ងៃទី២១ខែកញ្ញាកន្លងទៅនៅទីក្រុងញូវយ៉ក លោកអ៊ុចបូររិទ្ធ ទេសរដ្ឋមន្រ្តី បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រងសុខភាពជាសកល៖ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ១៩»។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការធានារ៉ាប់រងសុខភាពជាសកលដែលជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍដោយចីរភាព។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងការបរទេសលោកបញ្ជាក់ថា៖ «កម្ពុជាមានយន្តការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលយន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នានិងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋមដោយធានាថា ៨០% នៃប្រជាជនទាំងអស់ ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥គីឡូម៉ែត្រ»។
លោកថា គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជា មានមណ្ឌលសុខភាពចំនួន១ ១៣៦ និងមន្ទីរពេទ្យចំនួន ១២២។
លោកអ៊ុច បូររិទ្ធបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធនានាដើម្បីឈានទៅរកគោលដៅសុខភាពជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ១៩។
លោកបញ្ជាក់ថា៖ «សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយប្រកបដោយភាពស្មើភាពនិងវិបុលភាពជាងមុន»៕