ភ្នំពេញៈ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងបន្តការងារសិក្សាពីនីតិវិធី និងលក្ខខណ្ឌនានា ក្នុងការនាំចេញផលិផលកសិកម្មដែលកែច្នៃរួចទៅកាន់ទីផ្សារសហរដ្ឋអាមេរិកហើយនិងការពិនិត្យមើលទីតាំង សម្រាប់ការរៀបចំការតាំងពិព័រណ៍នៅក្នុងទីក្រុងឡុងប៊ិចនាខែវិច្ឆិកាខាងមុខ។
លោក ហ៊ុន ឡាក់ សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា គណៈប្រតិភូសភាពាណិជ្ជកម្ម មិនទាន់បានវិលត្រឡប់មកកាន់កម្ពុជា វិញជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទេដោយត្រូវបន្តនៅសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃទៀត ដើម្បីធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីគោលការណ៍ និងនីតិវិធីនានាក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់សហរដ្ឋអាមេរិក ខណៈដែលកន្លងទៅកម្ពុជានាំចេញភាគច្រើនទៅអាមេរិកជាផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាដើម។
លោកបញ្ជាក់ថា៖«យើងនៅបន្ត ដើម្បីពិភាក្សាការងារមួយចំនួនទៀតជាមួយខាងវិនិយោគិនអាមេរិក ព្រោះយើងមានបំណងក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់អាមេរិកដូចនេះយើងត្រូវសិក្សាពីលក្ខខណ្ឌ និងនីតិវិធីមួយចំនួន ធ្វើយ៉ាងណាដើម្បីឱ្យយើងអាចនាំចេញផលិតផលកែច្នៃរបស់យើងមកទីផ្សារមួយនេះបាន»។
លោកបានបន្តថា ក្រៅពីការសិក្សាពីនីតិវិធី និងទីផ្សារហើយ ដោយមានការសម្របសម្រួលពីសហគមន៍ខ្មែរប្រចាំទីក្រុងឡុងប៊ិច និងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នឹងមានការពិនិត្យមើលទីតាំង សម្រាប់ការរៀបចំការតាំងពិព័រណ៍ និងជំនួបពាណិជ្ជកម្មនៅក្នុងទីក្រុងឡុងប៊ិច នាខែវិច្ឆិកាខាងមុខ។
លោក ហ៊ុន ឡាក់បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងជំនួបពាណិជ្ជកម្ម និងការតាំងពិព័រណ៍ នៅទីក្រុងឡុងប៊ិច នាខែវិច្ឆិកា ឆ្នាំ២០-២៣ ខាងមុខនេះខាងវិនិយោគិនអាមេរិក គេចង់ឱ្យយើងដាក់តាំងផលិតផលកែច្នៃរួចរបស់កម្ពុជា ដែលមានសក្តានុពលនៅក្នុងព្រឹត្តិការណ៍ ដើម្បីគេអាចស្វែងយល់បន្ថែមមុននឹងមានកិច្ចសហការជាមួយគ្នា»។
ទាក់ទិននឹងការទាក់ទាញអ្នកវិនិយោគអាមេរិកមកកម្ពុជាវិញ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយលោកបានបញ្ជាក់ថា នៅពេលដែលមានទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ លោកនាយករដ្ឋមន្រ្តី តែងតែរកផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា នៅក្នុងនោះនាវេទិកាធុរកិច្ចកម្ពុជា និងអាមេរិក នាពេលថ្មីៗនេះ គឺមានគោលដៅបន្តបញ្ចុះបញ្ចូលធុរជនអាមេរិក វិនិយោគិន ឱ្យមកបន្តដាក់ទុនវិនិយោគនៅកម្ពុជា។
លោកហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងដូច្នេះថា៖«ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយមានក្រុមហ៊ុនអាមេរិកមួយចំនួន កំពុងតែរកស៊ីនៅប្រទេសកម្ពុជា ដូចជា Ford , Coca Cola, ក្រុមហ៊ុន General Electric ជាដើម ប៉ុន្តែមានចំនួនតិចនៅឡើយ។ ម៉្លោះហើយ សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តបញ្ចុះបញ្ចូលធុរជនអាមេរិក វិនិយោគិន ឱ្យមកបន្តដាក់ទុនវិនិយោគនៅកម្ពុជា»។
លោកបានបន្តថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងកាន់តែល្អប្រសើរឡើងថែមទៀត ប្រសិនណាកម្ពុជា និងអាមេរិក មានផលប្រយោជន៍រួមកាន់តែធំ និងកាន់តែច្រើន ទោះជាផលប្រយោជន៍រួមសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ឬភូមិសាស្រ្តនយោបាយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាវេទិកាធុរកិច្ចកម្ពុជា និងអាមេរិក បានថ្លែងថា ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជាពិសេសលើកត្តាសំខាន់ៗចំនួន៦ រួមមាន៖ ១.ការកែលម្អនីតិវិធីរដ្ឋបាល, ២. ការកាត់បន្ថយបន្ទុកចំណាយលើការដឹកជញ្ជូន និងឡូជីស្ទិក,៣.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ និងស្ពាន កំពង់ផែ អាកាសយានដ្ឋាន ផ្លូវអយស្ម័យយាន និងការផ្គត់ផ្គង់អគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការសម្រួលពាណិជ្ជកម្ម។
ទី៤ ការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដែលនេះគឺជាកិច្ចការសំខាន់ ព្រោះធនធានមនុស្សគឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួមចំណែកក្នុងដំណើរវិវឌ្ឍន៍របស់កម្ពុជា,៥.ការកែលម្អអភិបាលកិច្ចល្អ និង៦.ការដាក់ចេញឱ្យអនុវត្តច្បាប់វិនិយោគបើកចំហ និងទំនើប ដែលច្បាប់នេះ នឹងផ្តល់ការលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគប្រកបដោយគុណភាព និងវិស័យអាទិភាពមួយចំនួនដូចជា បច្ចេកវិទ្យា រថយន្តអេឡិចត្រូនិក ថាមពលបៃតង និងសុខាភិបាលជាដើម។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយសហរដ្ឋអាមេរិកសម្រេចបានក្នុងទឹកប្រាក់ ៦ ២៧២លានដុល្លារ ថយចុះ៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕